ប្រវត្តិដ៏អស្ចារ្យរបស់លោកតារាជ (ព្រះវិស្ណុ) នៅប្រាសាទអង្គរវត្ត ដែលពួកចោរលួចយកព្រះអង្គមិនបាន
“តារាជ” ជាចម្លាក់ទេពតំណាងឱ្យព្រះវិស្ណុ នៃព្រហ្មញ្ញសាសនា ដែលមានព្រះហស្ត៨ រចនាបថបាយ័ន កម្ពស់ជិត៤ម៉ែត្រ ឆ្លាក់ពីថ្មមួយដុំ តម្កល់ទុកនៅច្រកចូលទិសខាងលិចនៃប្រាសាទអង្គរវត្ត។ ភាពល្បីល្បាញនៃឫទ្ធានុភាពដ៏អស្ចារ្យនៃអាទិទេពនេះ ត្រូវបានព្រះមហាក្សត្រខ្មែរ និងប្រជាជនខ្មែរតាំងពីបុរាណ រហូតដល់បច្ចុប្បន្នគោរពបូជា មានជំនឿជាក់មុតមាំនឹងភាពស័ក្ដិសិទ្ធិរបស់ព្រះអង្គ ហើយចាត់ទុកជាស្ដេចទេពដ៏ខ្ពង់ខ្ពស់បំផុត ដែលថែរក្សាប្រាសាទអង្គរវត្តរហូតដល់សព្វថ្ងៃ។
បើទោះបីជាមានអាយុរាប់រយឆ្នាំ ឆ្លងកាត់ច្រើនសម័យកាលនៃប្រទេសជាតិ ក៏បដិមា “តារាជ” នៅតែបង្ហាញរាងមាំទាំ និងពេញដោយតេជៈបារមី។ ទេពអង្គនេះ ក៏ធ្លាប់បានទទួលការជួសជុលជាច្រើនដងពីអ្នកជំនាញជាតិ-អន្តរជាតិ ដែលរងគ្រោះដោយកត្តាធម្មជាតិនៃអាយុកាលរបស់ខ្លួន សង្គ្រាមស៊ីវិល និងការយាយីពីពួកឈ្មួញទុច្ចរិតប៉ងកាត់ព្រះកេសយកទៅជួញដូរដ៏គួរឱ្យខ្លោចផ្សា។
ឆ្នាំ១៩៨៥ ព្រះកេសរបស់លោកតារាជ ត្រូវបានជនទុច្ចរិតមួយក្រុមប៉ុនប៉ងអារផ្ដាច់ក្នុងបំណងជួញដូរ តែមិនបានសម្រេច ដោយសារត្រូវចំណាយពេលកាត់យូរពេកតាំងពីយប់រហូតដល់ព្រឹក។ ពេលកាត់បានហើយយកទៅអត់កើតព្រោះមេឃភ្លឺហើយទុកចោលនៅជិត ព្រះបាទរបស់ទ្រង់។ នោះឆ្លុះបញ្ចាំងឱ្យឃើញថាគុណ បារមីរបស់ទ្រង់ពិតជាអស្ចារ្យណាស់។
បន្ទាប់មកព្រះកេសរបស់ទ្រង់ត្រូវបានរក្សាទុកក្នុង អភិរក្សដ្ឋានអង្គរខេត្តសៀមរាបបណ្ដោះអាសន្ន ដោយសារគ្រានោះមិនទាន់មានសុវត្ថិភាពពេញលេញទើបអាជ្ញាធរ និងសមត្ថកិច្ច ដង្ហែព្រះកេសរបស់លោកតារាជទៅ តម្កល់ទុកនៅជាន់ក្រោម ព្រះទីនាំងវិនិច្ឆ័យក្នុង ព្រះបរមរាជវាំង ក្នុងឆ្នាំ ១៩៩៣។
ក្រោយមកបានយកទៅរក្សាទុកក្នុង សារមន្ទីរជាតិភ្នំពេញ ហើយក្រោយមកទៀត ដោយសារគេ គិតថាជាលោកតារាជ ជាព្រះអាទិទេពដ៏មានបារមីស័ក្ដិសិទ្ធិ ដែលប្រជាជនខ្មែរពេញនគរគោរពបូជា ទើបអាជ្ញាធរសម្រេចដង្ហែលោកតារាជ មកកាន់ទឹកដីដើមកំណើតក្រុងអង្គរវិញ ក្នុងថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០០៤៕ រូបភាព៖ EFEO/ Chan David