Loading...

គូស្នេហ៍កម្សត់រៀបការក្នុងខ្ទមតូចចង្អៀត តែមានភ័ព្វសំណាងមួយ មនុស្សជាច្រើនមិនមាន

​មនុស្ស​គ្រប់​រូប​តែង​តែ​មាន​ក្ដី​ស្រមៃ​ចង់​បាន​របស់​មួយ​ជា​ខ្លាំង​បន្ទាប់​ពី​ជីវិត​អាពាហ៍ពិពាហ៍ គឺ​សុភមង្គល ​ចំណែក​ទ្រព្យ​សម្បត្តិ​លុយ​កាក់​ បុណ្យ​សក្ដិ​​ ពួក​គេ​យល់​ឃើញ​ថា នឹង​កើត​មាន​តាម​ក្រោយ ​ប្រសិន​បើ​អាពាហ៍​ពិពាហ៍​នោះ​ពិត​ជា​ទទួល​បាន​សុភមង្គល​ហើយ​។

ការ​រៀប​ចំ​ពិធី​មង្គល​ការ​តូច​​ធំ​ គឺ​ទៅ​តាម​ចំណង់​ចំណូល​ចិត្ត និង​ជីវភាព​របស់​គ្រួសារ​កូន​កំលោះ​កូន​ក្រមុំ។ ​បើ​សិន​ជា​ចង់​ឲ្យ​ពិធី​មាន​​ភាព​អធិកអធម ​ពួក​គេ​ត្រូវ​ចំណាយ​ប្រាក់​​ជា​ច្រើន​ក្នុង​ការ​ស្វែង​រក​ទីកន្លែង​ធំ​ទូលាយ ​ចំណាយ​លើ​ការ​រៀប​ចំ​តុប​តែង​លម្អ ​និង​អញ្ជើញ​ភ្ញៀវ​រាប់​រយ​តុ​មក​ចូល​រួម។ ​ទោះ​​ជា​ពិធី​ មើល​ទៅ​គគ្រឹកគគ្រេង​អ្នក​ចូល​រួម​អ៊ូអរ​ក្ដី ​តែ​មិន​​បាន​ឆ្លុះ​បញ្ចាំង​ថា​ ពួក​គេ​សុទ្ធ​តែ​ទទួល​បាន​សុភមង្គល និង​រក​ស៊ី​មាន​បាន​ទាំង​អស់​នោះ​ទេ។

ចំណែក​គូស្នេហ៍​មាន​ជីវភាព​ក្រីក្រ ពួក​គេ​បាន​រៀប​ចំ​ពិធី​តូច​ល្មម​ទៅ​តាម​លទ្ធភាព​ ទោះ​ជា​តាម​រូបភាព​សែន​ព្រេន ឬ​រៀប​ការ​ក្នុង​ផ្ទះ​ខ្ទម​រហែក​រយ៉ៃ​ក៏​ដោយ​ អ្វី​ជា​រឿង​សំខាន់​ មាន​ឪពុក​ម្ដាយ សាច់​ញាតិ​បង​ប្អូន​ចូល​រួម​ដឹង​ឮ​ធ្វើជា​សាក្សី។ ​ត្បិត​ពិធី​តូច​ទាប​ក៏​ពិត​មែន ​អ្វី​ដែល​គូ​ស្វាមី​ភរិយា​ចង់​បាន​ពិត​ប្រាកដ​ក្រោយ​រៀប​ការ​រួច​ គឺ​​ជា​សុភមង្គល​ដែល​កើត​ចេញ​ពី​ស្រលាញ់​គ្នា ផ្ដល់​ភាព​កក់​ក្ដៅ ​ការ​យល់​ចិត្ត ឬ​កម្លាំង​ចិត្ត​ឲ្យ​គ្នា។

