ពេលសារភាព ប្រកែកមិនព្រម ពេលបាត់បង់លែងត្រលប់ ទើបទម្លាយពាក្យ​ក្ដុកក្ដួលទាំងនេះ

​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ម្នាក់​មាន​គណនី​ឈ្មោះ Fah Fah ​បាន​បង្ហោះ​សារ​សោក​ស្ដាយ​​បំផុត​មួយ​ក្នុង​ជីវិត បន្ទាប់​ពី​មិត្តភ័ក្ដិ និង​ជា​មនុស្ស​ស្រលាញ់​នាង​ខ្លាំង ​បាន​បាត់​បង់​ជីវិត​ទាំង​នៅ​វ័យ​ក្មេង​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ​កាល​ពី​ពេល​ថ្មី​ៗ​នេះ។

​នាង​សោក​ស្ដាយ​ទាំង​ការ​បាត់​បង់​ជីវិត​ និង​ទំនាក់​ទំនង​ស្នេហា​ដែល​មិន​ទាន់​បាន​នឹង​ដុះ​ចេញ​ជា​ពន្លក​ស្រួល​បួល​ផង ​ព្រោះ​ថា ​បុរស​ម្នាក់​នេះ​បាន​ព្យាយាម​បង្ហាញ​ភក្ដី​ស្នេហ៍​ចំពោះ​នាង​ជា​ច្រើន​លើក​ច្រើន​សារ ​ថែម​ទាំង​សារភាព​ត្រង់​ៗ​ចំពោះ​នាង បែរ​ជា​នាង​បដិសេធ​មិន​ទទួល ​រហូត​បុរស​ម្នាក់​នេះ​លា​រហូត​លែង​ត្រលប់ ទើប​នាង​បង្ហាញ​អារម្មណ៍​​ស្ដាយ​ក្រោយ មាន​វិប្បដិសារី។

នាង​បាន​សរសេរ​ទាំង​ក្ដុក​ក្ដួល​មិន​អស់​ចិត្ត​នៅ​លើ​គណនី​ហ្វេសប៊ុក​ខ្លួន​ថា «សុំ​ទោស​ដែល​ខ្ញុំ​មិន​បាន​ផ្ដល់​ឱកាស​អោយ​អ្នក​សុំទោស​ 10000​ សុំទោស​ ខ្ញុំ​មាន​អារម្មណ៍​ខុស​ធ្ងន់​ណាស់​ សុំទោស​ជាតិ​នេះ​យើង​លែង​បាន​ជួបគ្នា​ទៀត​ហើយ​ កុំ​ទាន់​ចាក​ចេញ​បាន​ទេ​ សុំទោស ​សុំទោស​ពិតមែន។ ​អ្នក​ចង់​ឃើញ​ខ្ញុំ​ផុស Statusថា​ស្រឡាញ់​អ្នក​ហី ​ចាំ​ខ្ញុំ​ផុស​អោយ ​អ្នក​ចង់​ជូន​ខ្ញុំ​ទៅ​ដើរ​លេង​ទៅ​កន្លែង​ដែល​ខ្ញុំ​ប្រាថ្នា​ហី? ​ចាន់​ជុតិមា​ បែក​មួយ​ជីវិត បែក​គ្នា​មួយ​ជាតិ ​គ្មាន​ថ្ងៃ​នឹង​បាន​ជួប»។

ចំពោះ​សារ​ឆ្លង​ឆ្លើយ​ដែល​នារី​ជា​មិត្ត​ស្រី​បង្ហើប​ឲ្យ​ដឹង​នោះ​មាន​ជា​ច្រើន តែ​យើង​សូម​លើក​យក​សារ​ចាប់​អារម្មណ៍​មួយ​ចំនួន​ដែល​បុរស​កម្សត់​សរសេរ​ផ្ញើរ​នាង​ «​មនុស្ស​ស្រី​ដំបូង​ដែល​ខ្ញុំ​ស្រលាញ់​ខ្លាំង​បំផុត​ គឺ​ជា​អ្នក ទោះ​ពេល​នេះ​មិន​ត្រូវ​ជា​អ្វី​នឹង​គ្នា ក៏​ចិត្ត​ខ្ញុំ​នៅ​តែ​ស្រលាញ់ ​នៅ​តែ​នឹក នៅ​តែ​គិត។ ​មុន​ខ្ញុំ​ទៅ ​ខ្ញុំ​គ្រាន់​តែ​ចង់​ឭ​សម្លេង​អ្នក​មួយ​ម៉ាត់​ក៏​អ្នក​មិន​ឲ្យ​ខ្ញុំ​ឮ អ្នក​ជា​កម្លាំង​ចិត្ត​ដ៏​ធំ​សម្រាប់​ខ្ញុំ ​ខ្ញុំ​ស្រលាញ់​អ្នក​ណាស់​។

