កុមារក្រីក្រ ខំលះបង់កៅអីឲ្យ​ស្ត្រីពពោះអង្គុយ​បែរនាងមិនខ្ចីយក ចុងក្រោយទើបភ្លឺភ្នែក

នា​ព្រឹក​មួយ ក្មេងប្រុស​តូច​ម្នាក់​បាន​ស្ពាយ​ថង់យាម​ធំ​មួយ​អង្គុយ​លើ​រថយន្តក្រុង​ក្បែរ​អ្នកដំណើរ​ជា​បុរស​ម្នាក់​។ ក្មេងប្រុស​នេះ​មើល​ទៅ​ដូច​គេ​ធ្វើការ​នៅ​កន្លែង​សំណង់​ព្រោះ​សំលៀក​បំពាក់​គគ្រិច​មិន​ស្អាត​ប្រឡាក់​នេះ​ប្រឡាក់​នោះ​ពេញ​ខ្លួន​។ គេ​បាន​ទៅ​អង្គុយ​នៅ​កៅអី​ទំនេរ​សល់​តែ​មួយគត់​ចុងក្រោយ​។​

​អង្គុយ​បាន​មួយ​ស្របក់ ស្រាប់តែ​មាន​ស្ត្រី​ពពោះ​ម្នាក់​ដើរ​ឡើង​រថយន្ត​ទៅ​តាម​ក្រោយ ប៉ុន្តែ​មិន​មាន​កៅអី​ទំនេរ​ឲ្យ​អង្គុយ​ទេ​។ ភ្លាមៗ​នេះ ក្មេងប្រុស (​សុំ​ដាក់ឈ្មោះឲ្យ​ថា សំណាង​) បាន​ក្រោកឈរ​យ៉ាង​លឿន និង​ប្រាប់​ទៅ​ស្ត្រី​ពពោះ​ថា “​មីង សូម​មក​អង្គុយ​កន្លែង​ខ្ញុំ​នេះ​ទៅ​”​។ ស្រី​ពពោះ​បាន​សម្លឹង​មើល​កុមារ សំណាង បែប​មិន​ពេញចិត្ត មាក់ងាយ​ក៏​នៅ​ស្ងៀម​ធ្វើ​មិនដឹង​។​

​ដោយ​មើលឃើញ​ពី​ប្រតិកម្ម​របស់​នាង សំណាង បានដាក់​ថង់យាម​ចុះ​ពី​ស្មា ហើយ​យក​ក្រដាសអនាម័យ​ពី​ហោប៉ៅ​ខ្លួន​ទៅ​ជូត​កៅអី​នោះ​ក្រែងលោ​មាន​ប្រឡាក់​ធូលី​បានជា​គាត់​មិន​ព្រម​អង្គុយ​។ រថយន្ត​បើក​ទៅមុខ​បណ្ដើរ ដៃ​កុមារ សំណាង ជូត​កៅអី​បណ្ដើរ ពេល​ជូត​រួច​គេ​ក៏​បាន​ញញឹម​ទៅ​កាន់​ស្ត្រី​នោះ​រួច​និយាយ​បែប​រាបសា​រថា “​អ្នក​មីង អាច​អង្គុយ​បាន​ហើយ ខ្ញុំ​ជូន​ឲ្យ​រួចហើយ មិន​មាន​ប្រឡាក់​ដី​អ្វី​ទៀត​ទេ​”​។​

​អ្នកដំណើរ​លើ​រថយន្ត​ក្រុង​ជាច្រើន បាន​ងាក​មក​មើល​ពួក​គេ​ទាំង​ពីរ​នាក់​។ ស្ត្រី​ពពោះ​ប្រែ​ទឹក​មុខជា​ក្រហម​ដោយ​ភាព​អៀនខ្មាស រួច​ក៏​សម្រេចចិត្ត​អង្គុយ​ចុះ​ទាំង​ស្ទាក់ស្ទើរ​។ នៅពេល សំណាង ឱន​យក​ថង់យាម​មក​ស្ពាយ​វិញ អ្នកបើក​រថយន្ត​ក្រុង​ស្រាប់តែ​ជាន់​ហ្វ្រាំង​ភ្លាមៗ​ធ្វើឲ្យ សំណាង ដួល​អុកគូទ​ស្ទើរតែ​បោក​ក្បាល​នឹង​កៅអី​អ្នកដំណើរ​ផ្សេង តែ​បាន​ស្រវា​តោង​ជាប់​ទាន់ពេល​។​

