លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន បង្ហាញប្រតិកម្មទៅកាន់មន្ទីរពេទ្យ១ ករណីទុកអ្នកជំងឺចោលមិនបញ្ជូនបន្តរង់ចាំលុយសិន
នៅយប់ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន និងជាប្រធាននាយកដ្ឋានវិទ្យុទាក់ទង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានប្រតិកម្មជាខ្លាំងទៅកាន់មន្ទីរពេទ្យមួយ ក្នុងរាជធានីភ្នំពេញ ទាក់ទងនឹងតម្លៃ និងមិនព្រមបញ្ជូន ក្មេងទៅកាន់ មន្ទីរពេទ្យគន្ធបុប្ផា ខណៈដែល ក្មេងប្រុសអាយុ១៤ឆ្នាំម្នាក់នោះ ត្រូវជាកូនប្រុសបុគ្គលិករបស់លោក បានជួបគ្រោះថ្នាក់ចរាចរណ៍៍ធ្ងន់តែមិនបញ្ជូន រង់ចាំឲ្យគ្រួសារបង់ប្រាក់តាមវិក្ក័យបត្រគ្រប់សិន។
តាមរយៈគណនីហ្វេសប៊ុក របស់លោក ឧត្តមសេនីយ៍ ក៏បានបង្ហោះសារយ៉ាងដូច្នេះថា៖ «ខ្ញុំថា បើម្ចាស់មន្ទីរពហុព្យាបាលនេះជាជនជាតិខ្មែរ១០០ភាគរយ ពួកគាត់មិនអសីលធម៌បែបនេះឡើយ។ កុមារនេះជាកូនរបស់បុគ្គលិកខ្ញុំ ហើយកុមារនេះលួចទៅធ្វើជាងសំណង់ទាំងខ្លួនឯងអាយុទើបតែ ១៤ ឆ្នាំដោយជីវភាពគ្រួសារក្រីក្រ។
ថ្ងៃនេះក្មេងជួបគ្រោះថ្នាក់ចរាចរណ៍តាំងពីថ្ងៃមេឃនៅមានពន្លឺថ្ងៃ និងត្រូវដឹកទៅសង្គ្រោះ នៅមន្ទីរព្យាបាលមួយនេះ។ ម្នាក់ចំណោម២នាក់រងគ្រោះបានស្លា-ប់បាត់ទៅហើយ នៅសល់កុមារម្នាក់នេះរងគ្រោះធ្ងន់ ដែលត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យគន្ធបុប្ផា។
មន្ទីរព្យាបាលមិនព្រមបញ្ជូនកុមារនោះចេញឡើយ ដោយសារម្តាយជនរងគ្រោះ ពុំមានប្រាក់បង់គ្រប់ចំនួន ៤២០ តាមការចេញវិក័យប័ត្រ ម្តាយក្មេងរងគ្រោះសំពះអង្វរសុំបង់ ២០០ ដុល្លារ។
ឪពុកក្មេងនោះ ជាបុគ្គលិកបើកគ្រឿងចក្រខ្ញុំ ដែលបច្ចុប្បន្នគាត់កំពុងជាប់ភារកិច្ចជួយធ្វើប្រឡាយ និងធ្វើផ្លូវជូនប្រជាជននៅឃុំទឹកថ្លា ខេត្តព្រៃវែងដែលមិនគិតប្រាក់សូម្បីមួយរៀល។ ឯណាទៅសីលធម៌សង្គម ដោយសារតែលុយ ២២០ ដុល្លារសុខចិត្តទុកឱ្យក្មេងស្លា-ប់ឬ?
ខ្ញុំទើបតែទទួលបានព័ត៌មាន ខ្ញុំពិតជាហួសចិត្តនឹងម្ចាស់ពេទ្យនោះណាស់ តែខ្ញុំជឿថា ប្រហែលពួកគាត់ជាកូនកាត់ ពីព្រោះបើជនជាតិខ្មែរពិតប្រាកដ មិនអាក្រក់ឈាមខ្មៅយ៉ាងនោះទេ។ ម្យ៉ាងខ្ញុំក៏ឆ្ងល់នឹងតម្លៃលើវិក័យប័ត្រនេះផងដែរ។ អ្នកក្រជួបទុក្ខ រងចាំតែស្លា-ប់ទៅ នេះហើយផ្នែកមួយដំបៅនៃសង្គមយើងសព្វថ្ងៃ។
ក្រោយមកលោក ក៏បានបង្ហោះសារបន្ថែមទៀតថា៖ «ខ្ញុំបានបង់ប្រាក់គ្រប់ចំនួន ៤២០ ដុល្លារ ប៉ុន្តែខាងមន្ទីរពហុព្យាបាលមិនអនុញ្ញាតិឱ្យដឹកកុមារនោះទៅពេទ្យគន្ធបុប្ផាឡើយ ដោយពួកគាត់ទាមទារ ឱ្យខ្ញុំលុបអ្វីបានផុសពីហ្វេសបុក។
ខ្ញុំបានសុំការជួយពីនគរបាលខណ្ឌដង្កោ លោកអធិការបានចុះទៅផ្ទាល់គ្នាទាំងហ្វូង ទីបំផុតគាត់ព្រមដឹកយកទៅពេទ្យគន្ធបុប្ផា។ បុគ្គលិកខ្ញុំផ្ញើវីដេអូមក ឃើញក្មេងប្រុសនោះទ្រហ៊ោយំ ជាខ្លាំង ព្រោះតែការឈឺក្បាលហូរឈា-មតាមត្រចៀក ដោយសារក្បាលគាត់បែ-កលលាដ៍ តាមការសន្និដ្ឋានបឋម ក្មេងនោះសង្ឃឹមតិចណាស់ ដោយសារការជួយសង្គ្រោះចង់យឺតពេល ទៅហើយ ។ នេះឬចិត្តពេទ្យ? នេះឬមនុស្សមានសិទ្ធិបើកមន្ទីរព្យាបាល?»៕(និស្ស័យ)