សុំឪពុកទិញឡានមិនបាន ខឹងចិត្តរត់ចេញពីផ្ទះ ច្រើនឆ្នាំផុត​ទៅត្រលប់មកវិញ ទើបភ្ញាក់ផ្អើល

ជេ​មស៍ ជា​និស្សិត​រៀន​នៅ​មហាវិទ្យាល័យ​មួយ គេ​តែងតែ​សរសើរ​មិន​ដាច់​ពី​មាត់​អំពី​ប្រភេទ​រថយន្តស្ព័​រ​ជា​យូរ​មក​ហើយ និង​ចង់​បាន​មក​ជិះ​នា​ពេល​ណាមួយ​។ រូប​គេ​ដឹងថា​ឪពុក​ខ្លួន​មាន​លទ្ធភាព​អាច​ទិញ​ឲ្យតែ​រងចាំ​ឱកាសល្អ​មកដ​ល់​។​

​ថ្ងៃមួយ គេ​បាន​ប្រាប់​ត្រង់ៗ​ទៅកាន់​ឪពុក​ថា ខ្លួន​ចង់​បាន​រថយន្តស្ព័​រ​ជាកា​ដូ​នៅ​ថ្ងៃ​បញ្ចប់​ការសិក្សា​របស់​ខ្លួន​។ លុះ​ថ្ងៃ​ទទួល​សញ្ញាប័ត្រ​មកដល់ ឪពុក​បាន​ហៅ​កូនប្រុស​ចូលទៅក្នុង​បន្ទប់​តែ​ពីរ​នាក់ ហើយ​និយាយ​ទាំង​រីករាយ​ថា “​ពុក​មាន​មោទនភាព​ណាស់​ដែល​មាន​កូនប្រុស​ល្អ​ដូច​រូប​កូន​។ តើ​កូន​ស្រលាញ់​ពុក​ប៉ុណ្ណា​? ពុក​ជូន​កាដូ​មួយកញ្ចប់​នេះ​ទៅ​ឲ្យ​កូន តើ​កូន​ពេញចិត្ត​ទេ​?

​ភ្លាមៗ​បន្ទាប់ពី​ទទួលបាន​កាដូ កូនប្រុស​ប្រែ​ទឹកមុខ​ជា​ក្រហម​ខឹង​ខ្លាំង ព្រោះ​មិន​បាន​រថយន្ត​តាម​ការចង់បាន​។ ទោះ​វា​ជា​កញ្ចប់​កាដូ តែ​គេ​នៅតែ​ចង់​បើក​មើលថា​មាន​អ្វី​នៅក្នុង​នោះ​។ គេ​បាន​បើក​ប្រអប់​យឺតៗ​អ៊ុត​មើល​ស្រាប់តែ​ឃើញ​សៀវភៅ​មួយ​ក្បាល​ទៅ​វិញ​។ កាដូរ​នេះ​ធ្វើឲ្យ ជេ​មស៍ រឹតតែ​ខឹង​ខ្លាំង រហូត​ស្រែក​គំហក​ដាក់​ឪពុក​ថា “​ក្រែង​ពុក​ជា​អ្នក​មាន ម៉េច​បាន​ជា​ពុក​ឲ្យ​សៀវភៅ​នេះ​វិញ​”​។ និយាយ​ចប់ គេ​បាន​គ្រវែង​កាដូ​នេះ​នៅ​ពីមុខ​ឪពុក និង​បាន​រត់​ចេញពីផ្ទះ​ជា​រៀងរហូត ដោយ​ឃាត់​លែង​បាន​។​

​ពេលវេលា​កន្លងផុតទៅ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ ជេ​មស៍ បាន​ក្លាយជា​អ្នកជំនួញ​កាក់កប​ម្នាក់​។ គេ​បាន​រៀបការ និង​មានកូន​២​នាក់​ថែមទៀត​។ គ្រួសារ​របស់​គេ​រស់នៅ​ក្នុងផ្ទះ​ដ៏​ស្រស់​ស្អាត​មួយ ប៉ុន្តែ​អារម្មណ៍​គេ​នៅតែ​ឈឺចាប់ ព្រោះ​បាន​ផ្ដាច់ទំនាក់ទំនង​ជាមួយ​ឪពុក​។ ជេ​មស៍ មិនដែល​ឃើញ និង​មិន​ដែល​ទៅលេង​ឪពុក​ឡើយ ចាប់តាំងពី​ថ្ងៃ​បញ្ចប់​ការសិក្សា​នោះ​មក​។​

