ពិតអត់ បើស្រលាញ់កុំទិញរបស់ទាំងនេះជូនគ្នា ប្រយ័ត្នទឹកភ្នែក?
រូបថតមួយសន្លឹកកំពុងទទួលការចាប់អារម្មណ៍នៅលើបណ្ដាញសង្គមហ្វេសប៊ុក រហូតមានអ្នកចែកចាយបន្តរាប់ពាន់ដងដែលជារូបថតស្បែកជើងថ្មីទើបបើកពីប្រអប់មួយគូ រួមនឹងខ្សែក្រវាត់មួយ ប៉ុន្តែវត្ថុទាំងនេះត្រូវបាននារីជាម្ចាស់មានជំនឿថា បានធ្វើឲ្យនាង និងមិត្តប្រុសបែកបាក់គ្នាក្នុងថ្ងៃតែមួយ។
ម្ចាស់គណនីហ្វេសប៊ុកជានារីស្រស់ស្អាតម្នាក់ ឈ្មោះ Belle Nan បានអះអាងទាំងមានជំនឿថា នាងបានស្រលាញ់គ្នាជាយូរមកហើយ មិនដែលទិញអ្វីជូនគ្នាធំដុំឡើយ ទើបតែថ្ងៃខួបកំណើតមិត្តប្រុសនេះ នាងសម្រេចចិត្តទិញស្បែកម៉ាកល្បីមួយគូជូនមនុស្សជាទីស្រលាញ់ តែមិននឹកស្មានថា ក្នុងថ្ងៃនោះបែរជានាងត្រូវបែកគ្នាទៅវិញ។ ចំណែកស្នេហាលើកដំបូង ក៏នាងបែកបាក់ដោយសារទិញនាឡិកាជូនមិត្តប្រុសដែរ។
តាមការចំណាំរបស់នាង ចង់សំដៅថា កាដូជារបស់ទាំងនេះជាប្រផ្នូលមិនល្អ ឬជាសញ្ញានៃការបែកបាក់។ នាងបានសរសេររៀបរាប់ដូច្នេះថា «ដែលឮគេនិយាយអត់ ថាហាមទិញស្បែកជើង នាឡិកា ទឹកអប់ កន្សែងឲ្យមនុស្សដែលខ្លួនស្រលាញ់ ព្រោះម៉ានមុខហ្នឹង វាតំណាងឲ្យកាបែកបាក់។ និយាយថាខ្ញុំជឿលើរឿងបែបហ្នឹងក៏បានដែរ ព្រោះខ្ញុំ ធ្លាប់ជួបរួចមកហើយ តែម៉េចហេតុអី ខ្ញុំនៅតែប្រឆាំងទិញរបស់បែបហ្នឹងទៀត។
ឥលូវម្តងទៀតហើយ គ្រាន់តែទិញត្រៀមមិនទាន់ដល់ដៃម្ចាស់វាផង តែឃើញមិនទាន់បានឃើញផង បែកគ្នាបាត់ ទិញថ្ងៃណាបែកថ្ងៃហ្នឹង ពិតជាសាហាវមែន។ ខ្ញុំរាងហើយ ហើយក៏សន្យានឹងខ្លួនឯងថា ឈប់ទិញរបស់បែបហ្នឹងឲ្យសង្សារទៀតដែរ ព្រោះវាជាលើកទី២ ហើយ គ្រាន់តែលើកមុននាឡិកា ជាប្រផ្នូលកំណត់ពេលវេលាបែក លើកនេះ ស្បែកជើង តំណាងឲ្យកាដើរចេញ ឬចាកចេញ ថាមិនចង់ post ម៉ានទេ គ្រាន់តែចង់ឲ្យគ្រប់គ្នា និងកុំទិញរបស់បែបហ្នឹងឲ្យមនុស្សដែលខ្លួនស្រលាញ់ឲ្យសោះ។
ពិបាកវាចម្លែកមែនទែន សង្សារមុនស្រលាញ់គ្នា ១ឆ្នាំ គ្រាន់តែទិញនាឡិកាឲ្យបែកគ្នាដល់ឥលូវ មកឥលូវ សង្សារក្រោយនេះ ស្រលាញ់គ្នា២ឆ្នាំហើយ ខ្ញុំមិនដែលទិញអីឲ្យទេ នេះថ្ងៃខួបគេក៏មិនជឿ សាកទិញម្តងទៀត ទិញភ្លាម បែកភ្លាម។ ខ្ញុំស្រលាញ់គ្នា២ឆ្នាំហើយ នៅជាមួយដូចប្តីប្រពន្ធ ជួបគ្នារាល់ថ្ងៃមិនដែលខាន ១ថ្ងៃម៉េច ហើយមកបែកគ្នាដោយគ្មានរឿងអីសោះ មិនឲ្យជឿ។ យើងគ្មានរឿងអីធំដុំជាមួយគ្នាទេ ខ្ញុំទិញឲ្យហ្នឹងព្រោះវាជាថ្ងៃខួបគាត់ គិតថានឹង surprise គាត់ មានណាទាស់ពាក្យសំដីគ្នាថ្ងៃនោះក៏បែកគ្នាម៉ង់ទៅ។
