ប្ដីប្រពន្ធធ្វើម្ហូបសត្វព្រៃ​បង្ហោះយូធូប ប្រាប់ពីចំណូល និងគោលដៅ​រកបានសត្វព្រៃ

នៅ​រយៈ​ពេល​​ប៉ុន្មាន​ថ្ងៃ​នេះ តារា​យូធូប​ (Youtube) ស្រី​ស្រស់​ស្អាត​ម្នាក់​ ត្រូវ​បាន​គេ​យក​វីដេអូ​ និង​រូប​ថត​ធ្វើ​ម្ហូប​សត្វ​ព្រៃ​របស់​នាង ​មក​បង្ហោះ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ដោយ​ទទួល​ការ​ខឹង​សម្បារ ​ជេរ​ប្រទេច​យ៉ាង​ខ្លាំង ​ព្រោះ​គិត​ថា​ នាង​ជា​អ្នក​សម្លាប់​សត្វ​ព្រៃ​កម្រ​ជិត​ផុត​ពូជ រួច​បង្ហោះ​ផ្គើន​សមត្ថកិច្ច។

បន្ទាប់​ពី​មាន​ការ​បង្ហោះ និង​ចែក​រំលែក​ព្រោង​ព្រាត​​ទាំង​នៅ​លើ​ទំព័រ​ហ្វេសប៊ុក និង​សារ​ព័ត៌មាន​អនឡាញ​ជា​ច្រើន ​ដំណឹង​នឹង​នេះ​បាន​ឮ​ដល់​អាជ្ញាធរ និង​ក្រសួង​ពាក់​ព័ន្ធ ​រហូត​ត្រូវ​ខាង​ក្រសួង​បរិស្ថាន​ព្រមាន​ចាត់​វិធាន​ការ​តាម​ផ្លូវ​ច្បាប់។ ​ការ​ព្រមាន​នេះ ​បាន​ធ្វើ​ឲ្យ​នារី​រូប​ស្រស់​ខាង​លើ អម​ជាមួយ​អ្នក​ថត​វីដេអូ ​ភ្ញាក់​ខ្លួន​ព្រើត ​ហើយ​ពួក​គេ​ក៏​ដឹក​ដៃ​គ្នា​ចូល​មក​សារភាព​នៅ​ក្រសួង​បរិស្ថាន​នា​ថ្ងៃ​ទី ១០​ឧសភា​នេះ​តែ​ម្ដង។

​ពួក​គេ​បាន​សារភាព​ទោសកំហុស​ដែល​រូប​គេ​បាន​ប្រព្រឹត្ត​កន្លងមក ហើយ​ត្រូវ​ក្រសួង​សម្រេច​ធ្វើ​កិច្ចសន្យា​អប់រំ បញ្ឈប់​សកម្មភាព​ថត​សត្វព្រៃ​តទៅទៀត និង​ផាកពិន័យ​ជា​ប្រាក់។ ​នៅ​ចំពោះមុខ​អ្នកសារព័ត៌មាន និង​មន្ដ្រី​ជំនាញ ពួកគេ​ទាំង​ ២​នាក់ ប្ដី​ឈ្មោះ ហួ​ង រ៉ា​ទី ​មាន​មុខ​របរ​បើក​មជ្ឈ​មណ្ឌល​បង្រៀន​​គូរ​ប្លង់ ប្រពន្ធ​ឈ្មោះ ចាន់ ប៉ូ​លីន បាន​រៀបរាប់​ពី​ដំណើរ​រឿង​ថា សត្វព្រៃ​ដែល​ពួកគេ​យក​មក​ធ្វើ​ម្ហូប ហើយ​ថត​បង្ហោះ​តាម Youtube នោះ មិនមែន​រូបគេ​ជា​អ្នក​បរបាញ់​ផ្ទាល់​ដៃ​នោះ​ទេ គឺ​ពួក​គេ​ទិញ​សត្វ​ដែល​គេ​ដាក់​លើ​នៅ​តាម​ផ្លូវ​ក្នុងស្រុក​បាធាយ ខេត្ត​កំពង់ចាម និង​ផ្សារ​គីឡូ​លេខ​៤ រាជធានី​ភ្នំពេញ​។​

