ផ្ទុយ ១៨០ដឺក្រេ រឿងគម្របត្រូវរង្វាន់ឡាន មានអ្នកផ្សេងពាក់ព័ន្ធ បញ្ជូនឡើងតុលាការហើយ

គម្រប និង​ដប​តែ​បៃតង​អូ​អ៊ិ​ឈិ (Oishi) ជា​រង្វាន់​រថយន្ត ត្រូវបាន​សមត្ថកិច្ច​នគ​របាល​យុត្តិធម៌​ស្រុក​មេមត់ បញ្ជូនទៅ​តុលាការខេត្ត​ត្បូងឃ្មុំ ខណៈ​ដែល​ភាគី​ពីរ​នាក់​មិន​ឯក​ភាពគ្នា ចំណែក​ម្ចាស់​ហាង​សុំ​ដកខ្លួន​ចេញ​មិន​ពាក់ព័ន្ធ​រឿង​រង្វាន់​នោះ។

​បន្ទាប់ពី​បាន​ឃើញ​នៅ​ក្នុង​បណ្តាញ​ទំនាក់ទំនង Facebook ដែល​មាន​អា​ខោ​ន​មួយ​ឈ្មោះ HEM NIMOL បានធ្វើការ​បង្ហោះ​នូវ​ឃ្លីប​វិដេអូ​មួយ​ដើម្បី​ប្រកាស​ឲ្យជួយ​រក​យុត្តិធម៌ (​វីដេអូ​នោះ​មានការ Like comment និង Shears តៗ​គ្នា​ជា​ច្រើន​) នៅវេលា​ម៉ោង ១៩ និង ០៧ នាទី នា​ថ្ងៃ​ទី ១១ ខែ មិថុនា គ​.​ស ២០១៨ និយាយ​ពី​រឿង​គម្រប​តែ​បៃតង​អូ​អ៊ិ​ឈិ (Oishi) ត្រូវ​រង្វាន់​រថយន្ត ដែល​យក​ទៅ​ផ្ញើរ​នឹង​ថៅកែ​ដើម្បី​ឲ្យជួយ​រក្សាទុក ប៉ុន្តែ​ដល់​ពេល​ទៅសុំ​យក​មក​វិញ​មិន​ព្រម​ឲ្យ​វិញ និង​ចុះ​ផ្សាយ​បណ្តា​តាម​គេហទំព័រ​ព័ត៌មាន​ជាច្រើន ព្រមទាំង​ទូរទស្សន៍​មួយចំនួន​ជា​បន្តបន្ទាប់ លោក​ឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ បានឲ្យ​កម្លាំង​នគរបា​ល​ជំនាញ​ខេត្ត​ត្បូងឃ្មុំ ចុះ​សហការ​ជាមួយ​កម្លាំង​នគរបាល​យុត្តិធម៌ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​មេមត់ ដើម្បី​ធ្វើ​ការអញ្ជើញ​ភាគី​ដែល​ពាក់ព័ន្ធ​មក​បំភ្លឺ​ភ្លាម​លើ​ករណី​នោះ ។​

​នៅ​ថ្ងៃ​ទី ១២ ខែ មិថុនា គ​.​ស ២០១៨ វេលា​ម៉ោង ០៩ និង ០០ នាទី លោក​វរសេនីយ៍ឯក ហុង គឹម​ហឿន អធិការនគរបាល​ស្រុក​មេមត់ បាន​អញ្ជើញ​ឈ្មោះ ស៊ិន ម៉ៅ ភេទ​ប្រុស អាយុ ៣៨ ឆ្នាំ ជាតិខ្មែរ ដែល​ម្ចាស់​ហាង Karaoke មាន​ផ្លាក​យីហោ វិមាន​ទ្រព្យ KTV មាន​ទីតាំង​នៅ​ភូមិ​ម៉ាស៊ីន​ទឹក ឃុំ​មេមត់ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ , ឈ្មោះ សែម កា​ណាន់ ហៅ តាន់ ភេទ​ប្រុស អាយុ ២៦ ឆ្នាំ ជាតិខ្មែរ ជា​បុគ្គលិក​រត់​តុ នៅ​ហាង​នោះ , ឈ្មោះ ហែម និមល ហៅ ម៉ៅ ភេទ​ប្រុស អាយុ ២៥ ឆ្នាំ ជាតិខ្មែរ ជា​អតីត​បុគ្គលិក​រត់​តុ នៅ​ហាង​នោះ​ដែល ដើម្បី​ធ្វើការ​បំភ្លឺ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​មេមត់ ដោយយោង​តាម​ប្រសាសន៍​ណែនាំ​របស់​លោក​ឧត្តម​សេនីយ៍ទោ បែន រ័ត្ន ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ ។​

