កូនស្រលាញ់គ្នារាប់ឆ្នាំ បែរមិនឲ្យរៀបការជាមួយ​កម្មករសំណង់ ១០ឆ្នាំក្រោយ ទើបស្ដាយក្រោយ

ឪពុក​ម្ដាយ​គ្រប់​រូប​តែង​តែ​ប្រឹង​ប្រែង​ធ្វើ​យ៉ាង​ណា​ឲ្យ​កូន​ៗ​របស់​ពួក​គេ​​មាន​អនាគត​ល្អ​ប្រសើរ​ រស់​នៅ​ស្រណុក​សុខ​ស្រួល មាន​មុខ​មាត់​ ទោះ​បី​ត្រូវ​ហត់​នឿយ​ផ្លូវ​កាយ​ផ្លូវ​ចិត្ត និង​ចំណាយ​ប្រាក់​កាស​ច្រើន​នា​ពេល​បច្ចុប្បន្ន​ក៏​ដោយ។

ចំណែក​​ការ​ស្វែង​រក​គូស្រករ​ឲ្យ​កូន ឪពុក​ម្ដាយ​ខ្លះ​បាន​ឲ្យ​តម្លៃ​លើ​ទ្រព្យ​សម្បត្តិ ​ឋានៈ​បុណ្យ​សក្ដិ​របស់​កូន​ប្រសារ ឯ​ខ្លះ​ទៀត​ឲ្យ​តម្លៃ​លើ​ចំណេះ​វិជ្ជា ទឹក​ចិត្ត ការ​​ស្រលាញ់​ ឬ​ផ្ដល់​សិទ្ធិ​ឲ្យ​កូន​ជ្រើសរើស​គូ​ខ្លួន​ឯង។ ​ក្នុង​រឿង​រ៉ាវ​ខាង​ក្រោម​នេះ បុរស​នៅ​អាស៊ី​ម្នាក់​បាន​ចែក​រំលែក​បទ​ពិសោធន៍​ដែល​បាន​កើត​ឡើង​ចំពោះ​ខ្លួន​ដោយ​ឪពុក​ម្ដាយ​ខាង​ស្រី​ បាន​ឲ្យ​តម្លៃ​លើ​ឋានៈ និង​ទ្រព្យ​សម្បត្តិ​ឈ្នះ​លើ​ក្ដី​ស្រលាញ់។

​ប្រមាណ​ជាង ២០​ឆ្នាំ​កន្លង​ទៅ ​បន្ទាប់​ពី​រៀន​ចប់​ថ្នាក់​វិទ្យាល័យ ​លោក​​ម៉ៃឃឺល ​សម្រេច​ចិត្ត​មិន​បន្ត​ការ​សិក្សា​ថ្នាក់​ឧត្តម​សិក្សា​ទេ​ ​​ព្រោះ​ឪពុក​របស់​លោក​ជា​កម្មករ​សំណង់​ មិន​មាន​លទ្ធភាព​បង់​ប្រាក់​ថ្លៃ​សិក្សា​​​បាន។ ​លោក​គិត​ថា ​រឿង​ដ៏​ល្អ​ពេល​នេះ​ ខ្លួន​ត្រូវ​បោះ​បង់​ក្ដី​ស្រមៃ​ក្នុង​ការ​បន្ត​ការ​សិក្សា ​រួច​ទៅ​ធ្វើ​កម្មករ​សំណង់​ជាមួយ​ឪពុក​វិញ ដើម្បី​សន្សំ​ប្រាក់​ចូល​រៀន​ដោយ​ខ្លួន​ឯង និង​ជួយ​គ្រួសារ​បាន​ខ្លះ​ផង។

​ចំណែក​មិត្ត​ស្រី​ឈ្មោះ អ៊ីរេន នៅ​ពេល​ដឹង​ថា ម៉ៃឃឺល មិន​ចង់​បន្ត​ការ​សិក្សា នាង​​​ខឹង​ចិត្ត​មួម៉ៅ​ជា​ខ្លាំង។ ​នាង​មិន​ចង់​បាន​បុរស​រៀន​សូត្រ​បាន​ទាប​ធ្វើ​ជា​គូ​អនាគត ដូច្នេះ​នាង​សម្រេច​ចិត្ត​ចែក​ផ្លូវ​ជាមួយ​ម៉ៃឃឺល​ទាំង​មិន​ស្ដាយ​ស្រណោះ។ ម៉ៃឃឺល ​ខូច​ចិត្ត ​និង​តូច​ចិត្ត​ជា​ខ្លាំង​ពេល​មិត្ត​ស្រី​ដើរ​ចេញ​ពី​ជីវិត​ខ្លួន​ទាំង​មិន​ដែល​​បាន​​ឈ្លោះ​ទាស់​សម្ដី​គ្នា​សូម្បីតែ​ម្ដង ​ហើយ​នេះក៏​​ជា​ស្នេហ៍​លើក​ដំបូង​ដែល​លោក​ធ្លាប់​គិត​ថា ​មិន​ចង់​មាន​ជា​លើក​ទី​ពីរ​នោះ​ទេ។