​ខ្ញុំ​នឹង​រង់​ចាំ​រឿង​ល្អៗ​ពី​មុន ទោះ​បី​ពេល​នេះ​អ្នក​ស្អប់​ខ្ញុំ​ដូច​ឆ្កែ​ក៏​ខ្ញុំ​នៅ​ស្រលាញ់ នៅ​គិត នៅ​ខ្វល់​នៅ​នឹក​ដូច​មុន​ក្នុង​នាម​ជា​មនុស្ស​ដែល​ខ្ញុំ​ស្រលាញ់​​ខ្លាំង​បំផុត។ ​សូម​ប្រាប់​ថា ស្រលាញ់​មួយ​ម៉ាត់​បាន​ទេ កុហក​ក៏​បាន​ដែរ។ មិត្ត​ស្រី​តប​វិញ​ថា​៖ ឈប់​រំខាន​ខ្ញុំ​ទៀត​ទៅ ​យល់​ហេ»? ​បន្ទាប់​ពី​នាង​បាន​អាន​សារ​ចាស់​ៗ​ទាំង​នេះ​ឡើង​វិញ នាង​មាន​ចិត្ត​ខក​ចិត្ត​ សោក​ស្ដាយ​ឥតឧបមា បាន​ត្រឹម​អង្គុយ​យំ​សម្រក់​ទឹក​ភ្នែក​ម្នាក់ឯង​ដោយ​ភាព​ឈឺចាប់។

គួរ​បញ្ជាក់​ថា ថ្ងៃទី​ ១៩​មេសា ២០១៨ វេលា​ម៉ោង​ ៥ល្ងាច មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​​មួយ​បាន​កើត​ឡើង​ដោយ​យុវជន​ម្នាក់​ឈ្មោះ ចាន់ ​ជុតិមា អាយុ​១៨ឆ្នាំ ជិះ​ម៉ូតូ​ម៉ាក Nex ទៅ​បុក​ដើម​គគីរ​ក្បែរ​របង​មន្ទីរ ពេទ្យ​បង្អែក ​ខេត្ត​កំពត​ បណ្តាល​អោយ​ស្លាប់​បាត់បង់​ជីវិត​នៅ​ហ្នឹង​កន្លែង​តែម្តង​។

បើ​តាម​អ្នក​ជិត​ខាង​ម្នាក់​អះអាង​ថា ឪពុក​ជន​រង​គ្រោះ​បាន​និយាយ​ទាំង​អួល​ដើម​ក​ប្រាប់​ថា ​ម៉ូតូ​កូន​របស់​គាត់​ម៉ាក​អាសង់​ឌ្រីម​ទេ តែ​កូន​ខ្ចី​ម៉ូតូ​មិត្តភ័ក្ដិ​​ជិះ​ប្រភេទ​អូតូ ​អីចឹង​តាម​ការ​សន្និដ្ឋាន​​របស់​ឪពុក​មូល​ហេតុ​បុក គឺ​កូន​គាត់​ជិះ​លឿន ហើយ​ភាំង​ច្រឡំ​ក្នុង​ការ​ចាប់​ហ្វ្រាំង។

​សារ​ខ្លះ​ៗ​សម្រាប់​​​មិត្ត​យុវវ័យ​ពិចារណា ហេតុអ្វី​ពេល​គេ​ស្តាប់​មិនឮ យើង​និយាយ​ពាក្យ​ដែល​គេ​ចង់​ស្តាប់​? បើ​មាន​លើក​ក្រោយ​រឿង​ដែល​អធ្យាស្រ័យ​បាន ​គួរ​អធ្យាស្រ័យ​លើក​លែង​ទៅ​​ ផ្តល់​ក្តី​សុខ​ ក្ដី​សង្ឃឹម​ឲ្យ​គេ​ជា​រឿង​មួយ​ដែល​ងាយស្រួល​ទេ ជីវិត​មិន​ទៀង​ រឿង​ណា​ត្រូវ​ស្អប់​​ចាំ​ស្អប់ កុំ​អោយ​មាន​វិប្បដិសារី​ដូច​រឿង​នេះ​ទៀត។