​ស្ត្រី​ចំណាស់​អ្នកដំណើរ​អង្គុយ​ក្បែរ​ម្នាក់ទៀត មាន​អារម្មណ៍​អាណិត សំណាង ក៏​បាន​សរសើរ​ថា “​ក្មួយប្រុស ជា​ក្មេង​ល្អ​កម្រ​រកបាន​”​។ សំណាង​ញញឹម​អឹមអៀន​រួច​តប​វិញ​ថា “​អ្នក​មីង​.. ខ្ញុំ​មិនមែន​ក្មេង​ល្អ​ពិតប្រាកដ​ទេ​។ ម្ដាយ​ខ្ញុំ​គាត់​តែងតែ​រិះគន់​ខ្ញុំ​ថា ខ្ញុំ​ចូល​ចិត្ត​បារម្ភ​ខ្លាំងពេក​ជាមួយ​អ្នក​ដទៃ ប៉ុន្តែ​ឥឡូវ​ខ្ញុំ​ក្លាហាន​ដូច​តួអង្គ​ក្នុង​ភាពយន្ត​មួយ​អីចឹង​”​។​

​ម្ដាយ​របស់​សំណាង ជា​គ្រូបង្រៀន​ក្នុង​ភូមិ​មួយ​នៅ​ជនបទ​។ គាត់​តែងតែ​ឲ្យ សំណាង មើល​ភាពយន្ត​ផ្ដល់​គំនិត​អប់រំ ផ្ដល់​កម្លាំងចិត្ត ឲ្យ​មនុស្ស​ក្លាហាន ហ៊ាន​និយាយស្ដី​ដោយ​ទំនុកចិត្ត ហើយ សំណាង បាន​រៀនសូត្រ​នូវ​មេរៀន​មានតម្លៃ​មួយ​ពី​ភាពយន្ត គឺ​យកចិត្ត​អ្នកដទៃ ដាក់ចិត្ត​ខ្លួនឯង ទើប​សំណាង បន្ត​នៅ​គិតគូរ​អ្នកដទៃ​បែបនេះ​។ ស្ត្រី​ដដែល​នោះ​សួរ​បន្ត “​ចុះ ម្ដាយ​ក្មួយ​នៅឯណា​”? ពេល​បាន​ឮ​សំណួរ​នេះ​ភ្លាម សំណាង ប្រែ​ទឹកមុខ​ក្រហម​ប្រឿងៗ ទឹកភ្នែក​រលីងរលោង រួច​តប​ថា “​ម្ដាយ​ខ្ញុំ​នៅក្នុង​ថង់យាម​នេះ​”​។ ស្ត្រី​ចំណាស់​មាន​អារម្មណ៍​ភ្ញាក់​ព្រើត ឯ​អ្នកដំណើរ​លើ​រថយន្តក្រុង​ចាប់ផ្ដើម​ងឿងឆ្ងល់​បើកភ្នែក​ធំៗ​។​

​បុរស​ម្នាក់​ដែល​អង្គុយ​ក្បែរ សំណាង ចាប់ផ្ដើម​ហា​ស្ដី និង​រៀបរាប់​ថា “​ខ្ញុំ​ជា​ពូ​របស់ សំណាង​។ ឪពុក​គេ​បាន​លាចាក​លោក​ពីរ​បី​ឆ្នាំ​កន្លង​ទៅ​ហើយ​ដោយសារ​ជំងឺ ឯ​ម្ដាយ​របស់​គេ​ជា​គ្រូបង្រៀន​ក្នុងភូមិ​ដែល​មាន​ការគោរព​កោតសរសើរ​ជា​ច្រើន​ពី​អ្នកភូមិ​”​។ អ្នកដំណើរ​សួរ “​ហើយ​ចុះ​ក្រែង​ថា ម្ដាយ​គេ​នៅក្នុង​ថង់យាម​នោះ​អី​”? ពូ​បន្ត “​ម្ដាយ​គេ​ពិតជា​នៅ​ក្នុង​នោះ​មែន ប៉ុន្តែ​ជា​បំណែក​ឆ្អឹង​”​។ អ្នកដំណើរ​ស្រឡាំងកាំង​គ្រប់គ្នា​។​

