បើដឹងឪពុកម្ដាយធ្វើបែបនេះ រកប្រាក់ឲ្យរៀននៅបរទេស កូនប្រាកដជាស្រក់ទឹកភ្នែក
ឪពុកម្ដាយតែងតែព្យាយាម និងធ្វើយ៉ាងណាឲ្យកូនមានជីវិតល្អប្រសើរនាថ្ងៃអនាគត។ ទោះបីជាគាត់ជួបការលំបាកច្រើន និងជីវភាពខ្វះមុខខ្វះក្រោយ ក៏ពួកគាត់នៅតែខិតខំឲ្យអស់សមត្ថភាព ដើម្បីឲ្យកូនធំឡើងមានឱកាសបានចូលសាលារៀនក្រេបជញ្ជក់យកចំណេះវិជ្ជាទុកជាស្ពាន។
នៅខេត្តអានហ៊ុយ ប្រទេសចិន មានរឿងរ៉ាវរំជួលចិត្តមួយដែលធ្វើឲ្យគេចាប់អារម្មណ៍យ៉ាងខ្លាំងកាលពីពេលថ្មីៗនេះ។ ដើម្បីបង់ថ្លៃឈ្នួលសាលាឲ្យកូនបានទៅរៀនក្រៅប្រទេស ឪពុកពិការភ្នែកឈ្មោះ Gao Guang Lin បានដើរសុំទានតាមដងផ្លូវជាមួយភរិយា។ នៅពេលពួកគាត់រកបានប្រាក់ច្រើនពីការអាណិតអាសូររបស់អ្នកដំណើរ ពួកគាត់បានយកកាក់ទាំងនោះទៅដូរនៅតាមធនាគារ។
ជារឿងមិននឹកស្មាន ថ្ងៃមួយពួកគាត់ត្រូវបានបុគ្គលិកធនាគារបណ្ដេញចេញមកវិញ ព្រោះពួកគេគិតថា អ្នកសុំទានទាំងពីរអាចបង្កបញ្ហាដល់ខាងធនាគារ រួចក៏បដិសេធមិនប្ដូរកាក់ឲ្យឡើយ។ លោកតា Gao Guang Lin អាយុ ៤៩ឆ្នាំ មិនអាចមើលឃើញប្រពន្ធរបស់ខ្លួន ឯប្រពន្ធគឺលោកយាយ Wang Fang អាយុ ៥៤ឆ្នាំមានសភាពពិបាកដើរព្រោះជើងមានបញ្ហា។
ចំពោះមូលហេតុដែលធ្វើឲ្យអ្នកទាំងពីរសុំទាន គឺចាប់តាំងពីគ្រោះរាំងស្ងួតកើតឡើងកាលពីខែកក្កដា ឆ្នាំមុន ដំណាំស្រូវសាលីរបស់ពួកគាត់មិនបានផ្ដល់ផលល្អឡើយ។ ជីវភាពពួកគាត់ពឹងផ្អែកលើដំណាំទាំងស្រុងហើយចំណូល គឺសម្រាប់បង់ថ្លៃសាលាឲ្យកូនរៀន។ ព្រោះតែកូនៗត្រូវការប្រាក់ច្រើនសម្រាប់ចាយវាយនៅបរទេស ពួកគាត់ទាំងពីរនាក់ត្រូវបង្ខំចិត្តចេញសុំទានតាមដងផ្លូវទាំងថ្ងៃទាំងយប់។
ពេលពួកគាត់វង្វេងផ្លូវ ប្រពន្ធលោកតា Gao ក៏មិនអាចឈរបានយូរ និងរកផ្លូវមកផ្ទះវិញមិនឃើញ ពួកគាត់ក៏គេងក្រោមស្ពានទាំងយប់តែម្ដងដូចជនអនាថា។ ទោះបីជា Gao ពិការភ្នែក ប៉ុន្តែគាត់មានជំនាញធ្វើរបស់តូចៗជាវត្ថុអនុស្សាវរីយជូនអ្នកដំណើរដែលបានបរិច្ចាគប្រាក់ឲ្យគាត់ដោយភាពស្មោះត្រង់។ នៅពេលប្រមូលបានកាក់ច្រើន ធនាគារក៏មានច្រើនបានបដិសេធមិនប្ដូរជាសាច់ប្រាក់ឲ្យ។ ពួកគាត់ត្រូវដើរស្វែងរកពីធនាគារមួយទៅធនាគារមួយ រហូតដល់ធនាគារ Postal Savings Banks of China ទើបគេព្រមទទួលប្ដូរឲ្យ។
បុគ្គលិកធនាគារខាងលើដឹងថា ប្ដីប្រពន្ធមួយគូនេះ មើលទៅរស់នៅយ៉ាងលំបាក ហើយខាងបុគ្គលិកក៏បានទិញចំណីអាហារជូនខ្លះដែរ ខណៈពួកគាត់កំពុងរង់ចាំ។ ពេលបុគ្គលិកកំពុងរាប់កាក់ និងរៀបជាគំនរលើតុ ប្ដីប្រពន្ធទាំងពីរឆ្លៀតពេលប៉ាក់កូនស្បោងថែមទៀត។ ទីបំផុត ខាងធនាគារបានរាប់រួចរាល់ រហូតដល់ជិតព្រលប់។ កាក់សរុបមានជាង ៣ពាន់ឯណោះ តម្លៃ ៣០០យ័ន ឬស្មើប្រមាណជាង ៤៧ដុល្លារដែលពួកគាត់បានដើរសុំពីរបីថ្ងៃ។ អ្នកទាំងពីរបានឲ្យគេវេរប្រាក់នេះឲ្យកូន ២នាក់ ដែលកំពុងរៀននៅក្រៅប្រទេស។
ពួកគាត់បានអរគុណខាងធនាគារ រួចដើរចេញមកវិញ ដោយមិនមានទុកកាក់មួយសេនសម្រាប់ខ្លួនឯងឡើយ។ ចំណែកកូនៗមិនបានដឹងពីប្រភពប្រាក់ដែលឪពុកម្ដាយរកទេ ព្រោះគិតថាដាំដំណាំ។ ទឹកចិត្តឪពុកម្ដាយទាំងពីរនេះ បានគិតសុខទុក្ខរបស់កូនជាងសុខទុក្ខខ្លួនឯងទៅទៀត។ ពួកគាត់រំពឹងថា ពេលកូនមានចំណេះវិជ្ជា កូនៗនឹងមើលថែពួកគាត់វិញនាថ្ងៃអនាគតជាមិនខាន។ រឿងរ៉ាវទាំងនេះបានធ្វើឲ្យគេរំជួលចិត្ត និងកោតសរសើរឪពុកម្ដាយនេះយ៉ាងច្រើន ចំពោះសេចក្ដីលះបង់ដ៏ធំធេងមិនខ្លាចហត់នឿយ៕ (ប្រែសម្រួល៖ Morning Fresh)