ស្រលាញ់គ្នា៤ឆ្នាំ ខំរកស៊ីពីបាតដៃទទេ​រហូតមានបាន បែរត្រូវគ្រួសារខាងប្រុសប្រកាសមិនទទួលស្គាល់

គូស្នេហ៍​មួយ​គូ​ទៀត​កំពុង​ល្បី​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ថ្ងៃ​នេះ ​បន្ទាប់​ពី​ក្រុម​​គ្រួសារ​ខាង​​ប្រុស​បាន​ប្រកាស​ប្រាប់​ញាតិ​មិត្ត​ បងប្អូន​មិន​​ទទួល​ស្គាល់​​អនាគត​កូន​ប្រសា​ស្រី​​ជាមួយ​សំណេរ​ដ៏​វែង​មួយ។ ​ការ​ប្រកាស​នេះ​បាន​ធ្វើ​ឲ្យ​​កូន​ប្រុស​ពួក​គេ រួម​នឹង​មិត្ត​​ស្រី ​​ងឿង​ឆ្ងល់​ដោយ​បាន​ចោទ​សួរ​ទៅ​វិញ តែ​ពុំ​មាន​ចម្លើយ​​។

​បើ​តាម​ការ​រៀប​រាប់​ឲ្យ​ដឹង​របស់​កូន​​ប្រុស​​​​ខាង​លើ​បញ្ជាក់​ថា ​ពួក​គេ​​បាន​ស្រលាញ់​គ្នា​​​រយៈ​ពេល​​ប្រមាណ​ ៤ឆ្នាំ​ហើយ ​និង​ខិត​ខំ​រក​ស៊ី​ទាំង​ពីរ​នាក់​តាំង​ពី​បាត​ដៃទទេ​រហូត​ដល់​មាន​បាន ​មាន​ក្រុមហ៊ុន​​ជំនួញ និង​សល់​ប្រាក់​មួយ​ចំនួន​អាច​ដើរ​កម្សាន្ត​ទៅ​ក្រៅ​ប្រទេស​ថែម​ទៀត។ ​តែ​​ពួក​គេ​​មិន​ដឹង​មូល​ហេតុ​អ្វី ​​ធ្វើ​​​អ្វី​​ខុស រហូត​​​គ្រួសារ​ប្រកាស​កាត់​កាល់​​មិន​​ទទួល​ស្គាល់​មិត្ត​ស្រី​​របស់​កូន​ប្រុស​​​​​ ជា​សមាជិក​គ្រួសារ​ពួក​គេ​​ដូច្នេះ។

យោង​ទៅ​តាម​គណនី​ហ្វេសប៊ុក​មួយ​​ឈ្មោះ SreyYou Jason Jaliza តំណាង​ឲ្យ​គ្រួសារ​ខាង​ប្រុស ​​បាន​បង្ហោះ​រូប​ថត​​មិត្ត​ស្រី​របស់​កូន​ប្រុស​​នោះ​ អម​ជា​មួយសារ​​ថា «​ក្នុងនាម​ខ្ញុំ​ និង​ក្រុម​គ្រួសារ​ខ្ញុំ​ទាំងអស់ ​ឆ្លៀត​ក្នុង​ឱកាស​នេះ ចង់​បញ្ជាក់​ពី​ការ​យល់ច្រឡំ​មួយ​ ដែល​​កន្លង​មក​វា​ប៉ះពាល់​ដល់​កិត្តិយស​ក្រុម​គ្រួសារ​យើងខ្ញុំ​។ ហើយ​ក៏​ចង់​ប្រកាស​ដោយ​ដាច់​អហង្ការ​អោយ​ច្បាស់​ជូន​ដល់​សាច់ញាតិ បងប្អូន​សាធារណជន​ទាំងអស់​អោយ​បាន​ជ្រាប​ថា​..

