ដឹងមូលហេតុ ដែលវត្តពុទ្ធគិរី មានព្រះពុទ្ធរូបរហូតដល់ជាង៨ម៉ឺនអង្គ ច្រើនបំផុតនៅនគរខ្មែរ
វត្តពុទ្ធមណ្ឌលគិរីកម្ពុជា ឬហៅកាត់ខ្លីថាវត្តពុទ្ធគិរីមានទីតាំងស្ថិតនៅភូមិស្គា ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ។ វត្តនេះ ត្រូវបានចាប់ផ្ដើមកសាងឡើងតាំងពីឆ្នាំ២០១៨ នៅជើងភ្នំពុទ្ធគិរីផ្ទាល់តែម្ដង។
ព្រះពុទ្ធអង្គធំមួយត្រូវបានសាងនៅលើភ្នំ ក្នុងនោះមានព្រះពុទ្ធអង្គតូចៗនៅតាមជម្រាលព័ទ្ធជុំវិញភ្នំពុទ្ធគិរីនេះ ចំនួន ៨៤,០០០អង្គ តែមិនទាន់គ្រប់ចំនួននៅឡើយទេ នៅខ្វះប៉ុន្មានពាន់អង្គទៀតទើបគ្រប់តាមផែនការ។ ការបង្កើតវត្តនេះឡើងក្នុងបំណងចង់លើកស្ទួយសាសនា ដើម្បីឱ្យមានការចាប់អារម្មណ៍ពីប្រជាពលរដ្ឋ ពិសេស ក្មេងៗជំនាន់ក្រោយឱ្យដក់ក្នុងចិត្តថា តាំងពីដូនតាមកប្រកាន់ខ្ជាប់នូវព្រះពុទ្ធសាសនា និងដើរតាមមាគ៌ាព្រះសម្មាសម្ពុទ្ធ។
ចំពោះឈ្មោះ ពុទ្ធគិរីកម្ពុជា ព្រះចៅអធិការបញ្ជាក់ឲ្យដឹងន័យថា កន្លែងដែលកកើតនេះគឺកែប្រែពីព្រៃភ្នំធម្មតា អមពោរពេញរុក្ខជាតិក្លាយជារូបព្រះពុទ្ធ ក្លាយជាទៅភ្នំព្រះ។ បានជាត្រូវកសាងព្រះពុទ្ធរូបដល់ទៅ៨៤០០០អង្គ ដោយសារ ៨៤០០០គឺជាធម៌របស់ព្រះសម្មាសម្ពុទ្ធដែលមានចែងនៅក្នុងគម្ពីរព្រះត្រ័យបិដកទាំង១១០ព្រះគម្ពីរ មានព្រះវិន័យ,ព្រះវិសូត្រ និងព្រះអភិធមមានរហូតដល់៨៤០០០ ដែលប្រើជាភាសាសាមញ្ញ៨៤០០០ព្រះធម្មក្ខន្ធ។
កាលពីខែមុននេះ ពុទ្ធបរិស័ទ គណៈកម្មការ និងព្រះគ្រូចៅអធិការវត្ត បានស្នើសុំកសាងព្រះវិហារថ្មីមួយ ស្ថិតនៅខាងត្បូងជើងភ្នំពុទ្ធគិរីនេះចម្ងាយ១០០ម៉ែត្រ ដែលអ្នកជំនាញខាងមន្ទីរវប្បធម៌ខេត្ត បានអះអាងថាការកសាងនេះ មិនមានផលប៉ះពាល់ចំពោះសម្បត្តិបេតិកភណ្ឌជាតិនោះឡើយ៕
រូបថត៖ ផែន រតនៈ