ខ្ញុំក៏មិនជឿ រឿងឆ្កួតឡប់អីហ្នឹងដែរ បើខ្ញុំជឿ ខ្ញុំមិនមែនទៅទិញឲ្យទេ ហើយមិនមែនខ្ញុំមិនធ្លាប់ជួបរឿងហ្នឹងទេ វាជួបម្តងហើយ តែមកពីអត់ជឿទើបទិញម្ដងទៀត»។ ចំណែកអ្នកប្រើប្រាស់បណ្ដាញសង្គមផ្សេងទៀតបានបញ្ចេញការយល់ឃើញខុសៗគ្នាមានអ្នកស្រប និងផ្ទុយទៅវិញថា «កុំជឿរឿងបែបនោះអី វាមិនពិតទេ។ ការបែកគ្នាបណ្តាលមកពីភាពមិនចុះសម្រុងគ្នា មិនយល់ចិត្តគ្នា ភាពអស់ចិត្តរវាងគ្នានឹងគ្នា និងការមិនទុកចិត្តគ្នាទៅវិញទេ។ បើគិតថា ទិញនាឡិកាតំណាងឲ្យពេលវេលាបែក ហើយស្បែកជើងតំណាងឲ្យការដើរចេញ ចុះហេតុអីមិនទិញ កាវបិទ 502 ម៉ង់ទៅព្រោះវាតំណាងឲ្យភាពជាប់ស្អិតរមួតបេះមិនចេញ។
ចំណែកខ្ញុំ ពីមុនក៏មិនជឿដែរតែពេលនេះជឿហើយ លើកទីមួយនាឡិកា គ្រាន់តែទិញឲ្យពាក់មិនទាន់បានប៉ុន្មានផងបែកគ្នាបាត់ តែខ្ញុំនៅតែមិនទាន់ជឿ គិតថាមកពីចិត្តមនុស្សទេ លើកទីពីរ កន្សែងគ្រាន់តែទិញអោយហើយភ្លាមមានរឿងរកាំរកូសជាមួយគ្នារហូតដល់បែកគ្នា ពេលនេះរាងហើយគ្មានលើកទី ៣ទៀតទេ។
ពេលខ្លះវាមិនសំខាន់ទៅលើរបស់ទាំងអស់នោះទេ គឺសំខាន់លើចិត្តគេ តើគេផ្តល់តម្លៃលើទឹកចិត្តយើងអត់? បើគេលែងខ្វល់ លែងស្រលាញ់ ទិញតែស្ករគ្រាប់ឲ្យក៏បែកគ្នាដែរ តែបើគេស្រឡាញ់ឲ្យតម្លៃយើង ទោះទិញស្បែកជើងឲ្យ១០គូ គឺគេពាក់ទាល់តែកញ្ចាស់។ ឯខ្ញុំស្រលាញ់គ្នា ៦ឆ្នាំ ខោអាវ ស្បែកជើង នាឡិកា កាបូប ក្នុងទូគាត់គឺខ្ញុំទិញឲ្យទាំងអស់ បើនិយាយពីស្បែកជើងវិញ មួយខែសឹងតែទិញមួយគូហើយ ព្រោះគាត់ពាក់ឆាប់ដាច់ គិតមើល ៦ឆ្នាំតើប៉ុន្មានគូ តែគ្មានបែកអីផង ខ្ញុំជិតរៀបការហើយ។
ចំពោះខ្ញុំអត់ជឿទេ តែខ្ញុំក៏មិនប្រមាថដែរ សង្សារខ្ញុំម្នាក់ទិញទឹកអប់អោយតែពួកខ្ញុំអត់បែកគ្នាផង វិញ្ញាណគេនៅជិតខ្ញុំរហូត ព្រោះទិញទឹកអប់ឲ្យបាន ៥ថ្ងៃ គាត់គ្រោះថ្នាក់ចរាចរណ៍ស្លាប់បាត់។ មិនសូវជឿតែក៏មិនហ៊ានប្រមាថដែរ។ ជំនឿ ជឿតាមចំណាំ ចំណាំខ្លះត្រូវ ខ្លះមិនត្រូវ។ ចំពោះប្រិយមិត្តអ្នកអានវិញ ធ្លាប់ជួបករណីទិញរបស់ខាងលើមិត្តប្រុសមិត្តស្រី ហើយបែកគ្នាទេ? (សម្រួលអត្ថបទ៖ Morning Fresh)