រំភើប! បុរាណវិទូកម្ពុជាមួយរូប នាំវប្បធម៌ខ្មែរបញ្ចូលក្នុងរឿង “RAYA And The Last Dragon”
នេះជាមោទនភាពមួយ របស់ខ្មែរ ដែលបានបង្ហាញពីវប្បធម៌ដ៏ផូរផង់របស់យើងទៅកាន់ឆាកអន្តរជាតិតាមរយៈភាពយន្តព្រះនាងអាស៊ីអាគ្នេយ៍លើកដំបូងរបស់ Disney គឺ RAYA AND THE LAST DRAGON ដែលជាភាពយន្តផ្សែផ្សំវប្បធម៌ច្រើនប្រទេសពីអាស៊ីអាគ្នេយ៍ ហើយពិតណាស់ខ្មែរយើងក៏មានចំណែកដែរ។
គុណសម្បត្តិធំគួរលើកឲ្យលោកបណ្ឌិត ចិន្ត ច័ន្ទរតនា (Chen Chanratana) បុរាណវិទូដែលមានឱកាសបានរួមការងារជាមួយ Walt Disney ក្នុងនាមជាទីប្រឹក្សា ផ្តល់ចំណេះដឹងទាក់ទងនឹងវប្បធម៌ខ្មែរ រួមទាំងបរិបទរស់នៅរបស់ប្រជាជនយើងក៏ដូចជាអាស៊ីអាគ្នេយ៍ទាំងមូល ព្រោះលោកបណ្ឌិត បានបញ្ចប់ការសិក្សាផ្នែកនេះ។
ដើម្បីឲ្យខាងក្រុមហ៊ុនផលិតជាព្រះនាង RAYA ដូចដែលយើងបានឃើញ ក្នុងសម្ភាសន៍មួយ លោកបណ្ឌិត ចិន្ត ច័ន្ទរតនា បានឲ្យដឹងថា លោកបានចូលរួមជាមួយក្រុមការងាររបស់ Walt Disney ក្នុងការចុះមកសិក្សាស្វែងយល់វប្បធម៌អរិយធម៌ខ្មែរ (ក៏ដូចជាប្រទេសអាស៊ីអាគ្នេយ៍) ដល់កន្លែងតែម្ដង ដោយលោកបញ្ជាក់ថា នេះជាមោទនភាពធំរបស់លោកក្នុងនាមជាកូនខ្មែរ ដែលមានសមត្ថភាពរួមការងារជាមួយក្រុមការងារគុណភាពលំដាប់ថ្នាក់ពិភពលោក។
បើតាម Film Nerd ឲ្យដឹងថាសព្វថ្ងៃលោកបណ្ឌិតគឺជា បុរាណវិទូ និងជាប្រធានមូលនិធិកេរដំណែលខ្មែរ។លោកបានខិតខំយ៉ាងខ្លាំងក្នុងការថែរក្សាការពារ និងណែនាំវប្បធម៌ខ្មែរឲ្យកូនខ្មែរបានស្គាល់ខ្លួនឯង ក៏ដូចជាឆាកអន្តរជាតិ។ ដូចនេះ យើងគួរងាកមកលើកស្ទួយវប្បធម៌យើងឲ្យកាន់តែខ្លាំងជាងនេះ ដើម្បីទៅថ្ងៃមុខពិភពលោកបានស្គាល់កាន់តែច្រើន ៕