​ផ្អែក​តាម​ការបំភ្លឺ​របស់​ឈ្មោះ ស៊ិន ម៉ៅ ភេទ​ប្រុស អាយុ ៣៨ ឆ្នាំ ជាតិខ្មែរ មាន​ខ្លឹមសារ​ថា ៖ នៅ​ថ្ងៃ​ទី ២៦ ខែ ឧសភា គ​.​ស ២០១៨ វេលា​ម៉ោង ០៨ និង ០០ នាទី​ព្រឹក ខ្ញុំ​កំពុង​នៅ​ក្នុងផ្ទះ​ស្រាប់តែ​ឈ្មោះ សែម កា​ណាន់ ហៅ តាន់ ភេទ​ប្រុស ជា​បុគ្គលិក​រត់​តុ បាន​មក​សុំ​ខ្ចីប្រាក់​ដើម្បី​ទៅ​ភ្នំពេញ​ជាមួយ​ឈ្មោះ ហែម និមល ហៅ ម៉ៅ ភេទ​ប្រុស ជា​បុគ្គលិក​រត់​តុ​ក្នុង​ហាង​ខ្ញុំ​ជាមួយគ្នា ។ ហើយក៏​បាន​សួរ​ទៅ​អ្នក​ទាំង​ពីរ តើ​ទៅ​ភ្នំពេញ​ធ្វើ​អ្វី ?

បន្ទាប់មក​ពួកគេ​ក៏​បាន​ឆ្លើយថា​ទៅ​បើក​រង្វាន់​រថយន្ត ០១ គ្រឿង ពី​ក្រុមហ៊ុន​តែ​បៃតង​អូ​អ៊ិ​ឈិ (Oishi) ។ លឺ​ដូច​នោះ​ក៏​បាន​សុំ​មើល​រង្វាន់​រថយន្ត​ពី​ឈ្មោះ សែម កា​ណាន់ ហៅ តាន់ រួច​គាត់​ក៏​ហុច​គម្រប និង​ដប​ដែល​ត្រូវ​រង្វាន់​នោះ​មក​ពិនិត្យ​មើល​រួច ហើយ​រូបគេ​ក៏​បាន​ប្រាប់​ថា​ឲ្យជួយ​រក្សាទុក និង​ទំនាក់ទំនង​ទៅ​ក្រុមហ៊ុន​ដើម្បី​បើក​រង្វាន់​អោយ​តែ​ម្តង​ទៅ ដោយ​ពួកគេ​មិនបាច់​ទៅ​ភ្នំពេញ​ឡើយ ។ លុះ​រំលង​បាន​ប៉ុន្មាន​ថ្ងៃ​ស្រាប់តែ​ឈ្មោះ ហែម និមល ហៅ ម៉ៅ និង​ប្រពន្ធ មក​ទាមទារ​យក​គម្រប និង​ដប​រង្វាន់​ទៅ​វិញ​តែ​ខ្ញុំ​មិន​ព្រម​ប្រគល់​អោយ ព្រោះ​អ្នក​ដែល​ជា​ម្ចាស់​រង្វាន់​នោះ​ឈ្មោះ សែម កា​ណាន់ ហៅ តាន់ មិនមែន​ឈ្មោះ ហែម និមល ហៅ ម៉ៅ នោះទេ ។​

