ជួយថែផង! “សារាយ ឬ សន្ធិយា” គ្រឿងតុបតែងលម្អស្ថាបត្យកម្មបុរាណ ខ្មែរដែលសឹងតែបាត់បង់
សារាយ ឬ សន្ធិយា ក្នុងផ្នែកស្ថាបត្យកម្មជាឈ្មោះគ្រឿងតុបតែងលម្អស្ថាបត្យកម្ម បែបប្រពៃណីដែលដាក់ពីក្រោមកញ្ចាំងទ្រអង្គដោយភ្ជាប់ពីសសរម្ខាងទៅសសរម្ខាងទៀតនៃផ្ទៃមុខ ឬក្រោយអគារ។
សន្ធិយា ប្រែថាវាំងនន រនាំង បើតាមវចនានុក្រមសម្ដេចព្រះសង្ឃរាជជួនណាត សន្ធិយាជាគ្រឿងក្បាច់ប្រកបដោយភាពប្រណិតល្អិតល្អន់មានរូបរាងផ្សេងៗ។ ដោយឡែកសារាយ ជាឈ្មោះវារិជាតិមួយប្រភេទដុះក្នុងបឹង ត្រពាំង ថ្ម។ សារាយមានបីប្រភេទគឺ ១-សារាយភ្លុក ២- សារាយជើងមាន់ ៣-សារាយអំបោះ។ ជាទូទៅនៅលើសន្ធិយា មានក្បាច់លម្អផ្សេងៗ ក្នុងនោះគេនិយមឆ្លាក់ក្បាច់សារាយ កញ្ជាំង នៅលើសន្ធិយានោះណាស់ ទើបគេនិយមហៅសន្ធិយាថា សារាយ ឬ សារាយសំបុកឃ្មុំ ដោយសំដៅលើសន្ធិយានោះឯង។
តាមការបកស្រាយពី លោកបណ្ឌិតស្ថាបត្យកម្ម លី រស្មី ឲ្យដឹងថា បើយើងក្រឡេកមើលសិល្បៈបុរាណតាមចម្លាក់ប្រាសាទបាយ័នយើងឃើញមានការរចនាវាំងនននៅចន្លោះសសរ ដែលគំនិតនេះបានធ្វើឲ្យសិល្បកររិះរករបៀបរចនាឲ្យមានភាពសមសួន ទើបរចនាក្បាច់សន្ធិយានេះឡើង ដែលយើងធ្លាប់ឃើញនៅលើប្រាសាទចន្ទច្ឆាយាសាងឡើងក្នុង គ.ស. ១៨៨៧។
ប្រាសាទនេះសាងដោយឈើនៃរជ្ជកាលព្រះករុណាព្រះបាទសម្ដេចព្រះនរោត្ដម ហ្លួងសុវណ្ណកោដ្ឋ ក្នុងបរិវេណនៃព្រះបរមរាជវាំងចតុម្មុខមង្គល រ៉បជាប់និងកំពែងវាំង ដែលតាំងនៅទិសខាងកើតឆៀងខាងជើងនៃព្រះបរមរាជវាំង ជិតនឹងវាលព្រះមេរុ ក្រុងភ្នំពេញ និងនៅក្នុងគំនូរបុរាណខ្មែរ ប្រកបដោយសោភណភាពល្អប្រណីត។ គួរឲ្យស្ដាយណាស់បច្ចុប្បន្នខ្មែរសឹងភ្លេចបាត់នូវការតុបតែងលម្អរបៀបនេះ គួរនាំគ្នាសិក្សាយកមកប្រើប្រាស់ឡើងវិញទុកជាប្រយោជន៍នៃការរីកចម្រើនលើសិល្បស្ថាបត្យកម្មខ្មែរ ជាកេរទុកតជំនាន់៕
រូបភាព៖ លី រស្មី