ធ្លាប់ដេកគុកជាង១ឆ្នាំ ចេញមកវិញរម្លឹកមេរៀនចាស់ជិះទៅខេត្តផ្សេង តែនៅមិនជោគជ័យ
លោកវរសេនីយ៍ទោ អ៊ឹម សុភារៈ អធិការនគរបាលស្រុកអូរជ្រៅ បានប្រាប់ថា នគរបាលស្រុកអូរជ្រៅ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយពីធ្វើសកម្មជិះម៉ូតូ ១គ្រឿងម៉ាកហុងដាទ្រីមសេ១២៥ ពណ៍ខ្មៅ សេរីឆ្នាំ២០២០ ពាក់ស្លាកលេខបាត់ដំបង1AL១៣៨៦ ឆក់កាបូបបានសម្រេចនៅថ្ងៃទី២០ មិថុនា ឆ្នាំ២០២២ នៅវេលាម៉ោង ២ល្ងាច ត្រង់ចំណុចផ្សារគុត្តសត ស្ថិតនៅភូមិយាងថ្មី ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
លោកអធិការបានបញ្ជាក់ថា សង្ស័យឈ្មោះ យី ជ័យ ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ រស់នៅ ភូមិទំនប់ត្រកួន ឃុំឃ្លាំងមាស ស្រុកបវេល ខេត្តបាត់ដំបង មានមុខរបរមិនប្រាកដ បានធ្វើសកម្មភាពឆក់យកកាបូបដាក់លុយពីឈ្មោះឡេង គឹមទៀង ភេទស្រី អាយុ ៤៩ឆ្នាំ មុខរបរលក់ដូរនៅភូមិយាងថ្មី ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នៅក្នុងកាបូបមានប្រាក់ខ្មែរ ៥១ម៉ឺនរៀល និងប្រាក់ថៃ ២,០០០បាត។
ពេលឆក់បាន ជនរងគ្រោះបានស្រែកឲ្យគេជួយ ពលរដ្ឋនៅក្បែរនោះក៏បានរាយការណ៍ ភ្លាមៗនោះនគរបាលប៉ុស្តិ៍ និងកំលំាងជំនាញបានចេញអន្តរាគមន៍ ចាប់ឃាត់បានជនសង្ស័យយកមកធ្វើការសាកសួរ។ នៅចំពោះមុខជនសង្ស័យបានឆ្លើយអះអាងថា រយៈកាលកន្លងមកធ្លាប់ធ្វើសកម្មភាពឆក់នៅខេត្តបាត់ដំបង និងធ្លាប់ជាប់ពន្ធនាគាររយៈពេលជាង១ឆ្នាំ ទើបតែចេញ ហើយបានមកធ្វើសកម្មភាពឆក់យកកាបូបដាក់លុយពីអ្នកនៅផ្សារគុត្តសតនេះ។
បច្ចុប្បន្នជនសង្ស័យ និងម៉ូតូជិះធ្វើសកម្មភាពនគរបាលជំនាញផ្នែកព្រហ្មទណ្ឌកំពុងរៀបចំសំណុំរឿងបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការបន្តតាមនិតិវិធី ចំណែកាបូប និងលុយ ស្នើសុំគោលការណ៍ប្រគល់ជូនម្ចាស់ដើមវិញ៕