រថយន្ត១គ្រឿងដឹកប្រហិតចម្រុះខូចគុណភាពជាង២តោនពីថៃមកកម្ពុជា ត្រូវបានសមត្ថកិច្ចឃាត់ជាប់
នៅថ្ងៃ សុក្រ ៣កើតខែអាសាឍឆ្នាំខាលចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី ០១ ខែ កក្កដា ឆ្នាំ ២០២២ អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅចំណុចគោលដៅចរាចរណ៍ ភូមិបឹងរាំង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង វេលាម៉ោងប្រមាណ ១២និង០០នាទីនគរបាលស្រុកកំរៀង ដែលមានលោកវរសេនីយ៍ទោ វេ គឹមចត់ អធិការនគរបាលស្រុក
បានដឹកនាំ កម្លាំងផ្នែកជំនាញឃាត់រថយន្តចំនួន០១គ្រឿង ម៉ាកសាំយ៉ុងពណ៍ទឹកប្រាក់ ពាក់ស្លាកលេខកំពង់ចាម2A-0087 បើកបរដោយឈ្មោះសុខ ចាន់ភេទប្រុសអាយុ៣៤ ឆ្នាំរស់នៅភូមិប្រគាប ឃុំរូងជ្រៃ ស្រុកថ្មគោលខេត្តបាត់ដំបង ដោយបានត្រួតពិនិត្យ លើរថយន្តឃើញមានប្រហិតចម្រុះខូចគុណភាពប្រមាណជាង២,០០០គីឡូក្រាមដែលផ្ទុកពេញរថយន្ត។ នៅពេលនេះ សមត្ថកិច្ចនគរបាលស្រុកបានបញ្ជូនទាំងម្ចាស់ និងប្រហិតចម្រុះទាំងនេះ មកកាន់ការិយាល័យជំនាញនៅស្នងការដ្ឋានដើម្បីអនុវត្ត បន្តតាមនីតិវិធី ច្បាប់៕