សូមប្រយ័ត្ន! របូតជាង ១លានដុល្លារ ក្រោមល្បិចស្របច្បាប់​​​ប្រទាក់ក្រឡា​គួរឲ្យខ្លាច

​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជា​ការរង កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ កង​រាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ចេញមុខ​អំពាវនាវ​ដល់​មហាជន សូមឲ្យ​មាន​ការ​ប្រុងប្រយ័​ត្ន​ខ្ពស់ ចំពោះ​ល្បិចកល​ជនខិលខូច​ក្នុង​សម័យ​ទំនើប បន្ទាប់​ពី​អាវុធហត្ថ​រាជធានី​ភ្នំពេញ ធ្វើការ​បង្ក្រាប​ករណី​ឆបោក ០២​ករណី​ផ្ទួនៗ​គ្នា ដែល​ធ្វើឲ្យ​ជនរងគ្រោះ​បាន​ខាតបង់​ប្រាក់​ជាង​១​លាន​ដុល្លារ និង​ប្រកាស​ស្វែងរក​ចាប់ខ្លួន​ជនសង្ស័យ​០៦​នាក់​។ ចង់​ដឹង​ព័ត៌មាន​ច្បាស់ សូម​ពិនិត្យ​ករណី ដែល​អាវុធហត្ថ​រាជធានី​ភ្នំពេញ បង្ក្រាប​បាន ដូច​ខាងក្រោម​៖

​នៅ​ថ្ងៃ​ទី​១៨ ខែ​មេសា ឆ្នាំ​២០១៨ អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ទទួល​ពាក្យ​បណ្តឹង​ពី​ជនរងគ្រោះ​ម្នាក់ សុំ​មិន​បញ្ចេញ​អត្តសញ្ញាណ បាន​ប្តឹង​ពី​ជនសង្ស័យ​ ០៨​នាក់ ដែល​បាន​រៀប​គម្រោង​ឆបោក​ជា​ប្រព័ន្ធ​មក​លើ​រូប​គាត់ រហូត​ធ្វើ​ឲ្យ​ខាតបង់​ប្រាក់​អស់​ចំនួន ៨៣​ម៉ឺន​ដុល្លារ ដោយ​ជនរងគ្រោះ​បាន​រៀបរាប់​ថា​៖

-ក្នុង​អំឡុង​ខែ​ធ្នូ ឆ្នាំ​២០១៧ មាន​បុរស​ម្នាក់​ឈ្មោះ ប្រុស ម៉ៅ បាន​ទំនាក់ទំនង​គាត់ ឲ្យ​ជួយ​លក់​ដី​មួយ​កន្លែង​ទំហំ ៥៨០​ម៉ែត្រការ៉េ ដែល​មាន​វិញ្ញាបនបត្រ សម្គាល់​ម្ចាស់​អចលនវត្ថុ​លេខ 12040808-0033 ចុះ​ថ្ងៃ​ទី​០៧ ខែ​កញ្ញា ឆ្នាំ​២០១៧ ចេញ​ដោយ​មន្ទីរ​សុរិយោដី​ត្រឹមត្រូវ មាន​ទីតាំង​នៅ​ភូមិ​៨ សង្កាត់​បឹងកក់​២ ខណ្ឌ​ទួលគោក រាជធានី ភ្នំពេញ លក់​ក្នុង​តម្លៃ​ទាប​ជាង​ទីផ្សារ​។

