ចេះតែថប់ទ្រូង ពិបាកដកដង្ហើម​ស្ទើរគាំងបេះដូង ដោយសារតែ​ឃាតកឈាមត្រជាក់នេះ

យុវជន​ម្នាក់​បាន​ចែក​រំលែក​បទពិសោធន៍​ដែល​ទទួល​បាន​ពី​ការ​កើត​ជំងឺ​ដុះ​សាច់​បំពង់​ក​ដ៏​គ្រោះ​ថ្នាក់​ស្ទើរ​តែ​បាត់​បង់​ជីវិត ប្រសិន​បើ​មិន​ទៅ​រកសេវា​ព្យាបាល​ទាន់​ពេល​វេលា។

​បន្ទាប់​ពី​វះកាត់​ដោយ​ជោគជ័យ ​បុរស​ម្នាក់​នេះ​សរសេរ​រៀប​រាប់​នៅ​លើ​គណនី​ហ្វេសប៊ុក​​ឈ្មោះ Jako Jupiite របស់​ខ្លួន​ដោយ​មាន​អ្នក​ចែក​រំលែក​បន្ត​រាប់​ពាន់​ដង​ត្រឹម​រយៈ​ពេល​តែ​ប៉ុន្មាន​ម៉ោង។ «តើ​អ្នក​ធ្លាប់​បាន​ដឹង​អំពី​ជំងឺ​ដុះ​សាច់​បំពង់ក​ទេ​? ​ស្ដាប់​មើលទៅ​វា​ដូចជា​ជំងឺ​ធម្មតា​មួយ​ប៉ុណ្ណោះ ប៉ុន្តែ​បើសិនជា​អ្នក​មិន​បាន​យកចិត្តទុកដាក់​ព្យាបាល​វា​ទេ ថ្ងៃ​ណា​មួយ​វា​នឹង​អាច​ក្លាយជា​ឃាតករ​សម្លាប់​អ្នក​ដោយ​ឈាម​ត្រជាក់​បំផុត​ ខណៈ​ពេល​ដែល​អ្នក​កំពុងតែ​លង់លក់​ក្នុង​ដំណេក។ ​ជំងឺ​នេះ​បាន​កើត​លើ​ខ្ញុំ​ប្រហែល​ជា ៤​ឆ្នាំ​មក​ហើយ ​អាការៈ​របស់​វា​ដែល​កើត​លើ​ខ្ញុំ​មាន​ដូចជា៖​

ដំបូង​សាច់​ត្រង់​បំពង់​ក​នេះ​ចាប់ផ្ដើម​រីក​ធំ​ខុស​ធម្មតា។ ​ខ្ញុំ​មិន​អាច​ទ្រាំទ្រ​នឹង​អាកាសធាតុ​ត្រជាក់​បាន​នោះ​ទេ ដូចជា មិន​អាច​ងូតទឹក​ត្រជាក់ ឬ​នៅក្នុង​បន្ទប់​ម៉ាស៊ីនត្រជាក់​រយៈពេល​យូរ។ នៅ​ពេល​ដែល​ខ្ញុំ​កើត​ជំងឺ​ផ្ដាសាយ​ម្ដងៗ​គឺ​ត្រូវ​ប្រើ​ពេល​ព្យាបាល​យូរ និង​ធ្ងន់ធ្ងរ​ជាង​អ្នក​ដ​ទៃ។ បន្ទាប់​មក​ខ្ញុំ​ចាប់ផ្ដើម​មាន​បញ្ហា​ជាមួយ​ដំណេក ពោល​ គឺ​ខ្ញុំ​មិន​ដែល​មាន​អារម្មណ៍​ថា​ ខ្លួនឯង​គេង​លក់​ស្កប់ស្កល់​នោះ​ទេ ទោះបីជា​ខ្ញុំ​ចំណាយ​ពេល​គេង​មួយថ្ងៃ ២៤​ម៉ោង​ក៏​ដោយ។

