សមត្ថកិច្ចចុះបិទក្រុមហ៊ុនអ៊ីនធឺណិត ២ និងឃាត់មនុស្សបាន ៣នាក់ឡើងតុលាការ
កាលពីថ្ងៃទី ០៨ ខែកុម្ភះ ឆ្នាំ២០២១ កម្លាំងចម្រុះដែលដឹកនាំដោយ ឯកឧត្តម អ៊ូ បូរ៉ាត់ អគ្គាធិការ នៃអគ្គាធិការដ្ឋាន ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានសហការជាមួយកម្លាំង អធិការនគរបាលក្រុងប៉ោយប៉ែត នៃស្នងការដ្ឋានខេត្តបន្ទាយមានជ័យ បានធ្វើការចុះត្រួតពិនិត្យ ក្រុមហ៊ុនផ្គត់ផ្គង់សេវាកម្មអុីនធឺណិត ពីរកន្លែងនៅក្នុងទីក្រុងប៉ោយប៉ែត។
ការចុះត្រួតពិនិត្យនេះបានរកឃើញថា ទីតាំងទាំងពីរនេះមិនមានអាជ្ញាប័ណ្ណអនុញ្ញាត ពីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ទេ។ ដោយមានការឯកភាពពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ ក្រុមសមត្ថកិច្ចចម្រុះ បានសម្រេចបិទទ្វារក្រុមហ៊ុន ដោយរឹបអូសយកគ្រឿងឧបករណ៍បម្រើសេវាអុីនធឺណិត និងបានឃាត់ខ្លួនអភិបាលក្រុមហ៊ុនចំនួន ៣នាក់ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ពៅ ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមក្រើនរំឭកដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងតែប្រកបមុខរបរផ្គត់ផ្គង់សេវាកម្មអុីនធឺណិតដោយមិនមានអាជ្ញាប័ណ្ណអនុញ្ញាត សូមរួសរាន់ទៅចុះបញ្ជីតាមច្បាប់ឱ្យបានត្រឹមត្រូវ ដើម្បីចៀសវាងពីការបិទអាជីវកម្មពីអាជ្ញាធរ ព្រោះកម្លាំងចម្រុះនឹងបន្តសហការគ្នាដើម្បីចុះបង្ក្រាបជាបន្តបន្ទាប់នាពេលខាងមុខនេះ៕