​ម៉ៃឃឺល ពិបាក​ចិត្ត​ខ្លាំង ​និង​ត្រូវ​ការ​ពេល​វេលា​ច្រើន​ដើម្បី​កាត់​ចិត្ត ​ដក​ខ្លួន​ចេញ​ពី​នាង​ឲ្យ​ផុត​ស្រឡះ​។ លោក​បាន​ព្យាយាម​ធ្វើ​ខ្លួន​​ឲ្យ​រវល់​ជា​មួយ​ការងារ​ជា​កម្មករ​សំណង់​ដដែល ដើម្បី​បំភ្លេច​ការ​ឈឺចាប់។ ​ជា​ច្រើន​ខែ​កន្លង​ទៅ ​គាត់​បាន​ស្គាល់​​នារី​ម្នាក់​ទៀត​ឈ្មោះ​ ជូឌី ​ហើយ​ក៏​បាន​ជាប់​ចិត្ត​ស្រលាញ់​នាង​រហូត​ណាត់​ជួប​គ្នា​បាន​រយៈ​ពេល​ជាង ២​ឆ្នាំ។ ​នាង​ជា​មនុស្ស​ស្រី​មិន​សូវ​មាន​ទ្រព្យ​សម្បត្តិ​​ច្រើន​ទេ​ ប៉ុន្តែ​នាង​ស្រលាញ់​គាត់​ស្មោះ។

​ថ្ងៃ​មួយ ជូឌី បាន​បបួល​ម៉ៃឃឺល ទៅ​លេង​ផ្ទះ និង​បាន​ណែនាំ​ឲ្យ​ឪពុក​ម្ដាយ​នាង​ស្គាល់​គាត់។ ​តែ​ជា​រឿង​គួរ​ឲ្យ​សោក​ស្ដាយ​ ឪពុក​ម្ដាយ​របស់​នាង​មិន​បាន​យល់​ព្រម​ដឹង​ឮ​​ពី​ទំនាក់​ទំនង​ស្នេហា​នាង​​ឡើយ ​នៅ​ពេល​ពួក​គាត់​ដឹង​ពី​របរ​ចិញ្ចឹម​ជីវិត​របស់​ម៉ៃឃឺល ​កំពុង​ធ្វើ​សព្វ​ថ្ងៃ។ ​ពួក​គាត់​ប្រាប់​ម៉ៃឃឺល ​ផ្ទាល់​មាត់​ថា “​កូន​មីង​នឹង​មិន​​មាន​អនាគត​ល្អ​ទេ​ ប្រសិន​បើ​រៀប​ការ​ជាមួយ​កម្មករ​សំណង់​នោះ”។

​មិន​យូរ​ប៉ុន្មាន​ ក្រោយ​មក ​ម៉ៃឃឺល ត្រូវ​ដាច់​គ្នា​ជាមួយ​មិត្ត​ស្រី​ជា​លើក​ទី​ពីរ។ ​ម៉ៃឃឺល ​មើល​ឃើញ​ខ្លួន​ឯង​ជា​មនុស្ស​អន់​ទៅ​ៗ អត់​ប្រយោជន៍ ​ឯ​បេះ​ដូង​ត្រូវ​​រង​របួស​​បន្ថែម​ទៀត​ និង​​គិត​លែង​ចង់​មាន​ស្នេហ៍​ថ្មី​ហើយ។ ​ទោះ​​ជា​អស់​សង្ឃឹម ខឹង​ខ្លួន​ឯង​ប៉ុនណា ​គាត់​នៅ​តែ​ប្រឹង​ប្រែង​ធ្វើ​ការ​ជា​និច្ច រហូត​ពេល​ខ្លះ​ភ្លេច​បាយ​ភ្លេច​​ទឹក​ក៏​មាន។ ​ថ្ងៃ​មួយ មិត្ត​ភ័ក្ដិ​របស់​គាត់​​បាន​បបួល ​ម៉ៃឃឺល ​ទៅ​ធ្វើ​ការ​នៅ​​បរទេស​​​ដែល​ទទួល​បាន​ប្រាក់​ឈ្នួល​ខ្ពស់​ជាង​ឆ្ងាយ​ធៀប​នឹង​កោះ​តៃវ៉ាន់។

