ក្មេងសិស្សសាលា ៧នាក់ បបួលគ្នាទៅជិះទូកថតរូបលេង បែរជួបអកុសល ២នាក់
ក្មេងស្រីសិស្សសាលា ២នាក់ស្លាប់បាត់បង់ជីវិតក្នុងទឹកអាងពន្លៃ ខណៈក្មេងស្រីទាំង ២នាក់នោះនិងមិត្តភ័ក្ដ ៥នាក់ផ្សេងទៀត នាំគ្នាជិះទូកត្នោតថតរូបលេង ស្រាប់តែទូកលិចព្រោះមិនចេះហែលទឹកដោយសារទឹកជ្រៅពេក។
ចំណែក ៥នាក់ទៀតចេះហែលទឹក និងមានអ្នកជួយសង្គ្រោះទាន់ទើបផុតពីសេចក្តីស្លាប់។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៥ល្ងាច ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចអាងទឹកពន្លៃ ស្ថិតក្នុងភូមិពន្លៃ ឃុំពន្លៃ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។
លោកអធិការនគរបាលស្រុកភ្នំស្រុក វរសេនីយ៍ទោ ប៉ិក គឹម ហ៊ាក បានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថាក្មេងរងគ្រោះស្លាប់នោះ ទី១. មានឈ្មោះជួប សុជាតា ភេទ ស្រី អាយុ ១៣ឆ្នាំ នៅភូមិស្រះជីក ឃុំស្រះជីក ស្រុកភ្នំស្រុក ខេត្តបន្ទាយមឆនជ័យ។ ទី ២មានឈ្មោះ មាន ឡាលីន ភេទ ស្រី អាយុ១៤ឆ្នាំ នៅភូមិ ស្រះជីក ឃុំ ស្រះជីក ស្រុកភ្នំស្រុក ខេត្បន្ទាយមានជ័យ។
លោកអធិការនគរបាលស្រុកភ្នំស្រុកបន្តឲ្យដឹងទៀតថា មុនពេលកើតហេតុនោះជនរងគ្រោះទាំ២នាក់ មានគ្នីគ្នា៥នាក់ទៀត បានជិះរថយន្ត ១គ្រឿង ចេញពីទីរួមស្រុកភ្នំស្រុក ឆ្ពោះទៅលេងទឹកអាងពន្លៃ ពេលទៅដល់បាននាំគ្នាជិះទូកត្នោតទាំងអស់គ្នា ដោយប្រាប់ថាម្ចាស់ទូកថាសុំជិះដើម្បីថតរូបប៉ុណ្ណោះមិនទៅឆ្ងាយពីគោកទេ ឯម្ចាស់ទូកក៏ចេញពីកន្លែងកើតហេតុទៅទិញភេសជ្ជៈផឹកបាត់។
ពេលនោះដោយសារមនុស្ស ៧នាក់ជិះទូកត្នោតមានទម្ងន់ធ្ងន់ពេក ស្រាប់តែក្រឡាប់ទូកធ្លាក់មនុស្សចូលក្នុងទឹកជ្រៅចម្ងាយប្រមាណ ៥០ម៉ែត្រពីគោក បណ្តាលលង់ទឹកស្លាប់ក្មេងស្រី ២នាក់ដែលមិនចេះហែល ដោយសារម្នាក់ៗយកប្រាស់អាយូសរៀងៗខ្លួន ចំណែកអ្នកផ្សេងទៀតខ្លះចេះហែល ហើយម្ចាស់ទូកមកទាន់ ក៏បានជួយរួចពីសេចក្តីស្លាប់។
ក្រោយពីកើតមានហេតុការណ៍នេះកើតឡើងកម្លាំងជំនាញព្រហ្មទណ្ឌនិងកម្លាំងប៉ុស្តិ៍សហការណ៍ជាមួយអាជ្ញាធរភូមិ ឃុំ ចុះត្រួតពិនិត្យកន្លែងកើតហេតុ និងធ្វើការពិនិត្យសពបានធ្វើការសន្និដ្ឋានថាក្មេងទាំង២នាក់នេះ ពិតជាស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន។ ក្រោយពីពិនិត្យសពរួចរាល់ហើយ បានប្រគល់ជូនក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណីទាំងក្តីសោកស្តាយ៕