ប្រទះរូបភាព ស-ខ្មៅ មួយសន្លឹកបង្ហាញថា ស្រះដំរីមិនមែនទើបតែគេ រកឃើញនោះទេ
ស្រះដំរី អតីតរាជធានីបុរាណខ្មែរ ដើមសម័យអង្គរ លាក់ខ្លួននៅឆ្ងាយកណ្តាលព្រៃជ្រៅលើខ្នងភ្នំគូលែន អាយុជាង១២០០ឆ្នាំ។ ស្រះនេះ ស្ថិតនៅកណ្ដាលទ្រូងព្រៃជ្រៅលើខ្នងភ្នំគូលែនដែលជាអតីតរាជធានីបុរាណ អាចមានឈ្មោះដើមថា «ឥន្ទ្រតបតិសីហ» ចាប់បដិសន្ធិឡើងនៅ ស.វទី៩ (ក្នុងឆ្នាំ៨០២ គ.ស) ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី២។
ស្រះដំរី ស្ថិតលើខ្នងភ្នំគូលែន នៅចម្ងាយប្រហែល ៧គ.ម ពីទឹកធ្លាក់ភ្នំគូលែនមានបណ្ដោយ ១៥០ម៉ែត្រ និងទទឹង ៧០ម៉ែត្រ ជំរៅ៣ម៉ែត្រ ដោយនៅក្បែរមានរូបសត្វផ្សេងៗដូចជា ដំរី-កង្កែប-គោ ដែលរូបទាំងអស់សុទ្ធសឹងតែដាប់ចេញពីថ្មភ្នំធំៗបង្កប់ភាពអាថ៌កំបាំង និងសក្ដិសិទ្ធិពីសម័យបុរាណកាល។
ការធ្វើដំណើរទៅកាន់កន្លែងស្រះដំរី គឺមិនអាចជិះរថយន្តចូលទៅដល់បានទេ ពោលគឺត្រូវតែ កង់ ឬជិះម៉ូតូឌុបរបស់បងប្អូនប្រជាជនរស់នៅតំបន់នោះ ក្នុងតម្លៃប្រហែល១៥ដុល្លារសម្រាប់ជនបរទេស និងក្រោម១០ដុល្លារសម្រាប់ជនជាតិខ្មែរ។ បន្ទាប់ពីការធ្វើដំណើរដោយម៉ូតូមកដល់តំបន់ស្រះដំរីហើយ គឺចាំបាច់ត្រូវតែបន្តដំណើរដោយថ្មើរជើងជាបន្តទៀតតាមផ្លូវជម្រាលព្រៃក្នុងរយៈពេលប្រមាណ១ម៉ោងទើបបានទៅដល់ស្រះដំរី។
នៅពេលទៅដល់ស្រះដំរី យើងនឹងឃើញនូវទិដ្ឋភាពចម្រុះដ៏ស្រស់ត្រកាល ព្រមទាំងប្រាសាទបុរាណតូចៗជាង២០ទៀតដែលនៅរាយប៉ាយក្នុងព្រៃក្បែរៗនោះ។ កន្លងមកធ្លាប់បានគេយល់ច្រឡំថាស្រះដំរីទើបបានក្រុមអ្នកស្រាវជ្រាវរកឃើញកាលពីពេលថ្មីៗ តែបើតាមរូបភាពឯកសារ ដែលទំនងជាថតបានដោយជនជាតិបារាំងបញ្ជាក់ថា ស្រះ «ឥន្ទ្រតបតិសីហ» នេះត្រូវគេទៅដល់តាំងពីសម័យអាណានិគមមកម្ល៉េះ៕