ក្មេងទើប ៥ឆ្នាំសុំអង្វរឪពុកម្ដាយឲ្យជួយសង្គ្រោះជីវិត ព្រោះមិនចង់ជួបរឿងអកុសលទាំងវ័យក្មេង
បរទេ៖ រឿងរ៉ាវក្មេងប្រុសបរទេសទើបមានអាយុ ៥ឆ្នាំម្នាក់កើតជំងឺមហារីក ខណៈឪពុកម្ដាយមានជីវភាពក្រីក្រពុំមានលទ្ធភាពព្យាបាល បានធ្វើឲ្យអ្នកលេងបណ្ដាញអ៊ីធឺណិតមានក្តីអាណិតអាសូរជាខ្លាំង។ ការធ្វើរោគវិនិច្ឆ័យពីក្រុមគ្រូពេទ្យរកយើញថា ក្មេងមានជំងឺមហារីកនៅអាយុទើប ៥ឆ្នាំ ឯគ្រួសាររបស់ គេត្រូវប្រឈមនឹងបំណុលជុំទិស
ដោយសារតែថ្លៃថ្នាំក្នុងការព្យាបាលជំងឺមានតម្លៃថ្លៃៗ ប៉ុន្តែកុមារា Wang Yan នៅតែមានឆន្ទៈខ្ពស់ ហើយបង្ហាញពីការប្តេជ្ញាចិត្តក្នុងការរស់នៅបន្តទៀតដោយសុំអង្វរឪពុកម្ដាយជួយ។ Wang Yan ទើបតែមានអាយុ ៥ឆ្នាំ មកពីខេត្តហីឡុងជាំង ប្រទេសចិន បានទទួលរងជំងឺមហារីកឈាម ហើយមានសង្ឃឹមរស់តិចតួចបំផុត ព្រោះខួរឆ្អឹងខ្នងមានបញ្ហាមិនប្រក្រតី បង្កើតបរិមាណកោសិកាឈាមសមិនល្អ។
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Oriental Daily បានឲ្យដឹងថា ក្រោយពីកូនប្រុសរបស់ពួកគេត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានជំងឺមហារីកឈាម លោក Wang Xiaojiang អាយុ ៤២ឆ្នាំ ជាប្ដី និងភរិយារបស់គាត់ បានយកកូនទៅព្យាបាលដោយប្រើសារធាតុគីមី ដើម្បីសម្លាប់មេរោគ។
ជាអកុសល បន្ទាប់ពីការព្យាបាលបាន ៧វគ្គ ស្ថានភាពជំងឺរបស់ Wang Yan កាន់តែអាក្រក់ទៅៗ គ្រូពេទ្យបានប្រាប់ឪពុកម្តាយរបស់គាត់ថា ការព្យាបាលដោយប្រើគីមី គឺគ្រាន់តែបានពន្យារការស្លាប់របស់ក្មេងតែប៉ុណ្ណោះ មិនមែនដើម្បីព្យាបាលជំងឺមហារីកឲ្យជាសះស្បើយនោះទេ។ ដោយសារការព្យាបាលដោយប្រើគីមីមិនមានប្រសិទ្ធភាព
ក្រុមគ្រួសាររបស់ពួកគេ មិនអាចមានលទ្ធភាពចំណាយលើការព្យាបាលទៀតទេ ជម្រើសឪពុកម្តាយរបស់ Wang Yan មានតែម្យ៉ាងប៉ុណ្ណោះគឺយកគាត់ត្រឡប់ទៅផ្ទះវិញ។ ទោះយ៉ាងណាក្មេងប្រុសអាយុ ៥ ឆ្នាំរូបនេះ មិនបានត្រៀមខ្លួនក្នុងបោះបង់ការព្យាបាលនៅឡើយទេ។ Wang Yan យំអណ្តឺតអណ្ដកតោងគ្រែហើយនិយាយថា “ប៉ាជួយកូនផង កូនមិនចង់ស្លាប់ទេ កូនខ្លាចណាស់”។ បន្ទាប់មក គ្រូពេទ្យបានឲ្យជម្រើសមួយផ្សេងទៀត ដើម្បីផ្ទេរកុមារ Wang Yan ទៅកាន់មន្ទីរពេទ្យមួយផ្សេងទៀត
សម្រាប់ការព្យាបាលផ្សេងៗគ្នា ប៉ុន្តែឪពុកម្តាយនឹងត្រូវចំណាយប្រាក់អស់ច្រើនជាង ១លានយ័ន ឬប្រមាណ ១៤ម៉ឺនដុល្លារអាមេរិក។ រឿងរ៉ាវរបស់លោក Wang Xiaojiang និងប្រពន្ធមានកូនកើតជំងឺមហារីកគួរឲ្យសង្វេគ ត្រូវបានបង្ហោះចូលទៅក្នុងបណ្ដាញសង្គមប្រទេសចិន ដើម្បីអំពាវនាវដល់សប្បុរសជនឲ្យជួយ ក្នុងការព្យាបាលជំងឺរបស់ Wang Yan។
ជាសំណាងល្អត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ ចំនួនទឹកប្រាក់ដ៏ច្រើនក៏រកបានគ្រប់ចំនួន ដោយសារតែមានការចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកលេងបណ្ដាញអ៊ីនធឺណិត ក្រុមគ្រួសាររបស់ Wang Yan បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សប្បុរសជនទាំងអស់ ព្រមទាំងបង្ហាញពីការដឹងគុណជាខ្លាំង។ សង្ឃឹមថាទឹកប្រាក់នោះនឹងអាចជួយឲ្យក្មេងប្រុសអាចមានជីវិត ហើយមានសុខភាពល្អឡើងវិញ៕(ប្រែសម្រួល៖និស្ស័យ)