មិនគួរសោះ ប្អូនសិស្សថ្នាក់ទី១២ តែប្អូនជួយការងារសង្គមច្រើនណាស់
ករណី គ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឱ្យយុវជនម្នាក់ ជាសិស្សថ្នាក់ទី 12 បានស្លា…ប់បាត់បង់អាយុជីវិត ភ្លាមៗ នៅ កន្លែង កើតហេតុ …
ហេតុការណ៍ខាងលើនេះ កើតឡើងនៅវេលាម៉ោង៤នឹង២៥នាទីរសៀល ថ្ងៃទី ២៨ ខែ ឧសភាឆ្នាំ ២០២៣ ស្ថិតនៅតាមបណ្ដោយផ្លូវវិថីស្វាយជួរ ស្ថិតនៅខាងក្រោយសាលាសង្កាត់ព្រែកលាប ភូមិស្វាយជួរ សង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។(មើលវីដេអូ)
តាមការឲ្យដឹងពីប្រភពនៅហ្នឹងកន្លែងកើតហេតុបានឱ្យដឹងថា ដំបូងគេបានឃើញយុវជនចំនួន៥នាក់ ជិះម៉ូតូបីគ្រឿងពីរទិសខាងត្បូងទៅទិសខាងជើង រីឯជនរងគ្រោះជិះម៉ូតូមួយម្នាក់ឯង ស្រាប់តែមកដល់ចំណុចកើតហេតុត្រង់ផ្លូវកោងខ្លាំង ហើយស្រាប់តែមានភ្លៀងខ្លាំងផងនោះ ក៏បានទៅបុ..កជាមួយនឹងរថយន្តហ្វតជិះបញ្ច្រាសទើសគ្នាពេញទំហឹង បណ្ដាលអាយុជនម្នាក់ស្លា..ប់នៅហ្នឹងកន្លែងកើតហេតុភ្លាមៗ។
សពជនរងគ្រោះ មានឈ្មោះ ផល សំណាង ភេទប្រុស អាយុ ១៩ឆ្នាំ ជាសិស្សរៀននៅវិទ្យាល័យទួលអំពិលចំការដូង ថ្នាក់ទី ១២ អាសយដ្ឋានបច្ចុប្បន្ន រស់នៅភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោរាជធានីភ្នំពេញ ក្នុងបុរីពិភពថ្មីចំការដូង។
ជនរងគ្រោះជិះម៉ូតូម៉ាកឌ្រីមសង់ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1HF- 6654 រីឯរម្ចាស់ថយន្តហ្វតពណ៌ទឹកប្រាក់ដឹកអ្នកដំណើរក្រោយពេលកើតហេតុ តៃកុងរថយន្តបានរត់គេចខ្លួនបាត់ស្រមោលបន្សល់ទុកតែរថយន្តហ្វតពាក់ស្លាកលេខ ភ្នំពេញ 2AX -1392 បច្ចុប្បន្នរថយន្តនិងម៉ូតូ ត្រូវបានកម្លាំងជំនាញចរាចរណ៍យកទៅរក្សាទុករង់ចាំដោះស្រាយគ្នានៅពេលក្រោយ។
ចំណែកស…ពជនរងគ្រោះក្រោយពីធ្វើកំណត់ហេតុចប់សព្វគ្រប់សមត្ថកិច្ចបានប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។
ក្រោយទទួលដំណឹងថា ជនរងគ្រោះបានបាត់បង់ជីវិត ម្ចាស់គណនីហ្វេសប៊ុក មានឈ្មោះ Tang Suntech បានបង្ហោះសារ បង្ហាញអារម្មណ៍សោកស្ដាយយ៉ាងដូច្នេះថា៖ «
ក្នុងនាមខ្ញុំបាទ ជាក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស ការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសពរបស់ប្អូនប្រុស ផល សំណាង ដែលបានជួបនូវករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យស្លាប់បាត់បង់ជីវិតនៅនឹងកន្លែងកេីតហេតុ ដែលស្ថិតនៅក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។
ប្អូនប្រុស ជាមនុស្សល្អម្នាក់ ដែលតែងតែជួយការងារសង្គមជាច្រើន តាមរយៈការជួយប្រជាពលរដ្ឋដែលរងគ្រោះដោយសារតែគ្រោះអគ្គិភ័យកន្លងមក មិនថាតែនៅកន្លែងណានោះទេ ប្អូនប្រុសតែងតែចូលរួម ជាមួយក្រុមពន្លត់អគ្គិភ័យរបស់យេីងជានិច្ច រហូតមក តែពេលនេះ ជាអកុសល ប្អូនប្រុសបានជួប នឹងករណីគ្រោះថ្នាក់ចរាចរណ៍ បែបនេះទៅវិញ។
បងពិតជាមានការសោកស្តាយជាខ្លាំងចំពោះការបាត់បង់មនុស្សល្អដូចជាប្អូនប្រុស។ ទោះបីជាប្អូនប្រុស មិនមែនជាមន្ត្រីនគរបាលជាតិ រឺក៏មន្ត្រីកិច្ចសន្យាក៏ដោយ តែប្អូនប្រុសបានស្ម័គ្រចិត្ត ចូលរួមជាមួយក្រុមការងាររបស់យើង ក្នុងការលះបង់គ្រប់បែបយ៉ាង ដេីម្បីជួយសង្គ្រោះប្រជាពលរដ្ឋក្នុងករណីអគ្គិភ័យ។ ក្រុមការងារយេីង នឹងចងចាំឈ្មោះប្អូនប្រុសរហូតទៅ សូមប្អូនប្រុស បានទៅកាន់សុខគតិភពផងចុះ៕