ខ្ញុំ​តែងតែ​ក្រោក​ឡើង​ក្នុង​សភាព​អស់កម្លាំង​រួម​ទាំង​មាន​ស្នាម​ខ្មៅ​ក្រោម​ភ្នែក​ផង​ដែរ ព្រោះ​ខណៈ​ពេល​ដែល​ខ្ញុំ​គេង​លក់​ខ្ញុំ​មិន​អាច​ដកដង្ហើម​បាន​ស្រួល​ដូចជា​មនុស្ស​ទូទៅ​ទេ។ ហើយ​ក្នុង​រយៈពេល​ចុងក្រោយ​នេះ ខ្ញុំ​ចាប់​ផ្ដើម​មាន​អារម្មណ៍​ថា​ថប់ៗ​នៅក្នុង​ទ្រូង ហើយ​ពិបាក​ក្នុង​ការដកដង្ហើម។ ​ទើប​ខ្ញុំ​សម្រេច​ចិត្ត​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ​ជនជាតិ​បារាំង​ជាច្រើន​នាក់​ មុន​នឹង​សម្រេច​ចិត្ត​ថា ​កាត់​សាច់​បំពង់​ក​នេះ។

​ជាក់ស្ដែង​លទ្ធផល​រោគវិនិច្ឆ័យ​ដែល​ខ្ញុំ​ទទួល​បាន​ពី​ពួកគាត់ គឺ​ខ្ញុំ​កំពុងតែ​ប្រឈម​នឹង​ការ​គាំងបេះដូង និង​ដាច់​ខ្យល់​ស្លាប់ ​នៅ​ពេល​ដែល​ខ្ញុំ​កំពុង​គេង​លក់​នៅ​ថ្ងៃ​ណាមួយ​ឆាប់ៗ​នេះ ព្រោះ​សាច់​បំពង់​ក​ខ្ញុំ​ដុះ​ស្ទើរតែ​ជិត​រន្ធ​ខ្យល់​ដកដង្ហើម​ទៅ​ហើយ​។ ​ខ្ញុំ​គ្រាន់តែ​ចង់​ចែករំលែក​បទពិសោធន៍ និង​ក្រើនរំលឹក​ដល់​អ្នក​រាល់គ្នា​ដែល​កំពុងតែ​ជួបប្រទះ​បញ្ហា​ដូច​ខ្ញុំ សូម​ទៅ​ស្វែងរក​ការ​ព្យាបាល​ពី​គ្រូពេទ្យ​ជំនាញ​ឲ្យបាន​ឆាប់​បំផុត មុន​នឹង​អ្វីៗ​ត្រូវ​បាន​ហួសពេល​»។

ចំណែក​ការ​ចុះ​ផ្សាយ​របស់​ទស្សនាវដ្ដី​សុខភាព​យើង លេខ​០០៤ ខែ​ឧសភា ឆ្នាំ​២០០៦ បាន​ជួប​សម្ភាស​ជាមួយ​លោក​វេជ្ជបណ្ឌិត សុខ សំអាត ជា​ប្រធាន​ផ្នែក​ព្យាបាល​ជម្ងឺ​ច្រមុះ​បំពង់ក ត្រចៀក នៃ​មន្ទីរពេទ្យ​ព្រះ​អង្គ​ឌួង បាន​បកស្រាយ​ចម្ងល់​យ៉ាង​លម្អិត​ដូច​ខាង​ក្រោម៖