​ផ្អែក​តាម​ការបំភ្លឺ​របស់​ឈ្មោះ សែម កា​ណាន់ ហៅ តាន់ ភេទ​ប្រុស អាយុ ២៦ ឆ្នាំ ជាតិខ្មែរ មាន​ខ្លឹមសារ ថា ៖ នៅ​ថ្ងៃ​ទី ២៥ ខែ ឧសភា គ​.​ស ២០១៨ រូប​ខ្លួន និង​ឈ្មោះ ហែម និមល ហៅ ម៉ៅ ភេទ​ប្រុស នៅ​ធ្វើការ​រួមគ្នា​នៅ​ហាង​ខារ៉ាអូខេ​យីហោ វិមាន​ទ្រព្យ KTV តាំងពី​ថ្ងៃ​រសៀល​រហូត​ដល់​យប់​ជ្រៅ វេលា​ម៉ោង​ប្រហែល ០១ និង ៣០ នាទី ទៅ​ម៉ោង ០២ និង ០០ នាទី ឈានចូល​ថ្ងៃ​ទី ២៦ ឧសភា គ​.​ស ២០១៨ ចប់​ម៉ោង​ធ្វើការ​ក៏​បាន​នាំគ្នា​ទៅ​ជិះ​ម៉ូតូ​ទៅ​ទិញ​ភេសជ្ជៈ​ផឹក កន្លែង​លក់​មួយ​នៅមុខ​ផ្សារ​មេមត់ នៅពេល​ទៅ​ដល់​ក៏​បាន​ទិញ​តែ​បៃតង​អូ​អ៊ិ​ឈិ (Oishi) ម្នាក់​០១​ដប ដោយ​ប្រាក់​ធីប​ចំនួន ៥,០០០៛ ដែល​ភ្ញៀវ​បាន​ឲ្យ​ចែក​គ្នា​មិន​ដាច់​។

នៅពេល​រូបខ្ញុំ​បើក​គម្រប​ដប​តែ​បៃតង​អូ​អ៊ិ​ឈិ (Oishi) ស្រាប់តែ​មាន​រូប​រថយន្ត និង​អក្សរ​ជា​ភាសា​ខ្មែ​ពីក្រោម​សរសេរថា រថយន្ត​ភី​ក​អាប់ ហើយ​ក្រោម​នោះ​ទៀត​ជា​អក្សរ​ជា​ភាសា​អង់គ្លេស​មើល​មិន​ដាច់ ចំណែកឯ​គម្រប​ដបរ​បស់​ឈ្មោះ ហែម និមល ហៅ ម៉ៅ ពុំ​មាន​ត្រូវ​រង្វាន់​អ្វី​ទេ ។ ផឹក​រួច​យើង​ទាំង​ពីរ​អ្នក​ក៏​បាន​ជិះ​ម៉ូតូ​ឌុប​គ្នា​ទៅ​កន្លែង​ធ្វើការ​វិញ ហើយ​នៅពេល​ជិះ​តាម​ផ្លូវ​បាន​និយាយ​ព្រមព្រៀង​គ្នា​ថា​ចែក​គ្នា​ស្មើរ ពេល​ទៅដល់​កន្លែង​បាន​យក​គម្រប​ដប​តែ​បៃតង​អូ​អ៊ិ​ឈិ (Oishi) នោះ​ទៅ​ផ្ញើរ​នឹង​ថៅកែ​ហាង​ខារ៉ាអូខេ​យីហោ វិមាន​ទ្រព្យ KTV ឈ្មោះ ស៊ិន ម៉ៅ ភេទ​ប្រុស អោយជួយ​ធ្វើ​ការចាត់ចែង​ទំនាក់ទំនង​ទៅ​ក្រុមហ៊ុន ដើម្បី​បើក​រថយន្ត​ដែល​ត្រូវ​រង្វាន់​នោះ ។

