“ព្រះមហាជដាបញ្ចកុដ” មកុដកំពូលប្រាំធ្វើពីមាសសុទ្ធ ដាំត្បូងពេជ្ររបស់ព្រះមហាក្សត្រខ្មែរ
ព្រះមហាជដាបញ្ចកុដ គឺជាគ្រឿងប្រដាប់សម្រាប់ក្សត្រទ្រង់រាជ្យស្ដេចទ្រង់គ្រងព្រះសិរ ស្ថិតក្នុងចំណោមគ្រឿងទ្រង់ព្រះសិរសំខាន់ៗដទៃទៀតមានដូចជា ព្រះមហាមកុដរាជ្យ ព្រះមហាមាលា និងព្រះមាលាទ្រង់ប្រពាសជាដើម។
បើតាមបុរាណចារ្យ បកស្រាយថាមកុដនេះត្រូវបានសាងពីមាសសុទ្ធមានរាងក្រឡូម និងមានកំពូលប្រាំខុសប្លែកពីព្រះមហាមកុដរាជ្យ នៅកំពូលកណ្ដាលមានរចនាជាក្បាច់កន្ទុយហង្សលយចេញទៅផ្នែកខាងក្រោយដែលរាប់ជាលក្ខណៈពិសេសនៃមកុដនេះផង។
ឯតួមកុដគឺប្រដាប់ដោយត្បូងពេជ្រអមលម្អដោយចនត្រចៀកនៅផ្នែកខាងក្រោមដែលឆ្លាក់ជាទម្រង់កន្ទុយហង្ស។ ព្រះមហាជដាបញ្ចកុដនេះត្រូវបានប្រើប្រាស់ក្នុងព្រះរាជពិធីសំខាន់ៗរបស់ព្រះមហាក្សត្រ ដូចជា ក្នុងពិធីប្រទក្សិណព្រះនគរ ក្នុងព្រះរាជពិធីរាជាភិសេកគ្រងរាជ្យសម្បត្តិជាដើម។
តាមទំនៀមពីបុរាណក្នុងក្បួនប្រទក្សិណព្រះនគរ បន្ទាប់ពីអង្គព្រះមហាក្សត្រយាងចុះពីព្រះទីនាំង សុវណ្ណវិចិត្ររួចហើយនោះ ព្រះករុណាទ្រង់នឹងផ្លាស់ព្រះមហាមកុដរាជ្យចេញ ហើយប្តូរមកគ្រង ព្រះមហាជដាបញ្ចកុដវិញដោយយាងឡើងគង់លើព្រះទីនាំងរាជរថទឹមអស្សតរ ៦ ដើម្បីបន្តព្រះរាជដំណើរ មុននឹងផ្លាស់មកុដចេញម្ដងទៀតពេលស្ដេចប្ដូរមកគង់ព្រះទីនាំងគជេន្ទ្រវិញ។ ក្រៅអំពីនេះយើង អាចឃើញក្នុងរូបភាពចាស់នានា ដែលព្រះករុណា ស្ដេចទ្រង់ថតព្រះឆាយាល័ក្ខណ៍ជាអនុស្សាវរីយ៍៕