សាច់​បំពង់ក ឬ​សាច់​អាមីដាល់ ជា​អ្វី​? ​សាច់​អាមីដាល់​ ជា​សរីរាង្គ​មួយ​ដែល​មាន​ទំហំ​ប៉ុន​កូនដៃ​ចំនួន​ពីរ​អម​ក្រឡើត​នៅ​ក្នុង​មាត់​។ សាច់​អាមីដាល់​នេះ មាន​តួនាទី សំខាន់​ណាស់​នៅ​ក្នុង​ការ​ទប់ទល់​រាល់​ការយ៊ាយី​ពី​សំណាក់ព​ពួក​មេរោគ​ផ្សេងៗ ដែល​បាន​ឆ្លងកាត់​តាម​បំពង់ក និង​រន្ធ​ច្រមុះ​។ សាច់ អាមីដាល់​នេះ​ក៏​មាន​ប្រយោជន៍​ផងដែរ សម្រាប់​ការពារ​នូវ​មេរោគ​ផ្សេងៗ​ដែល​ចូលមក​ក្នុង​ខ្លួន វា​មាន​ការទំនាក់ទំនង​គ្នា​តាំងពី​ច្រមុះ រហូត​ដល់​បំពង់ក​។ ជា​ធម្មជាតិ សាច់​អាមីដាល់​ច្រើន​តែ​រីក​មាឌ​នៅពេល​មាន​អាកាសធាតុ​ត្រជាក់ ដើម្បី​បន្ថយ​ខ្យល់​ត្រជាក់ និង​ការពារ ខ្យល់​ត្រជាក់​ពេក​ដែល​ចូលទៅ​ក្នុង​រាង្គ​កាយ​។​

​ជម្ងឺ​ដុះសាច់បំពង់ក​ជា​អ្វី​? ប្រជា​ពលរដ្ឋ​ខ្មែរ​ភាគច្រើន​តែងតែ​ធ្លាប់​ឮ​ពី​ជម្ងឺ​ដុះសាច់បំពង់ក​នេះ តែ​វា​ជា​ពាក្យ​ហៅ​របស់​ប្រជាពលរដ្ឋ​សាមញ្ញ​។ តាមពិត ទៅ​ជម្ងឺ​នេះ មិនមែន​ជា​ការ​ដុះ​សាច់​បន្ថែម​ថ្មី​នៅក្នុង​បំពង់ក​ដូចដែល​ពួក​គាត់​គិតស្មាន​នោះទេ វា​ជា​ការ​រលាក​រ៉ាំរ៉ៃ​នៃ​សាច់​អាមីដាល់ ដែល​មាន​ស្រាប់​នៅក្នុង​បំពង់ក​។​

​មូលហេតុ​ជម្ងឺ​រលាក​សាច់​អាមីដាល់​៖ តាមរយៈ​ការផ្លាស់ប្ដូរ​អាកាសធាតុ សាច់​អាមីដាល​ក៏​មាន​ការប្រែប្រួល​ខ្លះ​ដែរ​។ វា​រង​ការ​រលាក​ភាគច្រើន​មក​ពី​មជ្ឈដ្ឋាន​ជុំ វិញ​ដែល​មិនល្អ និង​អាច​ចម្លង​គ្នា​ពី​មនុស្ស​ម្នាក់​ទៅ​ម្នាក់ទៀត​តាមរយៈ​ខ្យល់​ដកដង្ហើម​បាន​។ បញ្ហា​ខ្វះ​អនាម័យ​មាត់​ធ្មេញ​នាំឱ្យ​មាន​ការ រលាក​មាត់ ច្រមុះ និង​បំពង់​ក​។ ក្នុងករណី​រាង្គ​កាយ​គ្មាន​ប្រព័ន្ធ​ការពារ ឬ​ប្រព័ន្ធ​ការពារ​ខ្សោយ ងាយ​បង្ក​ជម្ងឺ​ផ្សេងៗ និង​មាន​ការពិបាក ក្នុង​ការព្យាបាល​។​

ការ​រលាក​សាច់​អាមីដាល់​ដោយ​វីរុស៖ វីរុស​មាន​ច្រើន​ប្រភេទ ដែល​ភាគច្រើន​កើត​លើ​កូនក្មេង​(៦០%​ទៅ​៧៥%) និង មនុស្សពេញវ័យ​(៧៥%​ទៅ​៩៥%)​។ ការ​រលាក​សាច់​អាមីដាល់​ដោយ​បាក់តេរី ៖ វា​ច្រើន​កើត​នៅ​លើ​មនុស្ស​ជំទង់​ប្រហែល​១០ ទៅ​២៥% និង​លើ​កូន ក្មេង​ដែល​មាន​អាយុ​ចាប់ពី​៣​ឆ្នាំ​ឡើង​ទៅ​(២៥%​ទៅ​៤០%)​។​

