លាទាំងអាល័យ! ខំស្រលាញ់ធ្វើសង្សារនឹងគ្នា៩ឆ្នាំ បែរត្រូវព្រាត់គ្នាដោយសាររឿងនេះ
រឿងរ៉ាវស្នេហាមួយកំពុងធ្វើឲ្យមនុស្សជាច្រើនរំជួលចិត្តអាណិត និងភ្ញាក់ផ្អើលនៅតាមបណ្ដាញសង្គមហ្វេសប៊ុក បន្ទាប់ពីឃើញទំនាក់ទំនងជាសង្សារនឹងគ្នារហូតដល់ទៅជាង ៩ឆ្នាំ បែរចុងក្រោយត្រូវព្រាត់ប្រាស់គ្នាទាំងចិត្តអ្នកទាំងពីរនៅស្រលាញ់គ្នាស្ទើរលេប។
បុរសស្មោះស្នេហ៍ម្នាក់ បានបង្ហាញភាពសោកស្ដាយ មិនអស់អាល័យចំពោះមិត្តស្រីដែលខ្លួនបានស្រលាញ់ ថែរក្សាដូចផ្កា ជិតមួយទសវត្សរ៍ បែរត្រូវទៅរៀបការជាមួយបុរសផ្សេង ធ្វើឲ្យលោកមានវិប្បដិសារីយ៉ាងខ្លាំង។ តាមការរៀបរាប់ បុរសកម្សត់នេះបានស្វែងយល់ស្គាល់ចិត្តគ្នាអស់ហើយជាមួយមិត្តស្រី សាងអនុស្សាវរីយ៍ល្អៗ ដើរលំហែកន្លែងមិត្តស្រីប្រាថ្នា យំផង សើចផងរាប់មិនអស់ ដឹកដៃគ្នាឆ្លងកាត់ឧបសគ្គរាប់ពាន់ជំពូក តែមិនអាចឆ្លងកាត់ឧបសគ្គដ៏ធំចុងក្រោយនេះបាន ទើបធ្វើឲ្យបែកបាក់គ្នា។
តាមរយៈសារក្ដុកក្ដួលចិត្តរបស់បុរសជាមិត្តប្រុសមានគណនីហ្វេសប៊ុកឈ្មោះ Yat Toch បានសរសេរលាចំណងស្នេហ៍ជាសង្សារដែលមានរយៈដ៏យូរអង្វែងនេះថា «លាហើយនាមជាសង្សារ ៩ឆ្នាំ! ថ្ងៃនេះជាថ្ងៃចុងក្រោយយើងទាំង២នាក់ លាហើយឈ្មោះថាជាសង្សារនឹងគ្នា។ ស្រលាញ់គ្នារាប់ឆ្នាំ ជាសង្សារនឹងគ្នាក៏រាប់ឆ្នាំដែរ ក៏តែងតែឈ្លោះប្រកែក ខឹង អន់ចិត្តនឹងគ្នារាប់មិនអស់ អនុស្សាវរីយ៍យើងទាំង២ក៏ច្រើនរាប់អស់ដែរ។
តែថ្ងៃនេះ ជាថ្ងៃចុងក្រោយហើយ អស់ហើយនិស្ស័យជាសង្សារ អស់ហើយឈ្មោះថាជាសង្សារនឹងគ្នាបន្តទៀតហើយក៏គ្មានថ្ងៃនឹងវិលត្រឡប់ មករកភាពសង្សារនឹងគ្នាសាជាថ្មីដែរ។ លាហើយនាមជាសង្សារ លាហើយណា លាហើយមនុស្សល្អរបស់បងហើយក៏ដឹងមុនថា ពួកយើងនឹងមានថ្ងៃនេះ គឺថ្ងៃដែលយើងត្រូវព្រាត់គ្នារហូត! តែក៏អគុណ សម្រាប់គ្រប់យ៉ាងកន្លងមក អរគុណ ដែលតែងតែបំពេញតួនាទី ជាសង្សារនិងគ្នាបានយ៉ាងល្អ។
អរគុណដែលស្រលាញ់នៅក្បែរមើលថែគ្នា ដោយចិត្តនិងចិត្ត មិនគិតមិនខ្វល់ពីអ្នកដទៃ ចង់អ្នកណានិយាយអី ក៏អូនមិនដែលនឹងខ្វល់ ឬរេរាតាមពាក្យគេដែរ តែថ្ងៃនេះ ហើយក៏ជាថ្ងៃចុងក្រោយរវាងយើងទាំង២ ដែលជាសង្សារ ព្រោះពេលនេះអូនមានគូរដណ្ដឹង ហើយបន្តិចទៀតអូនក៏ត្រូវរៀបការដែរ។ មិនគួរណាការតស៊ូ ព្យាយាមស្រលាញ់អូន បងបានទ្រាំ និងឆ្លងកាត់នូវបញ្ហា ការលំបាកជាច្រើន តែទីបញ្ចប់បងនៅតែត្រូវបាត់បង់អូន។
