ស្អែកចូលឆ្នាំហើយ! មកដឹងទំនៀមខ្មែរពីបុរាណកាល ពីចំនួនធូបដែលយើងអុជ និងអត្ថន័យផ្សេងៗគ្នា
នៅរំលងតែ១ថ្ងៃទៀតទេ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរបានចូលមកដល់។ មហាសង្រ្កាន្ត ឆ្នាំឆ្លូវ ត្រីស័ក សុភមស្តុ វរមង្គលា ជយាតិរេក ព្រះពុទ្ធសករាជ ព្រះសាសនា អតិកន្តាកន្លងទៅហើយបាន ២៥៦៤ ត្រឹមថ្ងៃ១៥កើត ខែពិសាខ លុះដល់ ថ្ងៃ១រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័កតទៅចូលពុទ្ធសករាជ ២៥៦៥។ សង្ក្រាន្តនឹងចូលមកដល់នៅវេលាម៉ោង ០៤:០០នាទី ទៀបភ្លឺ ថ្ងៃពុធ ៣កេីត ខែពិសាខ ត្រូវនឹងថ្ងៃទី១៤ ខែមេសា គ្រិស្តសករាជ ២០២១។
ថ្ងៃដំបូងនៃការរៀបចំទទួលទេវតា ប្រជាជនខ្មែរនឹងត្រូវអុជធូបបន់ស្រន់ សុំសេចក្ដីសុខ សេចក្ដីសប្បាយ និងបួងសួងដោយជៀសមិនផុត។ បើតាមទំនៀមទម្លាប់ប្រជាជនខ្មែរយើងតាំងពីបុរាណកាលមក តែងតែងយល់ថា នៅពេលដែល អុជធូបផ្សែងធូបនោះនឹងនាំយកនៅ កុសលផលបុណ្យ ដែលយើងបាន ធ្វើអស់ទាំងនោះ នាំទៅជូនដល់សាច់ញាតិទាំងអស់ របស់យើងដែលបាន ចែកឋានទៅកាន់ឋាន ខាងមុខទៅហើយនោះ។
ថ្វីត្បិតតែទម្លាប់នៃ ការអុជទានធូបនេះ មានប្រវត្តិនិងការប្រតិបត្តិមកជា យូរលង់ហើយយ៉ាងណាក្តី ក៏ប្រជាជនខ្មែរភាគច្រើន នៅតែមិនទាន់បានដឹងច្បាស់នៅឡើយ នោះទេ អំពីអត្ថន័យនៃ ចំនួនសរសៃធូប ដែលយើងតែងអុជ ទៅតាមកម្មវិធីនីមួយៗ។ ជារួមយើងមិនមែន ចេះតែអុជផ្តេសផ្តាសនោះទេ ព្រោះចំនួនធូបដែលយើងអុជ សុទ្ធតែមានអត្ថន័យ រៀងៗគ្នា៖
១. ការអុជធូបចំនួន១សរសៃ៖ គឺតំណាងឲ្យ ការកើតមកមានតែមួយ ទៅវិញក៏តែមួយ។
២. ការអុជធូបចំនួន៣សរសៃ៖ គឺដើម្បី រំលឹកនឹងគុណ នៃព្រះរតនត្រ័យ ទាំង៣ មានគុណព្រះពុទ្ធ ព្រះធម៌ និងព្រះសង្ឃ។ មួយវិញទៀតគឺរំលឹកនឹកគុណដល់ ព្រះទាំង៣ព្រះអង្គ ដែលលោកបានត្រាស់ដឹងជា ព្រះសម្មាសម្ពុទ្ធនឹងមួយទៀត តំណាងឲ្យ សច្ចពិតនៅក្នុងលោក ដែលមានអនិច្ចំ ទុក្ខំ អន្តោ។
៣. ការអុជធូបចំនួន៤សរសៃ៖ គឺតំណាងឲ្យ ធាតុរបស់មនុស្សយើង មានធាតុទឹក ដី ភ្លើង ខ្យល់។
៤. ការអុជធូបចំនួន៥សរសៃ៖ គឺតំណាងឲ្យ បញ្ចខ័ណទាំង៥ រួមមាន៖ រូប វេទនា បញ្ញា សង្ឃា និងវិញ្ញាណ។ ម្យ៉ាងវិញទៀត អុជធូប៥សរសៃនេះ ក៏តំណាងឲ្យ ព្រះទាំង៥ព្រះអង្គផងដែរ។
៥. ការអុជធូបចំនួន៨សរសៃ៖ គឺតំណាងឲ្យអដ្ឋង្គិមគ្គ ដែលជាផ្លូវមួយ ធ្វើឲ្យដឹងនិងយល់ច្បាស់ នូវអ្វីដែលជាធម៌ពិត យល់ពីភាពសច្ចពិត របស់មនុស្សលោក ជាផ្លូវនូវសេចក្តីរំលត់ទុក្ខ ហើយក៏អាចនាំ ទៅកាន់និពាន្វជាដើម។
៦. ការអុជធូបចំនួន១២សរសៃ៖ គឺដើម្បីនឹករលឹក ទៅដល់គុណមាតា ព្រោះមាតាគឺជាតំណាងឲ្យ គុណធាតុទន់ខ្សោយ ជាមនុស្សស្រី ដែលមានចិត្តទោរទន់ ចំពោះបុត្រាបុត្រីទាំងអស់។
៧. ការអុជធូបចំនួន២១សរសៃ៖ គឺដើម្បីនឹករលែក ទៅដល់គុណបិតា ព្រោះបិតាតំណាងឲ្យធាតុរឹង បានផ្តល់កំណើតទៅដល់ កូនមានក្តីស្រលាញ់ចំពោះកូនប្រុសស្រីទាំងឡាយ។
៨. ការអុជធូបចំនួន៣៨សរសៃ៖ គឺដើម្បីរំលឹកនឹកគុណដល់ ព្រះសម្មាសម្មពុទ្ធដែលព្រះអង្គបានត្រាស់សម្តែង ឲ្យពពួកមនុស្ស ទេវតា ឥន្ទ្រព្រហ្មទាំងអស់ បានយល់ដឹង នូវ មង្គលទាំង៣៨ប្រការ៕