​ថ្ងៃមួយ រូបគេ​បាន​ទទួល​សារ​ដ៏​សោកសៅ​មួយ​ដោយ​ប្រាប់ថា​ឪពុក​របស់​គេ​បាន​លាចាក​លោក​ទៅ​ហើយ​។ បន្ទាប់​ពី​ផ្ទៀងផ្ទាត់​លិខិតស្នាម​នានា ជេ​មស៍ បាន​ទទួល​មរតក​ពី​ឪពុក​ទាំងអស់​ដោយ​ស្របច្បាប់​។ ពេល​ទទួលដំណឹង​ថា ខ្លួន​ទទួល​ទ្រព្យសម្បត្តិ​ពី​ឪពុក​ហើយ គេ​បាន​ធ្វើដំណើរ​ទៅកាន់​ផ្ទះ​ឪពុក រួច​ដើរ​ចូល​ក្នុង​បន្ទប់​ឪពុក និង​រក​មើល​លិខិតស្នាម​សំខាន់ៗ​នៅ​សេសសល់​ផ្សេងទៀត​។​

​ពេលនោះ គេ​ស្រាប់តែ​ប្រទះ​ឃើញ​សៀវភៅ​មួយ​ក្បាល​ដែល​ឪពុក​ធ្លាប់​ជូន​កាល​ថ្ងៃ​ចែក​សញ្ញាប័ត្រ ហើយ​គេ​បានឃើញ​ពាក្យ​មួយ​ឃ្លា ឪពុក​គូសបន្ទាត់​ពីក្រោម​ដោយ​សរសេរថា “​ប្រសិនបើ​អ្នកដឹង​ពី​របៀប​ជូន​កាដូ​ដ៏​ល្អ​ឲ្យ​កូន តើ​អ្នកនឹង​ជូន​តម្លៃ​ច្រើន​ប៉ុណ្ណា​?” អាន​បណ្ដើរ​គិត​បណ្ដើរ ស្រាប់តែ​កូនសោ​មួយ​ធ្លាក់​ចេញពី​ខ្នង​សៀវភៅ​។ រំពេច​នោះ គេ​បាន​ភ្ញាក់ខ្លួន​ព្រើត​នឹកឃើញ​ថា វា​ជា​កូន​សោ​រថយន្តស្ព័​រ ដែល​ខ្លួន​ចង់​បាន​កាល​ថ្ងៃ​បញ្ចប់​សញ្ញាប័ត្រ​ទេតើ​។ ជេ​មស៍ ក៏​បាន​ឃើញ​នៅ​បន្តោង​សោមាន​សរសេរ​ថ្ងៃខែ​បញ្ចប់​ការសិក្សា​របស់​ខ្លួន និង​ពាក្យ​មួយ​ឃ្លា​ថា “​ពុក​បាន​ជូន​អ្វី​ដែល​កូន​ចង់បាន​ហើយ​។​” អ្វីៗ​បាន​កន្លង​ហួស​អស់ ជេ​មស៍ បាន​ត្រឹម​សម្រក់​ទឹកភ្នែក​ទាំង​អារម្មណ៍​ក្ដុកក្ដួល និង​មាន​វិប្បដិសារី​ប៉ុណ្ណោះ​៕

​តម្លៃ​អប់រំ​រឿង​៖ ភាព​ឆេវឆាវ ឆាប់​ខឹង ធ្វើឲ្យ​មនុស្ស​ខាតបង់​ផលប្រយោជន៍ និង​ទំនាក់ទំនង​មួយ​រំពេច​។ គ្រប់​គ្នា​ត្រូវ​រៀន​ទប់​កំហឹង មិនឆាប់​បញ្ចេញ​ប្រតិកម្ម​ពេក​ទេ ព្រោះ​នឹង​ធ្វើឲ្យ​យើង​គិត​មិនបាន​គ្រប់​ជ្រុងជ្រោយ​។ ឪពុក​ម្ដាយ​តែងតែ​សប្បាយរីករាយ មាន​មោទនភាព ពេល​ឃើញ​កូន​ខ្លួន​រៀនសូត្រ​ចេះដឹង​។ ក្នុងនាម​ជា​កូន ទោះបីជា​យើង​គិត​ថា​ឪពុក​ម្ដាយ​ធ្វើឲ្យ​យើង​មិន​សប្បាយចិត្ត ក៏​មិន​ត្រូវ​កាត់​ផ្ដាច់ទំនាក់ទំនង​ជាមួយ​គាត់​ដែរ យ៉ាងហោច​ណាស់​គិតថា​មាន​ពួកគាត់ ទើប​មាន​រូបអ្នក​បានរស់នៅ​នាពេលនេះ​។​

ហាមលួចចម្លងអត្ថបទ​ពីវេបសាយ Morningfresh.news ដោយគ្មានការអនុញ្ញាត
error: ហាម​លួចចម្លង​អត្ថបទ​នេះ!