បន្ទាប់​មក​ប្រហែល​រយៈពេល​ពី ០២ ទៅ ០៣ ថ្ងៃ ស្រាប់តែ​ឈ្មោះ ហែម និមល ហៅ ម៉ៅ និង​ប្រពន្ធ​ឈ្មោះ ស្រី​ណា បាន​ទៅ​ទាមទារ​យក​គម្រប និង​ដប​តែ​បៃតង​អូ​អ៊ិ​ឈិ (Oishi) ដែល​ត្រូវ​រង្វាន់​រថយន្ត​ពី​ថៅកែ​ដោយ​មិន​ឲ្យ​ខ្ញុំ​ដឹង​ឡើយ ។ ពេល​នោះ​ថៅកែ​របស់​ខ្ញុំ បាន​ហៅ​ខ្ញុំ​មក​សួរនាំ​រឿង​គម្រប និង​ដប​តែ​បៃតង​អូ​អ៊ិ​ឈិ (Oishi) ដែល​ត្រូវ​រង្វាន់​នោះ តើ​ត្រូវ​ឲ្យទៅ​គេ​រឺ​អត់ ? ប៉ុន្តែ​រូបខ្ញុំ​បាន​បដិសេធ​ថា​មិន​ព្រម​ឲ្យ​គម្រប​និង​ដប​តែ​បៃតង​អូ​អ៊ិ​ឈិ (Oishi) ដែល​ត្រូវ​រង្វាន់​រថយន្ត​នោះ​ទៅ​ឈ្មោះ ហែម និមល ហៅ តាន់ ឡើយ​ព្រោះ​ខ្លាច​មាន​គំនិត​ក្បត់​យក​រង្វាន់​រថយន្ត​ផ្តាច់មុខ​ម្នាក់ឯង ។​

​ផ្អែក​តាម​ការបំភ្លឺ​របស់​ឈ្មោះ ហែម និមល ហៅ ម៉ៅ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជាតិខ្មែរ មាន​ខ្លឹមសារ​ថា ៖ នៅ​ថ្ងៃ​ទី ២៥ ខែ ឧសភា គ​.​ស ២០១៨ វេលា​ម៉ោង​ប្រហែល ១៦ និង ០០ នាទី រូប​ខ្ញុំ​នៅ​លក់ដូរ​ក្នុង​ហាង​ខារ៉ាអូខេ យីហោ វិមាន​ទ្រព្យ KTV ជាមួយនឹង​មិត្ត​ភក្កិ​ឈ្មោះ សែម កា​ណាន់ ហៅ តាន់ ភេទ​ប្រុស លុះដល់​វេលា​ម៉ោង​ប្រហែល ២០ និង ០០ នាទី ថ្ងៃ​ដដែល​មាន​ឈ្មោះ ខួច ភេទ​ស្រី ត្រូវ​ប្អូនថ្លៃ​បានឲ្យ​ប្រាក់ចំនួន ១០,០០០៛ (​ក្រដាស់ ៥,០០០៛ ចំនួន ០២ សន្លឹក​) ទុក​ទិញ​បារី​ជក់​។

រហូតដល់​យប់​ជ្រៅ​រំលង​អាធ្រា​ត វេលា​ម៉ោង​ប្រហែល ០២ និង ០០ នាទី ឈានចូល​ថ្ងៃ​ទី ២៦ ខែ ឧសភា គ​.​ស ២០១៨ អស់​ភ្ញៀវ​យើង​ទាំង​ពីរ​នាក់​ក៏​បាន​ជិះ​ម៉ូតូ​ឌុប​គ្នា​ចេញពី​កន្លែងធ្វើការ​ទៅ​រក​ទិញ​ភេសជ្ជៈ​ផឹក កន្លែង​លក់​មួយ​នៅមុខ​ផ្សារ​មេមត់ នៅពេល​ទៅ​ដល់​ក៏​បាន​ទិញ​តែ​បៃតង​អូ​អ៊ិ​ឈិ (Oishi) ចំនួន ០២ ដប (​ក្នុង​មួយ​ដប​តម្លៃ ២,៥០០៛) ដោយ​ខ្ញុំ​ជា​អ្នកចេញ​ប្រាក់​ក្រដាស់ ៥,០០០៛ ទៅ​ឲ្យ​អ្នក​លក់ ។ នៅពេល​បើក​គម្រប​ដប​តែ​បៃតង​អូ​អ៊ិ​ឈិ (Oishi) រៀងៗ​ខ្លួន គម្រប​ដប​របស់​ខ្ញុំ​ពុំ​ត្រូវ​រង្វាន់​អ្វី​ទេ ប៉ុន្តែ​គម្រប​ដប​របស់​ឈ្មោះ សែម កា​ណាន់ ហៅ តាន់ មាន​រូប​រថយន្ត និង​អក្សរ​ជា​ភាសា​ខ្មែរ​ពី​ក្រោម​សរសេរថា រថយន្ត​ភី​ក​អាប់ ហើយ​ក្រោម​នោះ​ទៀត​ជា​អក្សរ​ជា​ភាសា​អង់គ្លេស​មើល​មិន​ដាច់ ដែល​បញ្ជាក់ថា​ទទួលបាន​រង្វាន់​រថយន្ត ០១ គ្រឿង​។