​រោគសញ្ញា​ជម្ងឺ​រលាក​សាច់​អាមីដាល់​៖ ការ​រលាក​សាច់​អាមីដាល់​ស្ដែង​ចេញ​ជា​អាការរោគ​ជាច្រើន ដូចជា​ឈឺ​ក ស្ងួត​ក្រហាយ​បំពង់ក គ្រុន​ក្ដៅ ពិបាក​លេប​អាហារ ហើម​បំពង់ក ស្អក​ក ចេញ​កូនកណ្ដុរ​នៅ​គល់​ថ្គាម​ជាដើម​។ តែ​ការវិនិច្ឆ័យ​រោគ​បង្ហាញថា​តើ​វា​ជា​ប្រភេទ​ជម្ងឺ​រលាក​ស្រួចស្រាវ​រ៉ាំរ៉ៃ ឬ រលាក​ធ្ងន់ធ្ងរ​បានច្បាស់លាស់ ទាល់តែ​មាន​ការ​វិភាគ​លើ​រោគសញ្ញា និង​ការធ្វើ​តេស្ដ​ពី​សំណាក់​គ្រូពេទ្យ​ជំនាញ​។ ដោយ​មូលហេតុ​ចម្បង នៃ​ការ​រលាក​បណ្ដាលមកពី​មេរោគ​ពីរ​ប្រភេទ គឺ​ប្រភេទ​វីរុស និង​ប្រភេទ​បាក់តេរី ដូច្នេះ​រោគសញ្ញា​ក៏​មាន​លក្ខណៈ​ខុស​គ្នា​ដែរ​។​

ការ​រលាក​សាច់​អាមីដាល់​ដោយ​វិរុស៖ រោគសញ្ញា​ដំបូង គឺ​វា​ចាប់ផ្ដើម​ដោយ​សន្សឹមៗ មាន​អាការ ដូចជា​ហូរ​សម្បោរ ក្អក ឈឺ​សាច់ដុំ ឈឺ​បំពង់ក រលាក​ភ្នែក និង ពងបែក​ក្នុង​មាត់​ជាដើម​។ អាការ​ហូរ​សម្បោរ​ខ្លះ​អាច​ជា​អា​ការធម្មតា​មិនមែន​ជា​អាការ ជម្ងឺ​ទេ​។​

ការ​រលាក​សាច់​អាមីដាល់​ដោយ​បាក់តេរី៖ វា​មាន​អាការ ដូចជា​ឈឺ​ក​ខ្លាំង គ្រុនក្ដៅ​ខ្លាំង ហូរ​សម្បោរ​ច្រើន និង​មាន​លេច ចេញ​នូវ​កូនកណ្ដុរ​នៅ​ផ្នែក​បំពង់​ក​ដែល​មាន​អាការ​ឈឺ​ខ្លាំង​ជាង​ធម្មតា​ជាដើម​។​

​ពេល​អាការ​រលាក​ឈាន​ដល់​ដំណាក់កាល​ធ្ងន់ធ្ងរ វា​អាច​នឹង​នាំ​ឱ្យ​ក​ខ្ទុះ ឬ​អាប់​ហ្សែ​នៅ​ជុំវិញ​បំពង់ក និង​បង្កឱ្យមាន​ខ្ទុះ​ពិបាក នៅ​ក្នុង​ការ​ទទួលទាន​បាយ ឈឺសន្លាក់​ដៃជើង អាច​រលាក​ទៅដល់​តម្រងនោម រលាក​ច្រមុះ ឬ​ត្រចៀក​ជាដើម​។ ការ​រលាក​សាច់​អា​មី ដាល់​នេះ​ក៏​នាំឱ្យ​មាន​ការពិបាក​នៅក្នុង​ការ​ទទួលទានដំណេក​ដែរ​។ សម្រាប់​រដូវ​ក្ដៅ​នេះ គ្រប់​ជម្ងឺ​បំពង់​ក​ដែល​មាន​ជា​យូរ​មក មាន​អា ការឈឺចាប់​ជាង​រដូវ​ត្រជាក់ ព្រោះថា​បំពង់ក​ដែល​ឈឺ​ត្រូវ​ប្រឈមមុខ​ទៅ​នឹង​ការ​ស្ងួត​ក ស្លែ​ស​ដែល​នៅ​ជា​ប់ក​នឹង​ស្ងួត​ជាដើម​។ បើ​ធ្លាប់ ឈឺ​ពីមុន វា​អាច​ក្លាយ​ជា​អាការ​រ៉ាំរ៉ៃ និង​រឹត​ឈឺចាប់​ខ្លាំង​ឡើង​។ កម្រិត​ស្រួចស្រាវ​ងាយ​នឹង​ក្លាយទៅជា​កម្រិត​រ៉ាំរ៉ៃ​។​