​សារ​បង្ហោះ​មួយ​កំពុង​ទទួល​ការ​ចាប់​អារម្មណ៍​នៅ​លើ​​បណ្ដាញ​សង្គម​ហ្វេសប៊ុក ​ដោយ​សារ​តែ​ឃើញ​កូន​កំលោះ​កូន​ក្រមុំ​បាន​រៀប​ចំ​ពិធី​ក្នុង​ផ្ទះ​តូច​​ទឹក​លិច​មួយ តែ​មាន​វត្តមាន​​សម្ដេច​ព្រះ​មហា​សង្ឃរាជ​បាន​ចូល​រួម។ តាម​រយៈ​រូបភាព​កន្លែង​ពិធី​មង្គលការ​ ជា​ផ្ទះ​ខ្ទម​តូច​ចង្អៀត​មួយ​ជាប់​ដី អាច​ផ្ទុក​មនុស្ស​បាន​ប្រមាណ​ជាង ១០​នាក់ កម្ពស់​ប្រមាណ ៣​ម៉ែត្រ​ពី​ដី ​ដំបូល​ប្រក់​ស័ង្កសី​ចាស់​ៗ ​ឯ​ជញ្ជាំង​ស័ង្កសី​ដូច​គ្នា ​បើសិន​ជា​ថ្ងៃ​ក្ដៅ​វិញ​ប្រាកដ​ជា​មិន​អាច​ឲ្យ​យើង​អង្គុយ​លេង ឬ​គេង​បាន​ស្រួល​ខ្លួន​ឡើយ​។ ​ឯ​ទី​ធ្លា​ផ្ទះ​ក៏​តូច ព័ទ្ធ​ជុំវិញ​ដោយ​ផ្ទះ​ថ្ម​របស់​អ្នក​ជិត​ខាង។

នា​ពិធី​សូត្រ​មន្ត​ពេល​ល្ងាច​ចូល​រោង គឺ​ចំ​ពេល​មាន​ភ្លៀង​ធ្លាក់​ជោកជាំ​បណ្ដាល​ឲ្យ​ទឹក​ជន់​លិច​ទី​ធ្លា​ជុំវិញ​ផ្ទះ តែ​សំណាង​​ដែរ មិន​លិច​​ដល់​ក្នុង​ផ្ទះ ​ធ្វើ​ឲ្យ​ចាស់​ទុំ និង​សាច់​ញាតិ​កូន​កំលោះ កូន​ក្រមុំ​អាច​អង្គុយ​រៀប​ចំ​ពិធី​បាន​ស្រួល​បន្តិច។ ​ទោះ​បី​ជា ពួក​គេ​ប្រារព្ធ​ពិធី​ក្នុង​ផ្ទះ​តូច​គ្មាន​គ្រឿង​បរិក្ខារ​ទំនើប ​តុប​តែង​ឲ្យ​ល្អ​មើល​ក្ដី ប៉ុន្តែ​ពួក​គេ​ពិត​ជា​មាន​សំណាង​ធំ​មួយ ​ដែល​មនុស្ស​ភាគ​ច្រើន​មិន​​ធ្លាប់​ទទួល​បាន គឺ​វត្តមាន​របស់​សម្ដេច​ព្រះ​មហា​សង្ឃរាជ បួរ គ្រី ​ចូល​រួម​ប្រោស​ព្រំ​ជូន​ពរជ័យ​ដល់​គូ​ស្វាមី​ទាំង​ពីរ។

អ្នក​ប្រើប្រាស់​គណនី​ហ្វេសប៊ុក​ឈ្មោះ Sdechpheakdey Ngoun បាន​បង្ហោះ​រូប​ថត​គូ​ស្នេហ៍​កម្សត់​មួយ​គូ​អម​ជាមួយ​សំណេរ​បង្ហាញ​ពី​ការ​អាណិត​អាសូរ​ថា «ឃើញ​ទិដ្ឋភាព​នេះ​ហើយ​អាណិត​ណាស់​ នេះ​ហើយ​ជីវិត​ ដោយ​ទឹក​ព្រះ​ទ័យ​មេត្តា​ដល់​សិស្ស​គណ​ពុទ្ធបរិស័ទ​សម្តេច​ព្រះ​មហា​សង្ឃរាជ បួរ គ្រី ជា​អម្ចាស់ ទ្រង់​យាង​ប្រោស​ព្រំ​មង្គលការ​នៅ​ជាយ​ក្រុង។សូម​ជូន​ពរ​ប្អូន​ទាំង​ពីរ​ស្រលាញ់​គ្នា​ជា​រៀង​រហូត​តទៅ»៕ (សម្រួល​អត្ថបទ៖ Morning Fresh)

Loading...