ក្រុមហ៊ុន IT មួយកំពុងផ្តល់សេវាកម្មរកគូឲ្យបុគ្គលិកដោយឥតគិតថ្លៃ
សព្វថ្ងៃនេះ មានក្រុមហ៊ុនច្រើនណាស់ កំពុងប្រើមធ្យោបាយផ្សេងៗដើម្បីថែរក្សាបុគ្គលិកកុំឲ្យឈប់។ បុគ្គលិកត្រូវបានគេផ្តល់ជម្រើសផ្សេងៗគ្នាជាច្រើន ដើម្បីធ្វើឲ្យជីវិតការងាររបស់ពួកគេបានល្អប្រសើរ ឯក្រុមហ៊ុនក៏បានរីចម្រើន រាប់ចាប់ពីការងារដែលមានភាពបត់បែន អាចធ្វើការងារពីផ្ទះបាន រហូតដល់ច្បាប់ឈប់សម្រាកលើបញ្ហាសុខភាព។
ប៉ុន្តែក្រុមហ៊ុន IT មួយ ដែលមានមូលដ្ឋាននៅទីក្រុង Madurai ប្រទេសឥណ្ឌា កំពុងផ្តល់អ្វីបន្ថែមមួយប្លែកខុសពីគេ។ ក្រុមហ៊ុនកំពុងផ្តល់សេវាកម្ម រកគូដោយឥតគិតថ្លៃដល់បុគ្គលិករបស់ខ្លួន ដែលកញ្ចប់បន្ថែមនេះ បានធ្វើឲ្យមហាជនសម្ដែងនូវការចាប់អារម្មណ៍ជាខ្លាំង។
ពួកគេក៏បានប្រកាសដំឡើងប្រាក់ឈ្នួល សម្រាប់បុគ្គលិករបស់ពួកគេ ដែលប្រើប្រាស់សេវាកម្មទាំងនេះ ល្គិកណាពួកគេបានរៀបការជាមួយគ្នា។ ជំហានមួយគេសរសើរថាចម្លែកនោះគឺ ក្រុមហ៊ុន Mookambika Infosolutions កំពុងផ្តល់សេវាកម្មទាំងនេះដល់បុគ្គលិកចំនួន ៧៥០ នាក់។
យោងតាមរបាយការណ៍របស់សារព័ត៌មាន TOI បានឲ្យដឹងថា មូលហេតុនាំឲ្យក្រុមហ៊ុន Mookambika Infosolutions ធ្វើរឿងភ្ញាក់ផ្អើលនេះឡើង ដោយសារតែ អត្រានៃបុគ្គលិក មានការធ្លាក់ចុះទាបជាង ១០ ភាគរយអស់រយៈពេលជាច្រើនឆ្នាំមកនេះ។
ក្រុមហ៊ុនក៏បានដំឡើងប្រាក់ខែឱ្យបុគ្គលិកកើនឡើងថេរពី ៦-៨ ភាគរយ ពីរដងក្នុងមួយឆ្នាំទៀតផង។ ប៉ុន្តែឥឡូវនេះ ពួកគេមិនត្រឹមតែផ្តល់សេវាកម្មរកគូឲ្យបុគ្គលិកប៉ុណ្ណោះទេ នូវបន្ថែមលក្ខខណ្ឌពិសេសមួយ ក្នុងករណីដែលពួកគេសម្រេចរៀបការ។
និយាយអំពីគំនិតផ្តួចផ្តើមនេះ ស្ថាបនិកក្រុមហ៊ុន លោក MP Selvaganesh បាននិយាយថា៖ «ពួកគេ (និយោជិត) ចាត់ទុកខ្ញុំដូចជាបងប្អូនប្រុស។ ពួកគេមួយចំនួនមកពីភូមិឆ្ងាយៗ ដោយមានឪពុកម្តាយមានវ័យចំណាស់ ឬខ្វះទស្សនវិស័យវែងឆ្ងាយ និងមិនអាចជ្រើសរើសគូបានត្រឹមត្រូវឡើយ។ យើងជួយបុគ្គលិកបែបនេះតាមរយៈបណ្តាញ។ ពិធីមង្គលការគឺជាការជួបជុំដ៏ល្អបំផុត ក្រុមទាំងមូលជួលឡាន ដើម្បីទៅចូលរួម។ ប្រហែល ៤០ ភាគរយនៃបុគ្គលិករបស់ Mookambika Infosolutions បាននៅជាមួយក្រុមហ៊ុនអស់រយៈពេល ៥ឆ្នាំ៕(បកប្រែ៖ RANY)