ម៉ៃឃឺល បាន​​ចំណាក​ស្រុក​ទៅ​កាន់​អូស្ត្រាលី ​ធ្វើ​ការ​ជា​កម្មករ​សំណង់​ដដែល​នៅ​ការដ្ឋាន​មួយ​កន្លែង។ ដំបូង ម៉ៃឃឺល ​ជួប​ការ​លំបាក​យ៉ាង​ខ្លាំង​ក្នុង​ការ​ទំនាក់​ទំនង​ជា​ភាសា​អង់គ្លេស ​ព្រោះ​រៀន​បាន​តិច​តួច​នៅ​ថ្នាក់​វិទ្យាល័យ និង​មិន​ដែល​និយាយ ឬ​ស្ដាប់​ជាមួយ​ជនជាតិ​ដើម​បែប​នេះ​ពី​មុន​មក​ទេ។ ប៉ុន្តែ​គាត់​ប្ដេជ្ញា​ចិត្ត ​ខិតខំ​ប្រឹង​ប្រែង​មិន​រា​ថយ ដើម្បី​សន្សំ​ប្រាក់ និង​ចំណេះ​ជំនាញ​ឲ្យ​បាន​ច្រើន។

ធ្វើ​ការ​បាន​រយៈ​ពេល​ជាង ៥ឆ្នាំ ​គាត់​សម្រេច​ចិត្ត​​ត្រលប់​ទៅ​ធ្វើ​ការ​នៅ​កោះ​តៃវ៉ាន់​វិញ ​ប៉ុន្តែ​មិន​មែន​ជា​កម្មករ​ដូច​មុន​ទេ ​គឺ​ជា​អ្នក​ម៉ៅការ​សាង​សង់​ខ្នាត​តូច​មួយ។ ​ច្រើន​ឆ្នាំ​កន្លង​ទៅ ​ការ​ចិញ្ចឹម​ចិត្ត​ចង់​មាន​របរ​ផ្ទាល់​ខ្លួន​បាន​លេច​ចេញ​ជា​រូប​រាង​ហើយ ព្រោះ​គាត់​បាន​បើក​ក្រុម​ហ៊ុន​សំណង់​មួយ។ ​ដោយ​សារ​តែ​បទ​ពិសោធន៍​ច្រើន ​និង​ភាព​ស្មោះ​ត្រង់ ​ម៉ៃឃឺល ​បាន​ក្លាយ​ជា​អ្នក​ម៉ៅការ​ជោគជ័យ​​ម្នាក់​ រហូត​កាន់​កាប់​អគារ​ជា​ច្រើន​កន្លែង​នៅ​ទូទាំង​ប្រទេស។

ថ្ងៃ​មួយ គាត់​បាន​ទទួល​ដំណឹង​តៗ​គ្នា​ថា ​អតីត​មិត្ត​ស្រីនាង ​អ៊ីរ៉េន ទើប​លែង​លះ ដោយ​សារ​តែ​ប្ដី​អ្នក​មាន​របស់​នាង​លួច​មាន​ស្រី​ថ្មី។ ​នាង​បាន​រៀប​ការ​ជាមួយ​សាស្ត្រា​ចារ្យ​ម្នាក់ ប៉ុន្តែ​ប្ដី​រូប​នេះ​បាន​បោក​ប្រាស់​ចិត្ត​នាង​លួច​មាន​ស្រី​ថ្មី​នៅ​​ប្រទេស​ចិន​។ ​បន្ទាប់​ពី​លែង​លះ ​ប្ដី​កំហូច​បាន​បន្សល់​ទុក​កូន​ប្រុស​​អាយុ ៥ឆ្នាំ​ឲ្យ​នាង​មើល​ថែ​ម្នាក់​ឯង។ ​ចំណែក​អតីត​មិត្ត​ស្រី​ទី​ពីរ នាង​ជូឌី ​ឈាន​ចូល​វ័យ​ជាង ៣០​ឆ្នាំ​នៅ​តែ​មិន​ទាន់​រៀប​ការ ​នាង​មិន​ព្រម​យក​ថ្មី​ព្រោះ​ខឹង​ចិត្ត​ឪពុក​ម្ដាយ​​បំបែក​បំបាក់​គូស្នេហ៍​របស់​នាង។