ដោយ​ពួកយើង​ត្រេកអរ​និង​សប្បាយចិត្ត​ខ្លាំង​ណាស់​រហូត​អោប​គ្នា និង​បាន​និយាយ​ព្រមព្រៀងគ្នា​ថា​រង្វាន់​ដែល​ត្រូវ​នេះ​ចែក​គ្នា​ស្មើរ ហើយ​នាំគ្នា​ទៅ​ដេក​បន្ទប់​ជាមួយគ្នា ។ លុះដល់​វេលា​ម៉ោង​ប្រហែល ០៦ ទៅ ០៧ និង ០០ ព្រឹក ថ្ងៃ​ដដែល ខ្ញុំ​បាន​តេ​ទូរស័ព្ទ​ប្រាប់​បងប្អូន​របស់​ខ្លួន ហើយ​ឈ្មោះ សែម កា​ណាន់ ហៅ តាន់ បាន​តេ​ទូរស័ព្ទ​ប្រាប់​បងប្អូន​ដែរ អំពី​រង្វាន់​នេះ ។ រហូតដល់​វេលា​ម៉ោង​ប្រហែល ០៩ ទៅ ១០ និង ០០​នាទី ថ្ងៃ​ដដែល ខ្ញុំ និង​មិត្ត​របស់ខ្ញុំ សម្រេច​ប្រគល់​គម្រប​ដប​តែ​បៃតង​អូ​អ៊ិ​ឈិ (Oishi) ដែល​ត្រូវ​រង្វាន់​រថយន្ត​នេះ​អោយទៅ​ឈ្មោះ ស៊ិន ម៉ៅ ជា​ម្ចាស់​ហាង​ខារ៉ាអូខេ​យីហោ វិមាន​ទ្រព្យ KTV ជា​អ្នក​ជួយ​រក្សាទុក​ធ្វើ​ការចាត់ចែង​ទំនាក់ទំនង​ទៅ​ក្រុមហ៊ុន​ដើម្បី​បើក​យក​រថយន្ត​ដែល​ត្រូវ​រង្វាន់​នោះ​។

ប្រហែល ០៧ ទៅ ០៨ ថ្ងៃក្រោយ រូប​ខ្ញុំ​និង​ប្រពន្ធ រួម​និង​ប្អូនថ្លៃ ឈ្មោះ ស្រី​ខួច បាន​សុំ​យក​គម្រប​ដប​ដែល​ត្រូវ​រង្វាន់​ពី​ឈ្មោះ ស៊ិន ម៉ៅ មកវិញ ពេលនោះ​ឈ្មោះ សែម កា​ណាន់ ហៅ​តាន់ បាន​ជំទាស់​មិន​ព្រម​ឲ្យ​ប្រគល់​គម្រប​ដប​ដែល​ត្រូវ​រង្វាន់​មក​ឲ្យ​ខ្ញុំ​ឡើយ ។ ហើយ​ពេលនោះ​ក៏​មាន​ការ​ប្រកែក​ត​ពាក្យសម្តី​គ្នា​ខ្លាំងៗ ឈ្មោះ ស៊ិន ម៉ៅ បាន​បណ្តេញ​រូបខ្ញុំ និង​ប្រពន្ធ​ចេញពី​ហាង ដោយ​និយាយថា​មិន​ចង់​បាន​យក​រង្វាន់​នេះ​សូម្បី​តែ​០១​រៀល ។