ក្រោយពេល​ទទួល​បាន​ព័ត៌មាន ជនរងគ្រោះ បាន​ឲ្យ​ក្រុម​ការងារ​ចុះ​ទៅ​ជួប​ជាមួយ​ម្ចាស់​ដី​ឈ្មោះ​ផាន ដើម្បី​ពិនិត្យ​ប្លង់ដី និង​ផ្ទៀងផ្ទាត់​អត្តសញ្ញាណ​ម្ចាស់​កម្មសិទ្ធិករ អត្តសញ្ញាណប័ណ្ណ និង សៀវភៅ​គ្រួសារ ឃើញថា​មាន​ភាព​ត្រឹមត្រូវ​ទាំងអស់ ទើប​ជនរងគ្រោះ បាន​សម្រេច​ចិត្ត​ទិញ​ដី​នោះ ដោយ ខ្លួនឯង និង​បាន​កក់​ប្រាក់​លើក​ទី​១​ចំនួន​១៥​ម៉ឺន​ដុល្លារ​, លើក​ទី​២ ចំនួន​១០​ម៉ឺន​ដុល្លារ និង​លើក​ទី​៣ ចំនួន​១៥​ម៉ឺន​ដុល្លារ សរុប​ចំនួន​៤០​ម៉ឺន​ដុល្លារ​។ ក្នុងអំឡុងពេល​ដំណើរការ​ផ្ទេរកម្មសិទ្ធិ ក្រុម​ជនសង្ស័យ​ខាងលើ​បាន​ណែនាំ​ម្ចាស់​ដី​០៣​ក្រុម ផ្សេងទៀត មក​ជួប​ជាមួយ​ជនរងគ្រោះ ដើម្បី​ឲ្យ​ជួយ​ទិញ​ដី ក្នុង​នោះ​រួមមាន​៖

-នៅ​ថ្ងៃ​ទី​២២ ខែ​ធ្នូ ឆ្នាំ​២០១៧ ជនរងគ្រោះ​បាន​កក់​ប្រាក់​ចំនួន​១៥​ម៉ឺន​ដុល្លារ ដើម្បី​ទិញ​ដី​មួយ​ប្លង់ ទំហំ​២៨៤៩ ម៉ែត្រការ៉េ មាន​ឯកសារ​គ្រប់គ្រាន់ និង​មាន​វិញ្ញាបនបត្រ​សម្គាល់​អចលនវត្ថុ​លេខ 12051008-0071 ចុះ​ថ្ងៃ​ទី​២២ ខែ​ធ្នូ ឆ្នាំ​២០១១ ចេញ​ដោយ​មន្ទីរ​សុរិយោដី​ត្រឹមត្រូវ មាន​ទីតាំង​នៅ​ភូមិ​ធម្ម​ត្រ័យ សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។

-នៅ​ថ្ងៃ​ទី​១១ ខែ​មករា ឆ្នាំ​២០១៧ ជនរងគ្រោះ​បាន​កក់​ប្រាក់​ចំនួន​១៨​ម៉ឺន​ដុល្លារ ដើម្បី​ទិញ​ដី​មួយ​ប្លង់ ទំហំ​៤០៩ ម៉ែត្រការ៉េ មាន​ឯកសារ​គ្រប់គ្រាន់ និង​មាន​វិញ្ញាបនបត្រ​សម្គាល់​អចលនវត្ថុ​លេខ 12080102-0474 ចុះ​ថ្ងៃ​ទី​០៦ ខែកក្កដា ឆ្នាំ​២០១២ ចេញ​ដោយ​មន្ទីរ​សុរិយោដី​ត្រឹមត្រូវ មាន​ទីតាំង​នៅ​ភូមិ​ពោងពាយ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

-នៅ​ថ្ងៃ​ទី​០៩ ខែ​កុម្ភៈ ឆ្នាំ​២០១៨ ជនរងគ្រោះ​បាន​កក់​ប្រាក់​ចំនួន​១០​ម៉ឺន​ដុល្លារ ដើម្បី​ទិញ​ដី​មួយ​ប្លង់ ទំហំ​៦១៥៥ ម៉ែត្រការ៉េ មាន​ឯកសារ​គ្រប់គ្រាន់ និង​មាន​វិញ្ញាបនបត្រ​សម្គាល់​អចលនវត្ថុ​លេខ 12050605-0285 ចុះ​ថ្ងៃ​ទី​១៦ ខែមិថុនា ឆ្នាំ​២០១០ ចេញ​ដោយ​មន្ទីរ​សុរិយោដី​ត្រឹមត្រូវ មាន​ទីតាំង​នៅ​ភូមិ​ចំការឪឡឹក សង្កាត់​កា​កាប ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