​ទោះ​ជា​បាន​ដឹង​រឿងរ៉ាវ​អតីត​សង្សារ​ទាំង​ពីរ​ខាង​លើ ​ក៏​លោក​តាំង​ចិត្ត​មិន​វិល​ទៅ​រក​ពួក​គេ​ទាំង​ពីរ​ដែរ ​ព្រោះ​មិន​ចង់​ជួប​មុខ​ឪពុក​ម្ដាយ​ក្មេក​មើល​ឃើញ​តែ​ទ្រព្យសម្បត្តិ​​របស់​គេ។ ​លោក​​សង្ឃឹម​ថា ​ថ្ងៃ​ណា​មួយ​នឹង​មាន​នារី​ម្នាក់​ទៀត​ព្រម​ទទួល​លោក​ធ្វើ​ជា​ឧត្តម​ស្វាមី​ជាក់​ជា​មិន​ខាន៕

អត្ថន័យ​អប់រំ៖ ​សាច់​រឿង​ខាង​លើ​ក៏​បាន​ផ្ដល់​ជា​មេរៀន​ដល់​ឪពុក​ម្ដាយ​មួយ​ចំនួន​ដែល​ប្រឆាំង​ការ​សម្រេច​ចិត្ត​របស់​កូន​ក្នុង​ការ​ជ្រើសរើស​គូស្រករ ​និង​មើល​ឃើញ​ទ្រព្យ​សម្បត្តិ​បច្ចុប្បន្ន​របស់​គេ ​ជាជាង​ក្ដី​ស្រលាញ់​ និង​ភាព​ស្មោះ​ត្រង់។ ​គេ​ពិបាក​​​យល់​ថា ​ឪពុក​ម្ដាយ​គ្រប់​រូប​ចង់​ឲ្យ​កូន​ៗ​ឆាប់មាន​ទ្រព្យ​ស្ដុក​ស្ដម្ភ​ មាន​មុខ​​មាន​​មាត់​ តែ​ពួក​គាត់​មិន​ដឹង​ថា ​ចិត្ត​កូន​ប្រសារ​យ៉ាង​ណា​ទេ​នៅ​ថ្ងៃ​អនាគត។ ​ប៉ុន្តែ​សម្រាប់​គូស្នេហ៍​ដែល​ចំណាយ​ពេល​មើល​ចិត្ត​គ្នា​រាប់​ឆ្នាំ​មក​នេះ ​ពួក​គេ​ពិត​ជា​ដឹង​ចិត្ត​គ្នា រក្សា​ភាព​ស្មោះ​ត្រង់​ឲ្យ​គ្នា​មិន​ថា​​បច្ចុប្បន្ន និង​អនាគត។

​នៅ​សម័យ​ថ្មី​ប្រុស​ស្រី​មាន​សិទ្ធិ​ស្មើ​គ្នា​ទៅ​ហើយ វា​ជា​រឿង​ល្អ​ប្រពៃ ​ប្រសិន​បើ​ឪពុក​ម្ដាយ​ផ្ដល់​សិទ្ធិ​ឲ្យ​កូន​ៗ​រើស​គូស្រករ​​ខ្លួន​ឯង ​សាង​គ្រួសារ​ខ្លួន​ឯង ​បើ​មិន​ដូច្នេះ​ទេ​ពួក​គេ​អាច​នឹង​ជួប​វិប្បដិសារី​ដូច​​នាង អ៊ីរ៉េន និង​ជូឌី​ខាង​លើ។ រៀប​ការ​ជាមួយ​ប្ដី​គំនិត​ល្អ ទោះ​បច្ចុប្បន្ន​ក្រ អនាគត​​ក៏​គង់​តែ​ក្លាយ​ជា​អ្នក​មាន៕ (​ប្រែ​សម្រួល Morning Fresh, ហាម​លួច​ចម្លង​អត្ថបទ​ពី​វេបសាយ Morningfresh.news ជា​ដាច់​ខាត)

ហាមលួចចម្លងអត្ថបទ​ពីវេបសាយ Morningfresh.news ដោយគ្មានការអនុញ្ញាត
error: ហាម​លួចចម្លង​អត្ថបទ​នេះ!