មិនគួរឲ្យជឿ! កុមារីអាយុទើប៤ឆ្នាំអាចនិយាយ ៧ភាសា ឯមូលហេតុចេះគួរឲ្យសរសើរ

ក្មេងស្រីវ័យទើប ៤ឆ្នាំ មកពីទីក្រុងមូស្គូ ប្រទេសរុស្ស៊ី អាចនិយាយបានដល់ទៅ ៧ភាសា បានធ្វើឲ្យគ្រប់គ្នាភ្ញាក់​ផ្អើល​កោតសរសើរយ៉ាងខ្លាំង ដោយ ៦ភាសាជាភាសាបរទេស និងមួយភាសាជាភាសាកំណើត។ តើនាងតូចចេះនិយាយភាសាច្រើនពីកំណើតដោយឯកឯង ឬរៀនសូត្រពីណា?

ក្មេងស្រីនេះមានឈ្មោះ Angelina Bella Devyatkina អាចនិយាយ ភាសារុស្ស៊ី (ភាសាកំណើត) អង់គ្លេស បារាំង អាល្លឺម៉ង់ អេស្ប៉ាញ ចិន និងអារ៉ាបបានយ៉ាងល្អក្រោមក្រសែភ្នែកទស្សនិកជនរាប់​រយនាក់ក្នុងកម្មវិធី​ប្រលង​សមត្ថភាពមួយ។

នាងទទួលភាពល្បីល្បាញខ្លាំង បន្ទាប់ពីបានបង្ហាញសមត្ថភាពនិយាយ សន្ទនា អាន និងឆ្លើយសំណួរជាភាសាទាំង ៧ នៅក្នុងកម្មវិធី “មនុស្សអស្ចារ្យ ឬ Amazing People” លើកញ្ចក់ទូរទស្សន៍របស់ប្រទេសរុស្ស៊ីកាលពីពេលកន្លងទៅ។

ក្នុងការបង្ហាញសមត្ថភាពមិនគួរឲ្យជឿ ក្មេងតូច Bella ត្រូវឆ្លងកាត់តេស្តឆ្លើយឆ្លងសំនួរពីមនុស្ស ៧នាក់ ដែលចេះភាសាទាំង៧ ម្នាក់ម្ដងៗ រហូតធ្វើឲ្យគណៈកម្មការ និងទស្សនិកជនភ្ញាក់ផ្អើលបើកភ្នែកធំៗ។ ការឆ្លើយឆ្លងនេះទៀតសោត នាងមិនបានធ្វើឲ្យមានកំហុសណាមួយកើតឡើងឡើយ រហូតនាងអាចឆ្លងកាត់ច្រើនវគ្គដល់វគ្គផ្ដាច់ព្រ័ត្រយ៉ាងងាយស្រួល។

បើតាមម្ដាយរបស់ Bella ជាគ្រូបង្រៀន ប្រាប់សារព័ត៌មានរុស្ស៊ីមួយថា កូនស្រីគួរឲ្យស្រលាញ់របស់ខ្លួនមិនមែនកើតមកចេះតែម្ដងទេ គឺអ្នកស្រីបានបង្ហាត់ភាសាទាំងនេះដល់កូនគាត់តាំងពីនាងចេះនិយាយតិចៗមកម្ល៉េះ។ ក្រៅពីបង្ហាត់ភាសាបរទេសដែលអ្នកស្រីចេះ អ្នកស្រីបានជួលអ្នកមើលថែក្មេងៗ ឬហៅមេដោះ មានសញ្ជាតិខុសៗគ្នា ដើម្បីបន្សាំភាសាទាំង ៧ ដល់កូនស្រី។

ដូច្នេះហើយនាងអាយុត្រឹមតែ ៤ឆ្នាំប៉ុណ្ណោះនាងអាចនិយាយភាសាបទេសបានចំនួន ៦ ត្រឹមទំនាក់ទំនងគ្នា ជជែកគ្នាលេង ប៉ុន្តែមិនដល់ស៊ីជម្រៅដូចជនជាតិដើមរបស់គេពេកនោះទេ។ តែយ៉ាងណា អ្នកស្រីប្ដេជ្ញាបង្រៀនកូនឲ្យចេះកាន់តែច្បាស់ជាងមុននៅពេលនាងមានវ័យធំទៅៗ៕ (ប្រែសម្រួល៖ ជាតិបុត្រ)

ហាមលួច​ចម្លងអត្ថបទ​​ពីវេបសាយ Morningfresh.news ដោយគ្មាន​ការ​អនុញ្ញាត
error: ហាម​លួចចម្លង​អត្ថបទ​នេះ!