ក្រុម​គ្រួសារ​យើងខ្ញុំ​ទាំងមូល​ មិន​ទទួលស្គាល់​ស្រី​ម្នាក់​នេះ​ (​ដូច​ក្នុង​រូប​)​ ជា​សមាជិក​គ្រួសារ ឬ​សាច់ញាតិ​ឡើយ​។​ បើ​មាន​អ្នកណា​ម្នាក់​អះអាង​ថា ​ស្រី​ម្នាក់​នេះ​ត្រូវ​ជា​អ្វី​នឹង​ក្រុម​គ្រួសារ​ខ្ញុំ មាន​បំណង​មក​រាប់​ញាតិ​អ្វី​នោះ គ្រួសារ​ខ្ញុំ​មិន​ទទួលស្គាល់​ដឹង​ឮ​អ្វី​ទាំងអស់​…(​វា​ជា​សំដី​ឯក​ភាគី​របស់​ម្នាក់​នេះ​ដោយ​គ្មាន​ការយល់ព្រម​ពី​ក្រុម​គ្រួសារ​) ​ហើយ​វា​ក៏​ជា​ការ​ប៉ះពាល់​កិត្តិយស​ដល់​គ្រួសារ​យើងខ្ញុំ​យ៉ាង​ធ្ងន់ធ្ងរ​ដែរ ដែល​យក​គ្រួសារ​យើងខ្ញុំ​ទៅ​ទាក់ទង​ពាក់ព័ន្ធ​ជាមួយ​ស្រី​ម្នាក់​នេះ​..(​ព្រោះ​វា​គ្រាន់តែ​ជា​ស្រី​ម្នាក់​តែប៉ុណ្ណោះ​..)​។

អញ្ចឹង​ដើម្បី​កុំ​អោយ​បងប្អូន​មាន​ការ​យល់​ច្រឡំ​តទៅទៀត គ្រួសារ​យើងខ្ញុំ​សូម​ចេញមុខ​ប្រកាស និយាយ​ហើយ​និយាយ​ទៀត​ដោយ​ដាច់​អហង្ការ​ថា យើងខ្ញុំ​មិន​ដឹង​លឺ ឬ​ទទួល​ស្គាល់​អ្វី​ដែរ​ទាក់ទង​នឹង​ស្រី​ម្នាក់​នេះ​ជាដាច់ខាត​.​ដោយ​ហេតុ​ដូចនេះ​បើ​បងប្អូន​ទាំងអស់​ស្រលាញ់​រាប់អាន​គ្រួសារ​យើងខ្ញុំ។ សូម​បងប្អូន​ទាំងអស់​មេត្តា​ជួយ​សហកា​រ និង​ស៊ែរ​អោយ​បងប្អូន​សាធារណៈ​ជន​ទាំង​អស់​ដែរ​ពួកគាត់​មិនទាន់​ដឹង រឺ​មាន​ការ​យល់ច្រឡំ​កន្លង​មក​អោយ​បាន​ដឹង​លឺ​ផង​… ចុង​ក្រោយ​ខ្ញុំ​និង​ក្រុម​គ្រួសារ សូម​អរគុណ​ដល់​បងប្អូន​ទាំងអស់​ដែរ​ស្រលាញ់​រាប់អាន​គ្រួសារ​យើងខ្ញុំ»។

​ចំណែក​​​កូន​ប្រុស​​នោះ ​ក៏​បាន​ឆ្លើយ​តប​ទាំង​មិន​អស់​ចិត្ត​​ជាមួយ​សំណេរ​​ដ៏​វែង​ ព្រោះ​ពួក​គេ​ពិត​ជា​មិន​ដឹង​ថា ពួក​គេ​បាន​ប្រព្រឹត្តិ​អ្វី​ខុស​ធ្ងន់​ធ្ងរ ហើយ​​ចាត់​ទុក​ការ​ស្រលាញ់​ពួក​គេ​គឺ​ជា​ការ​ស្រលាញ់​ចិត្ត​នឹង​ចិត្ត។ ​កូន​​ប្រុស​មាន​គណនី​ហ្វេសប៊ុក​ឈ្មោះ You Long ​បាន​សរសេរ​សារ​តប​ទាំង​គ្មាន​ចម្លើយ​ថា៖

