តាមពិតជនជាតិចិនរត់ទៅធ្វើរឿងមួយនេះសោះ មិនមែនរត់ចេញពីកន្លែងធ្វើចត្តាឡីស័កឡើយ

បន្ទាប់ពីទទួលបានព័ត៌មានបង្ហោះតាមបណ្តាញសង្គម Tik Tok ភ្លាម ថាមានជនជាតិចិន លួចរត់ចេញពីកន្លែងធ្វើចតាឡីស័ក ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ បានទាក់ទងទៅអធិការនគរបាលខណ្ឌដូនពេញ និងប៉ុស្តិ៍ដើម្បីចុះធ្វើការស្រាវជ្រាវ និងត្រួតពិនិត្យជាក់ស្តែងដល់ទីតាំង ដោយមានកម្លាំងគណបញ្ជាការ ឯកភាពខណ្ឌដូនពេញ ដឹងនាំដោយលោក សុខ ពេញវុធ ភិបាលខណ្ឌដូនពេញ

លោកវរសេនេយ៍ឯក ទៀង ចាន់សារអធិការនគរបាលខណ្ឌដូនពេញ លោកនាយប៉ុស្តិ៍នគរបាលស្រះចក បានចុះធ្វើការត្រួតពិនិត្យដល់គោលដៅ ក្រុមហ៊ុនសំណង់ ដែលស្ថិតនៅបឹងកក់ ភូមិទី២ សង្កាត់ស្រះចក ខណ្ឌដូនពេញ និងបានឲ្យអ្នកដែលកំពុងធ្វើចតាឡីស័កទាំងអស់ចេញតម្រង់ជួរ ដើម្បីធ្វើការត្រួតពិនិត្យ

និងរាប់ចំនួនជាក់ស្តែង ក្រោយពីការរាប់ និងត្រួតពិនិត្យ ឃើញថា មានគ្រប់ចំនួន ពុំមានបាត់ជនជាតិខ្មែរ ឬជនជាតិណាម្នាក់ ដែលកំពុងធ្វើចត្តាឡីស័ក ដូចការចុះផ្សាយរបស់គណនី Tik Tok ខាងលើនោះទេ ជាក់ស្តែងតាមការស្រាវជ្រាវឲ្យដឹងថា ជនជាតិមួយក្រុមនោះ បានជិះរថយន្តមកឈប់បត់ជើងតូច នៅតំបន់នោះតែប៉ុណ្ណោះ មិនមែនជាជនជាតិចិន រត់ចេញពីកន្លែងចត្តាឡីស័កនោះទេ។

ពេលនេះសមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគបាលរាជធានីភ្នំពេញ កំពុងធ្វើការស្រាវជ្រាវ រកម្ចាស់គណនី Tik Tok ដែលចុះផ្សាយព័ត៌មានមិនពិតនេះ ដើម្បីចូលខ្លួនមកបំភ្លឺពីការចុះផ្សាយនេះ ។ សូមសហការផ្សព្វផ្សាយតែព័ត៌មានពិត និងលុបបំបាត់ឲ្យបាននូវព័ត៌មានមិនពិត៕

error: ហាម​លួចចម្លង​អត្ថបទ​នេះ!