​វិធី​បង្ការ​ជម្ងឺ​រលាក​សាច់​អាមីដាល់​៖ ជាធម្មតា ប្រសិនបើ​យើង​មាន​សុខភាព​រាងកាយ​ល្អ រាល់​ជម្ងឺ​ផ្សេងៗ​ដែល​អុកឡុក​ត្រូវ​ប្រយុទ្ធ​នឹង​ជាតិ​អង់ទីគ័រ​ប្រឆាំង​ដោយ ស្វ័យប្រវត្ដិ​។ មានន័យ​ថា​សព៌ាង្គកាយ​អាច​ព្យាបាល​បាន​ដោយ​ខ្លួនឯង​ក្នុង​រយៈពេល​ពី​បី​ថ្ងៃ​ទៅ​មួយ​សប្ដាហ៍​តែប៉ុណ្ណោះ​។ ការប៉ះពាល់​នូវ មេរោគ និង​វីរុស​នានា ធ្វើឱ្យ​ប្រព័ន្ធ​កោសិកា​នៃ​សាច់​អាមីដាល់​នេះ​រីក​មាឌ នេះ​ជា​ប្រតិកម្ម​ធម្មតា​ក្នុង​ការបង្កើត​អង់ទីគ័រ​(​ភាព​ស៊ាំ​) របស់​រាងកាយ ដើម្បី​ការពារ​ទប់ទល់​នឹង​មេរោគ​នានា​។

ការការពារ​រាងកាយ​ពេល​មាន​ការផ្លាស់ប្ដូរ​អាកាស​ធាតុ ក៏​ជា​កត្ដា​ចាំបាច់​មួយ ដែរ​។ សូម​យកចិត្ដទុកដាក់​លើកត្ដា​អនាម័យ​ព្រម​គ្នា តាំង​ពី​រន្ធ​ច្រមុះ មាត់ ដល់​បំពង់ក ព្រោះ​បញ្ហា​រលាក​ច្រមុះ​អាច​នឹង​រាលដាល​ដល់ បំពង់ក​។ ពិសេស​ពេល​បំពង់​ក​មាន​បញ្ហា​រលាក​ខ្លាំងក្លា យើង​មិន​គួរ​ទទួល​ទាន​អាហា​រណា​ដែល​មាន​លក្ខណៈ​ក្ដៅ​ពេក ឬក៏​ត្រជាក់​ពេក នោះទេ​។​

​ការព្យាបាល​ជម្ងឺ​រលាក​សាច់​អាមីដាល់​៖ ការព្យាបាល​ផ្អែកទៅលើ​ប្រភេទ​មេរោគ ជា​វីរុស ឬ​ជា​បាក់តេរី ព្រោះ​របៀប​ព្យាបាល​ផ្សេង​ពី​គ្នា​។ ការ​ធ្វើ​តេស្ដ​កំហាក និង ការវិភាគ​រក​មូលហេតុ​នៃ​ការ​រលាក​បំពង់ក ជួយ​សម្រួល​ដល់​ការព្យាបាល​។ បើ​រលាក​ដោយ​វីរុស ការព្យាបាលរ​លា​កសាច់​អាមីដាល់ ងាយស្រួល​ប្រើ​ថ្នាំ​ទប់ទល់​។ ជា​ឧទាហរណ៍ ប្រសិនបើ​អ្នក​ជម្ងឺ​ហៀរ​សម្បោរ យើង​ប្រើ​ថ្នាំ​ទប់​ហៀរ​សម្បោរ បើ​ក្ដៅខ្លួន ត្រូវ​ប្រើ​ថ្នាំ​ក្ដៅ ខ្លួន តែ​មិន​ចាំបាច់​ដល់​ថ្នាក់​ប្រើ​ថ្នាំ​ផ្សះ ឬ​អង់​ទី​ប៊ីយ៉ូ​ទិកឡើយ​។