ចង់​ធ្វើ​អ្វី​ធ្វើ​អោយ​ហើយ ​ចង់​និយាយ​អ្វី​ និយាយ​អោយ​ហើយ​ទាន់​គេ​នៅ​ស្តាប់​យើង​បាន។ ​ត្រូវ​មើល​ថែ​គ្នា​អោយ​ល្អ​ត្រូវ​ចេះ​ស្រលាញ់​គ្នា​ទាន់​អ្វីៗ​មិន​ទាន់​ហួសពេល ​ព្រោះ​យើង​មិន​អាច​ដឹង​បាន​ទេ​ថា ​ស្អែក​ជីវិត​យើង​ទៅ​ជា​យ៉ាងណា​ មាន​មនុស្ស​ល្អ​នៅ​ក្បែរ​ហើយ​ត្រូវ​ថែរក្សា​គ្នា​អោយហើយ កុំ​ចាំ​បាត់បង់​ទើប​និយាយ​ថា​ស្តាយក្រោយ​ហៅ​គេ​ត្រឡប់​វិញ ពេលវេលា​មិន​ចាំ​យើង មិន​ត្រលប់​ក្រោយ​ឲ្យ​យើង​ទេ។

មិន​ថា​ខ្ញុំ ឬគេ​ស្អាត​សង្ហា ​រូប​កាយគឺ​មិនមែន​ជា​កម្មសិទ្ធិ​​យើង​រហូត​ឡើយ វា​អាច​បាត់បង់​គ្រប់​ពេល​ដែល​កំណត់​មិន​បាន ដូចនេះ​មនុស្ស​មាន​និស្ស័យ​ជាមួយគ្នា​ហើយ មិន​ថា​ត្រូវ​បញ្ចប់​ទំនាក់ទំនង ឬ​យ៉ាងណា ក៏​គួរ​បន្សល់​ទុក​នូវ​ស្នាមញញឹម​ ភាព​រីករាយ ​អនុស្សាវរីយ៍​ល្អៗ អោយ​គ្នា​ទៅវិញទៅមក មិន​ថា​ស្ថិត​ក្នុង​កាលៈទេសៈ​បែប​ណា​ទេ។

កុំ​ប្រាប់ថា​ស្រលាញ់ ពេល​ដែល​បាត់បង់​គេ! កុំ​ប្រាប់ថា​នឹក ពេល​គ្មាន​គេ​នៅ​ក្បែរ! កុំ​យំ​អី ពេល​គេ​មិនអាច​ស្ដាប់​ឮ! ​កុំ​ប្រាប់​ថា​ឯកា ពេល​​គ្មាន​អ្នក​រំខាន! កុំ​ត្រូវការ​គេ ព្រោះ​គេ​មិនមែន​ជា​គ្រូពេទ្យ​ដូច​មុន​ទេ​! កុំ​និយាយ​ថា​ស្តាយ ព្រោះ​ពេល​​មាន​គេ ​អ្នក​មិនដែល​គិត​ថា​ខ្លាច​បាត់បង់​គេ​ទេ! អារម្មណ៍​មួយ​ដែល​កំពុង​ពិបាកចិត្ត​ខ្លាំង អារម្មណ៍​មួយ​ដែល​ដឹង​កំហុស​មិន​អាច​កែ​បាន ​ពិត​ជា​ពិបាក​នឹង​អត់​ទ្រាំ​ឆ្លង​កាត់​បានណាស់៕ (សម្រួល​អត្ថបទ៖ Morning Fresh)

ហាមលួច​ចម្លងអត្ថបទ​​ពីវេបសាយ Morningfresh.news ដោយគ្មាន​ការ​អនុញ្ញាត
error: ហាម​លួចចម្លង​អត្ថបទ​នេះ!