«តើ​ពួក​ខ្ញុំ​ធ្វើ​អ្វី​ខុស​? ស្រលាញ់​គ្នា​ខុស​ដែរ​មែន​ទេ​? ហេតុ​អ្វី​តាម​បំបែកពួក​ខ្ញុំ​? ហេតុ​អ្វី​ធ្វើ​ដល់​ថ្នាក់​នេះ​? ខ្ញុំ​ត្រូវការ​អ្វី​ដែរ​ខ្ញុំ​ត្រូវការ ហើយ​ចង់​បាន​អ្វី​ដែរ​ខ្ញុំ​ចង់បាន ខុស​ដែល​មែន​ទេ​? ​វា​ជា​សិទ្ធិ​សេរីភាព​របស់​បុគ្គ​ល ហើយ​ខ្ញុំ​ដឹង​ថា​បងប្អូន និង​ក្រុម​គ្រួសារ​ចង់​អោយ​ខ្ញុំ​ល្អ តែ​ខ្ញុំ​នៅ​ជាមួយ​នាង តើ​ខ្ញុំ​មានអី​អាក្រក់​? ខ្ញុំ​មិន​យល់​តើ​ពួក​ខ្ញុំ​ធ្វើ​អ្វី​ខុស​? ទាល់តែ​បាត់បង់​សមាជិកគ្រួសារ​ម្នាក់​នេះ ទើប​អ្នក​ទាំងអស់​គ្នា ពេញចិត្ត និង​សប្បាយ​ចិត្ត​មែន​ទេ​? ក្ដី​ស្រលាញ់ មិនមែន​ចង់​ស្រលាញ់ ​ស្រលាញ់ ចង់​ឈប់ ឈប់​នោះ​ទេ​។​

​ខ្ញុំបាទ ហុង យូ​ឡុង បាន​ស្រលាញ់​គ្នា​ជាមួយ និង​មនុស្ស​ស្រី​ម្នាក់​ឈ្មោះ ហុង ហ្វាង អស់​រយៈពេល​4​ឆ្នាំ ក្នុង​រយៈពេល​4​ឆ្នាំនេះ ពួក​ខ្ញុំ​បាន​រង​ទុក​លំបាក តស៊ូ​ខំ​ប្រឹង​ព្យាយាម ទាំង​បាតដៃ​ទទេ ដើម្បី​រក​លុយ និង​ជំនះ​ចង់​មាន​អ​នា​គត់ និង​រស់នៅ​ជាមួយគ្នា​។ ​តែ​មាន​រឿង​រាវ​ខ្លះ​ដែរ​បាន​ធ្វើអោយ ក្រុម​គ្រួសារ​របស់​ខ្ញុំ​មាន​ការ​យល់​ច្រលំ​ពី ពាក្យ​សំដី និង ទង្វើ​ឆ្គាំ​ឆ្គង ដោយ​អ​ចេតនា​មួយចំនួន នាង​មិនមែន​ជា​មនុស្ស​ស្រី​ដូច​អ្នក​ទាំងអស់​គ្នា​គិត​នោះ​ទេ​។​

​ចុងក្រោយ​នេះ ​ខ្ញុំ​ចង់​ប្រាប់​ទៅ​ញាតិមិត្ត​បងប្អូន និង​ក្រុម​គ្រួសារ​ទាំងអស់​អោយ​ដឹង​ថា ខ្ញុំ​មិន​អាច​ធ្វើ​តាម និង​ស្ដាប់​ក្រុម​គ្រួសារ​បាន​ឡើយ ព្រោះ​ខ្ញុំ​ស្រលាញ់​នាង ពួក​យើង​ស្រលាញ់​គ្នា​ចិត្ត និង​ចិត្ត​។ ​ហើយ​នេះ​ជា​ការ​ជ្រើសរើស និង​ការ​សំរេចចិត្ត​របស់​ខ្ញុំ​ផង​ដែល​។​ សូម​មេត្តា​ពួក​យើង​ផង»។ ​ទោះ​ជា​មាន​មនុស្ស​ជា​ច្រើន​ចង់​ដឹង​ហេតុ​ផល​ចំបង​​នៃ​គ្រួសារ​នេះ​​មិន​ពេញ​ចិត្ត​​កូនស្រី​ខាង​លើ​​យ៉ាងណា​ក្ដី​ ​ប៉ុន្តែ​​អ្នក​តំណាង​គ្រួសារ​​កូន​ប្រុស​​មិន​បាន​ទម្លាយ​ឲ្យ​ដឹង​នោះ​ទេ បាន​ត្រឹម​តែ​បង្ហើប​ថា ​កូន​ស្រី​នេះ​​​ជា​កូន​មិន​ល្អ៕ (សម្រួល​អត្ថបទ៖ Morning Fresh)

ហាមលួចចម្លងអត្ថបទ​ពីវេបសាយ Morningfresh.news ដោយគ្មានការអនុញ្ញាត
error: ហាម​លួចចម្លង​អត្ថបទ​នេះ!