បងមិនខឹងនឹងអូនទេ ធ្វើម៉េចបើពួកយើងទាំង២មិនមែនគូនឹងគ្នា សុំទោសរយៈកន្លងមកដែលបងមើលថែអូនមិនបានល្អ ជាតិក្រោយបងនឹងសងអូនគ្រប់យ៉ាង (ហេតុអ្វីកូនកំលោះមិនមែនជាខ្ញុំ ហេតុអ្វីឈុតកូនកំលោះមិនមែនជាខ្ញុំជាអ្នកពាក់…ហេតុអ្វី»? បើតាមការបញ្ជាក់របស់បុរសអភ័ព្វស្នេហ៍ខាងលើ មូលហេតុបែកគ្នា គឺគ្រួសារសងខាងមិនត្រូវគ្នាទើបក្លាយជាបែបនេះ។
ចំណែកអ្នកប្រើប្រាស់ហ្វេសប៊ុកបានបញ្ចេញមតិខុសៗគ្នាចំពោះចំណងស្នេហ៍អ្នកទាំងពីរ «ការស្រលាញ់គ្នាយើងត្រូវការស្វែកយល់ចិត្តគ្នាវាជារឿងត្រឹមត្រូវហើយ តែនេះយូរពេកហើយណាបងប្រុសអើយ សម្រាប់មនុស្សស្រីគ្រប់គ្នាអ្វីដែលហួសហើយសូមបងគិតសារជាថ្មីទៅបងលើកក្រោយកុំអោយមានរឿងចឹងទៀតណាបងត្រូវចេះថែរក្សានាងអោយបានល្អ ហើយនឹងធ្វើអ្វីអោយនាងជឿថា បងស្រលាញ់នាងជាអនាគតពិតប្រាកដមែន។
គួរតែសួរខ្លួនឯងទើបត្រូវ ៩ឆ្នាំល្មមហើយ នាងអត់ធ្មត់ចាំអ្នក ៩ឆ្នាំហើយ ឆ្លងកាត់មាត់ចាបមាត់ព្រាបអ្នកជិតខាងគ្រប់សព្វបែបយ៉ាង ប៉ុន្តែចុះអ្នកវិញ នៅតែមិនផ្តល់ក្តីស្នេហាដ៏ជាក់លាក់សម្រាប់នាង គ្មានមនុស្សស្រីណាចង់រស់នៅក្នុងនាម ជាសង្សារអស់មួយជីវិតទេ។ ដូច្នេះល្មមដល់ពេលហើយ ដែលនាងត្រូវបើកឱកាសឲ្យខ្លួនឯង រកមនុស្សដែលគិតពិតប្រាកដរឿងអនាគតជាមួយនាង។
គេជាស្រីគេមិនមែនប្រុសទេ អោយគេចាំគេមិនមែននៅក្មេងរហូតទេ ហើយមិនដឹងទ្រាំយ៉ាងណាទេ ហើយមិនដឹងទទួលពាក្យសំដីមាត់ចាមាត់ព្រាបប៉ុណ្ណាទេ បើស្រឡាញ់ពិតមិចមិនចូលដណ្តឹងគេ ឫចាំគេចូលដណ្តឹងវិញ ឫចាំទាល់តែមានអ្វីៗគ្រប់យ៉ាងបើចាំទាល់តែមានអ្វីៗគ្រប់គឺវាចឹង គេក៏ចង់រៀបការដូចស្រីដទៃដែល ពេលគេនៅមិនថែមិនផ្តល់អ្វីដែលគេចង់បាន ដល់ពេលបាត់បង់ទើបស្តាយក្រោយទោះស្តាយក្រោយក៏ហួលពេលដែល ចូលចាំផងទៅកុំធ្វើដាក់មនុស្សស្រីដែលត្រូវមកជួបអ្នកក្រោយទៀត។
មនុស្សស្រីណាក៏ដូចមនុស្សស្រីណាតែងតែចង់បានផ្កាស្លាពីមនុស្សដែលនាងស្រលាញ់ពេញចិត្ត។ នាងទុកពេលឲ្យដល់ទៅ៩ឆ្នាំ តែអ្វីដែលបានមកវិញ គឺការខកបំណង។ នាងសម្រេចចិត្តជ្រើសរើសអ្នកថ្មី ក៏ព្រោះតែអ្នក។ មនុស្សប្រុសចង់នៅលីវ៣០ ឬ៤០ឆ្នាំក៏មិនមានបញ្ហា តែនាងជាមនុស្សស្រី អ្នកថាស្រលាញ់នាង អ្នកមានដែលគិតពីអារម្មណ៍នាងអនាគតនាងទេ»?
បុរសជាសង្សារដដែលបញ្ជាក់បន្ថែមថា «ខ្ញុំត្រូវរៀបការតាំងពី ៥ឆ្នាំមុនមកម៉្លេះ តែមានបញ្ហាគ្រួសារ ពួកយើងបានលួចលាក់ស្រលាញ់គ្នា ទើបតែពេលនេះម៉ាក់ខាងស្រីដឹង ក៏បង្ខំឲ្យនាងរៀបការជាមួយបុរសផ្សេង។ នាងស្រលាញ់ខ្ញុំ តែនាងក៏ត្រូវតាមគ្រួសារដែរ មានតែបង្ខំបែកគ្នាទាំងចិត្តនៅស្រលាញ់»៕ (សម្រួលអត្ថបទ៖ Morning Fresh)