​លុះ​ក្រោយមក ឯកសារ​ផ្ទេរ​កម្មសិទ្ធិ​ដី​ទី​១ ដែល​ជនរងគ្រោះ​កំពុងដំណើរការ ត្រូវបាន​ភូមិបាល​ខណ្ឌទួលគោក រក ឃើញថា ជា​ប្លង់​ដី​ក្លែងក្លាយ ជនរងគ្រោះ​ក៏​ទំនាក់ទំនង​ទៅ​ម្ចាស់​ដី​នោះ​វិញ តែ​មិន​អាច​ទំនាក់ទំនង​បាន ទើប​ជនរងគ្រោះ​ដឹង​ថា​រូបគាត់​ត្រូវ​បាន​ជនសង្ស័យ​ខាងលើ​បោកប្រាស់​។ ខណៈនោះ ជនរងគ្រោះ នឹកឃើញ​ថា គាត់​នៅ​មាន​ដី​០៣​ប្លង់​ផ្សេងទៀត ដែល​គាត់​កំពុង​រត់​ឯក​សា​រទិញ​ជា​បន្តបន្ទាប់ តាមរយៈ​ការ​ចង្អុល​បង្ហាញ ពី​ក្រុម​ជនសង្ស័យ​ខាងលើ គាត់​ក៏​សើរើ​យក​មក​ពិនិត្យ​ឡើងវិញ ទើប​ដឹងថា​សុទ្ធតែ​ជា​ឯកសារ ក្លែងក្លាយ​ទាំងអស់ ហើយ​ម្ចាស់​ដី​ទាំងនោះ ក៏​មិន​អាច​ទំនាក់ទំនង​បាន​ទៀត​ដែរ ។

នៅ​ទីបំផុត​ជនរងគ្រោះ ត្រូវ​ខាតបង់​ប្រាក់​អស់​ចំនួន​ ៨៣​ម៉ឺន​ដុល្លារ ក្នុង​ការទិញ​ដី​ក្រោម​ឯកសារ​ផ្លូវច្បាប់​ក្លែងបន្លំ ដែល​ជនរងគ្រោះ​នឹកស្មាន​មិន​ដល់​ទើប​ជនរងគ្រោះ​មក​ដាក់​ពាក្យ​បណ្តឹង​នៅ​បញ្ជាការដ្ឋាន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ។ ​ក្នុង​ករណីនេះ អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៤​នាក់ កសាង​សំណុំរឿង​បញ្ជូន ទៅ​តុលាការ ក្នុង​ថ្ងៃ​ទី​២៤ ខែ​មេសា ឆ្នាំ​២០១៨។

អាវុធហត្ថ​បាន​រក​ឃើញ​ថា​ ក្រុម​នេះ​ក៏​ជាប់​ពាក់ព័ន្ធ​ជាមួយ ជនសង្ស័យ​០៣​នាក់ ដែល​បាន​ឆបោក​ដោយ​ប្រើ​រូបមន្ត​តែមួយ ធ្វើឲ្យ​ជនរងគ្រោះ​ផ្សេង​ទៀត​ខាតបង់​ប្រាក់​អស់​ ៣០​ម៉ឺន​ដុល្លារ ហើយ​ត្រូវ​បាន​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ទើប​តែ​បង្ក្រាប​បាន​កាលពី​ថ្ងៃ​ទី​០៧ ខែ​មីនា ឆ្នាំ​២០១៨ ។ ក្រៅ​ពីនេះ​នៅ​មាន ជន​ជាប់​ពាក់ព័ន្ធ​ចំនួន ០៦​នាក់​ផ្សេង​ទៀត ដែល​អាវុធហត្ថ​រាជធានី​ភ្នំពេញ កំពុង​ស្នើសុំ​ដីកា​ស្វែងរក​ចាប់ខ្លួន​ពី​តុលាការ​។

