លោកច័ន្ទបុត្រ ប្រកាស២ដង អញ្ជើញសម្ដេច​ឡើងវេទិកា​អាស៊ីសេរី ក្រោយចោទរឿងចារកម្ម

បន្ទាប់​ពី​ទទួល​ដំណឹង​ថា សម្ដេច​ហ៊ុន សែន ចោទ​លោក ជុន ច័ន្ទបុត្រ ​ដែល​ជា​នាយករង​វិទ្យុ​អាស៊ី​សេរី​ជា​ភាសា​ខ្មែរ​ថា​ជា​ចារកម្ម​របស់​សម្ដេច និង​ឲ្យ​សម្ដេច​ជួយ​ការពារ​ខ្លួន​ខ្លាច​ក្រែង​ភ្នាក់ងារ​សម្ងាត់ CIA ​តាម​សម្លាប់​នោះ លោក ច័ន្ទបុត្រ ​មិន​បាន​និយាយ​រៀប​រាប់​អ្វី​ច្រើន ប៉ុន្តែ​បាន​អញ្ជើញ​សម្ដេច​ចូល​រួម​ជា​វាគ្មិន​ក្នុង​ការ​ផ្សាយ​របស់​វិទ្យុ​អាស៊ី​សេរី ​ដើម្បី​ជជែក​ដេញ​ដោល និង​​បង្ហាញ​ភស្តុតាង​នៅ​សាធារណជន​។

ថ្លែង​ក្នុង​វេ​ទិ​ការ​ជួប​សំណេះសំណាល​ជាមួយ​ពលរដ្ឋ​ខ្មែរ​ប្រមាណ ​៨០០​នាក់ នៅ​​លើ​ទឹក​ដី​អូស្ត្រាលី​នៅ​ថ្ងៃទី​ ១៦ មីនា​នេះ សម្ដេច ហ៊ុន សែន ​បាន​អះអាង​ថា ​លោក ច័ន្ទ​បុត្រ ធ្លាប់​ធ្វើ​ជា​ចារកម្ម​ផ្តល់​ព័ត៌មាន​សំងាត់​ឲ្យ​សម្តេច និង​ធ្លាប់​​បាន​ពឹង​ពាក់​ឲ្យ​ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ និង​ឧត្តម​សេនីយ៍​ឯក ហ៊ុន ម៉ាណែត ឲ្យ​ជួយ​ការពារ​ជីវិត​របស់​ខ្លួន ដើម្បី​គេច​ពី​ការ​តាម​សម្លាប់​របស់​ភ្នាក់​ងារ​ CIA អាមេរិក តាម​សម្លាប់​ដូច កែម ឡី ​និង​បាន​បបួល​ឲ្យ​លោក​ ច័ន្ទបុត្រ ​ស្បថ​ទៀត​ផង។

សម្តេច​​​ថា “ជុន ចាន់​បុត្រ​ហ៊ាន ឬ​មិន​ហ៊ាន ស្បថ ទេ លោក​ឯង​ជា​មនុស្ស​ធុន​ណា អី​ចឹង​យល់​យ៉ាង​ម៉េច លោក​ឯង​ជេរ ហ៊ុន សែន មក​និយាយ​ជាមួយ​កូន​ហ៊ុន សែន ។ លោក​ឯង​មិន​ចេះ​ខ្មាស​អៀន​ទេ​អី។ ជុន ​ចាន់បុត្រ និយាយ​ថា ប្រយ័ត្ន​អា​មេ​រិក​សម្លាប់​ដូច​កែម ឡី ។ ពី​មុន​ខ្ញុំ​លាក់ តែ​ឥឡូវ​ខ្ញុំ​អត់​លាក់​ទេ ពី​មុន​អ្នក​ជា​ចារកម្ម​ឲ្យខ្ញុំ តែ​ខ្ញុំ​ពេល​នេះ​មិន​ទុក​ទេ ទម្លាយ​អស់​ហើយ”។