ដោយ​ខ្ញុំបាទ​គិត​ថា​ខ្លួន​មិន​បាន​ទទួល​រង្វាន់​នេះ ក៏​សម្រេចចិត្ត​ថត​វីដេអូ​ឃ្លី​បរួច​បង្ហោះចូ​លទៅប្រព័ន្ធ​សង្គម​ហ្វេស​បុក (Facebook) ដែល​មាន​អា​ខោ​ន​ផ្ទាល់​ខ្លួន​ឈ្មោះ HEM NIMOL ដើម្បី​សុំ​អោយ​បងប្អូន​ក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​បុក (Facebook) ជួយ​ស៊ែ​បន្ត ហើយ​បន្ត​បានដឹង​ដល់​សម្តេច​តេជោ នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​គតិ​ព្រឹទ្ធ​បណ្ឌិត ឲ្យជួយ​រក​យុត្តិធម៌​ដល់​ខ្លួន​ផង នៅ​ថ្ងៃ​ទី ១១ ខែ មិថុនា គ​.​ស ២០១៨ នៅវេលា​ម៉ោង ១៩ និង ០៧ នាទី ។​

​សូម​បញ្ជាក់​ជូន​ថា ៖ នៅពេលដែល​សមត្ថកិច្ច​យើង​បាន​អញ្ជើញ​ភាគី​ដែល​ពាក់ព័ន្ធ​ជាមួយនឹង​គម្រប​តែ​បៃតង​អូ​អ៊ិ​ឈិ (Oishi) មាន​រូប​រថយន្ត និង​អក្សរ​ជា​ភាសា​ខ្មែរ​ពី​ក្រោម​សរសេរថា រថយន្ត​ភី​ក​អាប់ ហើយ​ក្រោម​នោះ​ទៀត​មាន​អក្សរ​ជា​ភាសា​អង់គ្លេស​ថា Made In Cambodia ដែល​បញ្ជាក់ថា​ជា​រង្វាន់​រថយន្ត ០១ គ្រឿង ជាមួយ​និង​ដប គឺ​បាន​សុំ​ដក​ហូត​និង​រក្សាទុក​នៅ​កន្លែង​មាន​សុ​វត្តិភាព នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​មេមត់​។

ហើយ​បច្ចុប្បន្ន​សមត្ថកិច្ច​នគ​របាល​យុត្តិធម៌ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​មេមត់ ប្រមូលផ្តុំ​ឯកសារ និង​គម្រប និង​ដប​បៃតង​អូ​អ៊ិ​ឈិ (Oishi) ដែល​ជា​រង្វាន់​នោះ បញ្ជូនទៅ​តុលាការខេត្ត​ត្បូងឃ្មុំ ធ្វើ​ការដោះស្រាយ​តាម​ការ​គួរ ដោយ​មូលហេតុ​ភាគី ១.​ឈ្មោះ សែម កា​ណាន់ ហៅ តាន់ ភេទ​ប្រុស , ២.​ឈ្មោះ ហែម និមល ហៅ ម៉ៅ មិន​ឯកភាព​គ្នា ចំពោះ​ម្ចាស់​ហាង Karaoke មាន​ផ្លាក​យីហោ វិមាន​ទ្រព្យ KTV ឈ្មោះ ស៊ិន ម៉ៅ ភេទ​ប្រុស សុំ​មិន​លូក​ដៃ​ក្នុង​នោះ​រឿង​នោះ​ឡើយ ៕ (ប្រភព៖ ទំព័រ​ហ្វេសប៊ុក អធិការដ្ឋាន​នគរបាល​ស្រុកមេមត់)

ហាមលួចចម្លងអត្ថបទ​ពីវេបសាយ Morningfresh.news ដោយគ្មានការអនុញ្ញាត
error: ហាម​លួចចម្លង​អត្ថបទ​នេះ!