ករណី​ឆ្លង​ដោយសារ​ពួក​បាក់តេរី ត្រូវ​ប្រើ​ថ្នាំ​ផ្សះ ឬ​អង់​ទី​ប៊ីយ៉ូ​ទិ​កខ្លះ ដែរ ដើម្បី​ការពារ​ផលវិបាក​ដោយ​ចៃដន្យ​។ ករណី​ដែល​ត្រូវ​ធ្វើ​ការវះកាត់ លុះត្រាតែ​សាច់​អាមីដាល់​មាន​អាការ​រ៉ាំរ៉ៃ រលាក​យូរ ឬ​រីក​ធំ ពេក ពិបាក​នៅ​ក្នុង​ការដក​ដង្ហើម​ពេល​គេង​យប់ ពិសេស​ក្នុង​ករណី​កើត​លើ​កុមារ​។ រាល់​ការវិនិច្ឆ័យ​រោគ និង​ការសម្រេច​ទាំងឡាយ គួរ តែ​ធ្វើ​ឡើង​ដោយ​គ្រូពេទ្យ​ជំនាញ ទើប​ជា​ការល្អ​។​

​ត្រូវ​ធ្វើ​ការវះកាត់​ចេញ ពេល​សាច់​អាមីដាល​រលាក ឬ​រីក​ប៉ោង​ធំ​ជ្រុល​ដែល​បណ្ដាលឱ្យមាន​បញ្ហា​ពិបាក​ដកដង្ហើម និង​អាការ ឈឺចាប់​ខ្លាំង​ពេក​។ ជាធម្មតា​បើ​និយាយ​ដល់​ការវះកាត់​ដុះសាច់បំពង់ក គេ​តែងតែ​វះកាត់​សាច់​អាមីដាល់​នេះឯង​។​

ដំបូន្មាន​អ្នកជំនាញ​៖ សម្រាប់​មាតា​ដែល​និយម​ចូលចិត្ដ​ជួយ​ទំពារ​អាហារ​ឱ្យ​ម៉ដ្ឋ​បញ្ចុក​កូន ឬ​ជួយ​ផ្លុំ​អាហារ​ឱ្យ​ត្រជាក់​មុន​ឱ្យ​កូនញុំ​ា គួរតែ​គិតគូរ​ពី បញ្ហា​អនាម័យ​ផង​។ បើ​ករណី​មាត់​យើង​មាន​ការ​រលាត់ ឬ​រលាក វា​នាំ​ឱ្យ​មេរោគ​ងាយ​នឹង​ជ្រាប​ចូលទៅក្នុង​ខ្លួន​កុមារ​ណាស់​។ ពេល មាន​ជម្ងឺ ចាំបាច់​ត្រូវ​ទៅ​ជួប​គ្រូពេទ្យ​ជំនាញ​ខាង​ជម្ងឺ​ច្រមុះ​បំពង់ក​ឱ្យទាន់​ពេលវេលា ដើម្បី​ទទួល​ការព្យាបាល​ចៀសវាង​ការ​ក្លាយជា​ជម្ងឺ រ៉ាំរ៉ៃ​។ បើ​ទុក​យូរពេក មិន​ងាយ​ព្យាបាល​ជា​ទេ តែបើ​ថ្មីៗ ងាយស្រួល​នៅ​ក្នុង​ការព្យាបាល៕ (សម្រួលអត្ថបទ៖ Morning Fresh)

ហាមលួចចម្លងអត្ថបទ​ពីវេបសាយ Morningfresh.news ដោយគ្មានការអនុញ្ញាត