​បន្ទាប់​ពី​បាន​ទទួល​ដំណឹង​នេះ ​លោក​ច័ន្ទ បុត្រ ចាត់ទុក​ការប្រកាស​របស់​លោកនាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន ថា​លោក​ជា​ចារកម្ម​របស់​សម្ដេច​គឺជា​រឿង​ឱ្យ​អស់សំណើច ហើយ​លោក​ក៏​ស្នើ​ទៅ​សម្ដេច​​វិញ ឲ្យ​ចូល​ជា​វាគ្មិន​កិត្តិយស​ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ី​សេរី ដើម្បី​អាច​ឱ្យ​សម្ដេច​នាំ​យក​ភស្តុតាង​ទាំង​ឡាយ​ណា​ដែល​លោកនាយក​រដ្ឋមន្ត្រី​ចោទ​លោក​ថា បាន​សុំ​កិច្ច​ការពារ​ពី​នាយករដ្ឋមន្ត្រី ដើម្បី​កុំ​ឲ្យ​អាមេរិក​សម្លាប់​លោក​ដូច​សម្លាប់​បណ្ឌិត កែម ឡី ឬ​ភស្តុតាង​ដទៃ​ទៀត​ពាក់ព័ន្ធ​នឹង​រូបលោក​។ នេះ​ជា​ការ​ឆ្លើយ​តប​របស់​លោក ជុន ច័ន្ទ​បុត្រ ក្នុង​ការផ្សាយ​របស់​វិទ្យុ​អាស៊ី​សេរី នៅ​យប់​ថ្ងៃទី​១៦ មីនា ២០១៨​។

ក្រោយ​ពី​ប្រកាស​តាម​រយៈ​ផ្ដល់​បទ​សម្ភាសន៍​របស់​វិទ្យុ​អាស៊ី​សេរី ​លោក​ច័ន្ទ​បុត្រ ​បាន​ប្រកាស​អញ្ជើញ​សម្ដេច​ហ៊ុន សែន ​តាម​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​ម្ដង​ជា​ពីរ​ដង និង​មាន​សារ​ឆ្លើយ​តប​សម្ដេច​​មួយ​ចំនួន​ដូច​ខាង​ក្រោម​៖ ​ជំរាប​លោក​ហ៊ុន សែន តាម​ត្រង់​ទៅ​ចុះ មានតែ​ចារកម្ម​របស់​លោក​ទេ ដែល​តែង​លួច​បញ្ជូន​ការសម្ងាត់​ផ្ទៃក្នុង​មក​អោយ​ខ្ញុំ​ដឹង​។ គ្រាន់​តែ​ខ្ញុំ​មិន​ដែល​យកជា​ការ ហើយ​មិន​បញ្ចេញ​ឈ្មោះ ខ្លាច​លោក​ធ្វើបាប​គាត់​។

​លោក​បបួល​ខ្ញុំ​ស្បថ​ថា​ខ្ញុំ​ជា​ចារកិច្ច​របស់​លោក ខ្ញុំ​ហ៊ាន​ស្បថ និង​ហ៊ាន​តតាំង​នឹង​លោក​ជា​សា​ធា​រណៈ​។ ចុះ​លោក​វិញ​ហ៊ាន​ស្បថ និង​តតាំង​ជាមួយ​ខ្ញុំ​ទេ​? ​សូម​រាយការណ៍​ជូន​សម្តេច​៖ ​ថ្ងៃនេះ​មាន​ក្រុម​ដែល​ប្រឆាំង​នឹង​សម្តេច​គ្រោង​ធ្វើ​បាតុកម្ម​ដុត​រូប​ និង​ហែ​មឈូស​ស​ម្តេច​គគ្រឹកគគ្រេង​ណាស់​។ ខ្ញុំ​នឹង​រាយការណ៍​ជូន​សម្តេច​ទៀត​ពេល​ចប់​កម្មវិធី​។ សូម​គោរព​លា។

​ចំនែក​សារ​ចុង​ក្រោយ​មួយ​ទៀត៖​​​ឈប់​និយាយ​លេងសើច​ហើយ​។ ការ​ចោទប្រកាន់ ជា​រឿង​ធំដុំ ជាពិសេស​សម្តី​ចេញពី​មេដឹកនាំ​ប្រទេស​។ ខ្ញុំ​សូម​អញ្ជើញ​លោក​ហ៊ុន សែន ជាថ្មី​ម្តង​ទៀត​មក​ឆ្លើយឆ្លង​គ្នា​លើ​វិទ្យុ​។ យើង​នឹង​បកស្រាយ ជា​សាធារណ​:​ព្រមទាំង​មាន​ភស្តុតាង​បញ្ជាក់​ផង៕ សូម​រង់​ចាំ​តាម​ដាន​បន្ត​ថា​សម្ដេច​ហ៊ាន​​ឬយ៉ាងណា​?…(សម្រួល​អត្ថបទ៖ Morning Fresh)

ហាមលួចចម្លងអត្ថបទ​ពីវេបសាយ Morningfresh.news ដោយគ្មានការអនុញ្ញាត
error: ហាម​លួចចម្លង​អត្ថបទ​នេះ!