​ការ​ថត​បង្ហោះ​ចូល​ឆាណែល​យូធូប​ (Channel Youtube ) ​ឈ្មោះ Natural Life និង Natural Life TV នោះ គ្មាន​ចេតនា​អ្វី​អាក្រក់​នោះ​ទេ​ដោយ​គ្រាន់តែ​ចង់​រក​លុយ​តាម Youtube តែប៉ុណ្ណោះ ហើយ​ពួកគេ​បាន​បង្ហោះ​វីដេអូ​ចំនួន ​២​លើក គឺ​នៅ​អំឡុង​ខែ​ធ្នូ ឆ្នាំ​២០១៧ និង​អំឡុង​ខែ​មីនា ឆ្នាំ​២០១៨​។ ចាប់តាំងពី​បង្ហោះ​វីដេអូ ពួកគេ​ទាំង​២​នាក់ រក​លុយ​បាន​ជិត​ ៥០០​ដុល្លារ ពី​អ្នក​ដែល​បាន​ចូល​ទស្សនា​វីដេអូ​ទាំងនោះ ប៉ុន្ដែ​លុយ​នោះ​មិន​ទាន់​បាន​ទៅ​បើក​នៅ​ធនាគារ​ទេ​។​

​បើ​តាម​ពួក​គេ​ទាំង​២​នាក់ ក្រៅពី​ការថត​បង្ហោះ​វីដេអូ​សត្វព្រៃ ដែល​ធ្វើឲ្យ​មាន​ការរិះគន់ រហូត​ដល់​ក្រសួង​បរិស្ថាន និង​សមត្ថកិច្ច​ពាក់ព័ន្ធ ព្រមាន​ចាត់វិធានការ​តាម​ផ្លូវច្បាប់​នោះ ជាធម្មតា​ពួកគេ​តែងតែ​ថត​វីដេអូ​បង្ហោះ ធ្វើ​ម្ហូប​ផ្សេងៗ​ផងដែរ ប៉ុន្ដែ​សត្វ​ដែល​យក​មក​ធ្វើ​ម្ហូប​នោះ​ជា​សត្វស្រុក​ធម្មតា​តែប៉ុណ្ណោះ​។ ដោយឡែក សម្រាប់​វីដេអូ​ដែល​ធ្វើ​អន្ទាក់​នោះ គ្រាន់តែ​ជា​ការសម្ដែង​ដើម្បី​ទទួលបាន​ការចាប់អារម្មណ៍ ហើយក៏​បាន​យក​ទៅ​ទាក់​សត្វ​ព្រៃ​ដែរ​។​

​ទោះជា​យ៉ាងណា​ក៏ដោយ បន្ទាប់ពី​ពួកគេ​ទាំង​២​នាក់ បានដឹង​ថា​ខ្លួន​ខុស ហើយ​ចូល​សារភាព​កំហុស​នៅ​ថ្ងៃនេះ ក្រសួង​បរិស្ថាន បាន​សម្រេច​ធ្វើ​កិច្ចសន្យា​ឲ្យ​ពួក​គេ​បញ្ឈប់​សកម្មភាព​តទៅទៀត ហើយ​កំណត់​ឲ្យ​បង់​ប្រាក់ពិន័​យ​ស្ដារ​ការខូចខាត ចំនួន​១​លាន​រៀល រួច​បាន​អនុញ្ញាត​ឲ្យ​ត្រឡប់​ទៅផ្ទះ​វិញ​។​

​បើ​តាម​មន្ដ្រី នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល​ការពារ និង​អភិរក្ស​ធម្មជាតិ នៃ​ក្រសួង​បរិស្ថាន ក៏​បាន​បញ្ជាក់ថា ចំពោះ​ករណី​នេះ​មិនមែន​ជា​បទល្មើស​ធ្ងន់ធ្ងរ​នោះទេ ពោល​ពួកគាត់​ទាំង​២​នាក់ គ្រាន់តែ​ទិញ​សត្វ​ស្លាប់​ដែល​គេ​ដាក់លក់​មក​ទទួល​ទាន​តែប៉ុណ្ណោះ ដោយ​មិន​បាន​ទៅ​ធ្វើការ​បរបាញ់​ដោយ​ខ្លួនឯង​ដែរ ហើយ​សត្វ​ដែល​ពួក​គាត់​ទិញ​មក​ទទួល​ទាន​នោះ ក៏​មិនមែន​ជា​សត្វ​កម្រ​ជិត​ផុត​ពូជ​ដែល​កំណត់​ដោយ​ច្បាប់​ថា ត្រូវតែ​ផ្ដន្ទាទោស​នោះ​ដែរ។ ​គួរ​បញ្ជាក់​ថា ​ចំណុច​លក់​សត្វ​ព្រៃ​​​តាមផ្លូវ​ជាតិ​​នៅ​បាធាយនេះ មាន​ជា​យូរ​មក​ហើយ គេ​​កម្រ​​ឃើញ​​សមត្ថកិច្ច​​ទៅ​ទប់​ស្កាត់​ឡើយ៕

ហាមលួចចម្លងអត្ថបទ​ពីវេបសាយ Morningfresh.news ដោយគ្មានការអនុញ្ញាត
error: ហាម​លួចចម្លង​អត្ថបទ​នេះ!