​បុរស​ខាងលើ​បន្ថែមថា ដោយសារតែ​ជីវភាព​ខ្វះខាត​បន្ទាប់​ពី​ប្ដី​ស្លាប់ ម្ដាយ​របស់ សំណាង ចង់​ស្វែងរក​ប្រាក់​ចំណូល​បន្ថែម​ដើម្បី​ផ្គត់ផ្គង់​គ្រួសារ គាត់​ក៏​បាន​សម្រេចចិត្ត​មក​ធ្វើជា​កម្មករ​សំណង់​នៅ​ទីក្រុង អំឡុង​ពេល​វិស្សមកាល​ដោយ​នាំ សំណាង មក​ជាមួយ​ដែរ​។ នៅ​ពេល​ថ្ងៃ​បើក​បវេសនកាល​ឆ្នាំ​ថ្មី​ខិត​ជិត​មក​ដល់ ពួកគេ​មាន​គម្រោង​ត្រលប់​ទៅ​ភូមិ​កំណើត​វិញ​ឆាប់ៗ​។ ប៉ុន្តែ​ជា​អកុសល ថ្ងៃ​ធ្វើការ​នៅ​ការដ្ឋាន​សំណង់​ចុងក្រោយ គាត់​ត្រូវ​របា​ដែក​ធំ​មួយ​ធ្លាក់​លើ​ស្លាប់​ភ្លាមៗ​។ ផេះ និង​បំណែក​ឆ្អឹង​ត្រូវបាន​ប្រមូល​ដាក់​ក្នុង​កោដ្ឋ​នៅក្នុង​ថង់យាម​របស់​ក្មួយ សំណាង​។​

​ស្ត្រី​ចំណាស់​មិន​អាច​ទប់​ទឹក​ភ្នែក​ជាប់ ខណៈ​អ្នក​ផ្សេង​ទៀត​ស្ដាប់​រហូត​ភាំង​ស្មារតី​ទាំង​ទឹកមុខ​ស្រងូតស្រងាត់ ហើយ​គាត់​សួរថា “​តើ​ក្មួយ​សំណាង នឹង​បាន​បន្ត​ការសិក្សា​ទៀត​ទេ​””? បុរស​ជា​ពូ​គ្រវីក្បាល​និយាយ​មិន​ចេញ សំណាង បាន​ឆ្លើយ​ជំនួស “​ខ្ញុំ​នឹង​ទៅ​អាន​សៀវភៅ​ឲ្យបាន​ច្រើន​នៅ​តាម​តូប​លក់​សៀវភៅ​នៅ​ក្បែរ​ការដ្ឋាន​សំណង់​របស់​ពូ​ជា​រៀងរាល់ថ្ងៃ​”​។ អ្នកដំណើរ​ទាំងអស់​ពេល​បាន​ស្ដាប់​រឿងរ៉ាវ​កម្សត់​វេទនា​គ្មាន​ទីពឹង​របស់​ក្មេងប្រុស សំណាង ចាប់ផ្ដើម​ក្ដុកក្ដួល​អួលដើមក​ស្រក់​ទឹកភ្នែក​មិនដឹង​ខ្លួន ហើយ​សន្យា​ប្រមូល​សៀវភៅ​ឲ្យ សំណាង អាន​នៅផ្ទះ​។ ចំណែក​ស្ត្រី​ពពោះ​បាន​ប្ដូរ​ទឹកមុខ​បង្ហាញ​ភាព​សោកស្ដាយ​ខ្លាំង​នូវ​កំហុស​ខ្លួនឯង និង​បាន​សុំទោស សំណាង ផងដែរ​៕

​គំនិត​អប់រំ​៖ កុំ​ខ្វល់​អ្នកដទៃ​គិត ឬ​វាយតម្លៃ​មក​លើ​យើង រឿង​សំខាន់​យើង​ដឹង​ខ្លួន​ឯង​ថា​យើង​ដើរ​លើ​ផ្លូវ​ត្រូវ​របស់​យើង​។ ក្មេងប្រុស​សំណាង មាន​ម្ដាយ​ល្អ អប់រំ​កូន​ឲ្យ​ល្អ និង​ឧស្សាហ៍​ព្យាយាម មិន​ទុក​ពេលវេលា​ទំនេរ​ចោល​ដោយ​ឥត​ប្រយោជន៍​។ ទោះបីជា​ក្រីក្រ ប៉ុន្តែ​ម្ដាយ​ម្នាក់​នេះ​មិន​ដែល​ធ្វើឲ្យ​កូន​មាន​អារម្មណ៍​ខ្លាច ឬ​មាន​អារម្មណ៍​អន់​ជាង​អ្នក​ដទៃ​ទេ គាត់​តែងតែ​បង្រៀន​ឲ្យ​កូន​គាត់​គិត​រឿង​វិជ្ជមាន​ល្អៗ អត់ធ្មត់ កុំ​ខ្វល់​ពាក្យ​ប្រមាថ​មាក់ងាយ​របស់​អ្នកដទៃ​។ (ផ្ដល់សិទ្ធិ៖ ឡូយកប់)

ហាមលួចចម្លងអត្ថបទ​ពីវេបសាយ Morningfresh.news ដោយគ្មានការអនុញ្ញាត
error: ហាម​លួចចម្លង​អត្ថបទ​នេះ!