តាម​ព័ត៌មាន​របស់​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ទទួល​បាន ចំពោះ​ករណី​ឆបោក​ដូចគ្នានេះ គឺ​កំពុង​កើតមាន​ជាច្រើន​ផ្សេងទៀត ដូច្នេះ​សូម​មហាជន​ទាំងអស់ មុន​នឹង​ទទួល​ទិញ​អចលនទ្រព្យ ចូរ​បង្កើន​ការប្រុងប្រយ័ត្ន​ឲ្យបាន​ខ្ពស់​បំផុត​។​

​ជនសង្ស័យ​០៤​នាក់ ដែល​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ទើបតែ​ឃាត់ខ្លួន​បាន​និង​បញ្ជូនទៅ​តុលាការ ក្នុង​ថ្ងៃ​ទី​២៤ ខែ​មេសា ឆ្នាំ​២០១៨ រួមមាន​៖ ១- ឈ្មោះ ធូ សុភ័​ក្រ ហៅ ឡាយ ថា​វី ហៅ ស្រី​នាង ភេទ​ស្រី កើត​ឆ្នាំ​១៩៨៤; ២- ឈ្មោះ រើ​ន សា​រាន់​នី ភេទ​ប្រុស ឆ្នាំ​កំណើត​១៩៨៦; ៣- ឈ្មោះ ណ​ម ង៉ែត ភេទ​ស្រី ឆ្នាំ​កំណើត​១៩៦៩; ៤- ឈ្មោះ ព្រំ ខន ភេទ​ប្រុស ឆ្នាំ​កំណើត​១៩៥០

​ជនសង្ស័យ​០៣​នាក់ ដែល​អាវុធហត្ថ​រាជធានី​ភ្នំពេញ​បង្ក្រាប​បាន​កាលពី​ថ្ងៃ​ទី​០៧ ខែ​មីនា ឆ្នាំ​២០១៨ រួមមាន​៖ ១- ឈ្មោះ ខេង វាសនា ភេទ​ប្រុស ឆ្នាំ​កំណើត​១៩៨០; ២- ឈ្មោះ ឈឹម សំអ៊​ន់ ភេទ​ប្រុស ឆ្នាំ​កំណើត​១៩៧៥; ៣- ឈ្មោះ កេ​ន ស្រី ភេទ​ស្រី ឆ្នាំ​កំណើត​១៩៩២

​រីឯ​ជនសង្ស័យ​ដែល​សមត្ថកិច្ច​ស្វែងរក​ចាប់ខ្លួន​រួមមាន​៖ ឈ្មោះ​ង៉ា ភេទ​ប្រុស​, ឈ្មោះ​ណា ភេទ​ស្រី​, ឈ្មោះ​ផាន ភេទ​ប្រុស​, ឈ្មោះ​ដា ភេទ​ស្រី​, ឈ្មោះ​លីម ភេទ​ប្រុស និង​ឈ្មោះ​ឡេង ភេទ​ស្រី ដោយ​មាន​រូបភាព​ភ្ជាប់​ជាមួយ​។​ ​ដូច្នេះ បើ​បងប្អូន​ណា បាន​ស្គាល់​និង​មាន​ដំណឹង​ពី​ជនសង្ស័យ​ដូច​បាន​បង្ហាញ​ក្នុង​រូបភាព​ខាងក្រោម សូម​រាយការណ៍​មក សមត្ថកិច្ច​អាវុធហត្ថ​រាជធានី​ភ្នំពេញ តាមរយៈ​លេខ​ទូរស័ព្ទ ០១៧ ៨១ ៨១ ៧១ នោះ​ជនរងគ្រោះ ដែល​ជា​ម្ចាស់​ដី នឹង​មាន​សា​គុណ​ជូន​។ (ប្រភព៖​កងរាជអាវុធ​ហត្ថរាជធានីភ្នំពេញ)​

ហាមលួចចម្លងអត្ថបទ​ពីវេបសាយ Morningfresh.news ដោយគ្មានការអនុញ្ញាត
error: ហាម​លួចចម្លង​អត្ថបទ​នេះ!