សំនៀងពេជ្រ NNP របស់លោកស្រី ទ្រី ដាណា សម្រិតសម្រាំងបានបេក្ខភាពវគ្គផ្ដាច់ព្រ័ត្រ ៦នាក់

កម្មវិធី​ប្រឡង​ច​ម្រៀង​សំនៀងពេជ្រ NNP រ​ដូ​វ​កាល​ទី​១ រៀបចំ​ដោយ​ក្រុមហ៊ុន ដាណា ទ្រី ខេមបូឌា ត្រេនឌីងខូអិលធីឌី ដែល​​ជម្រុះ​យ៉ាង​ស្វិត​ស្វាញ​អស់​ជា​ច្រើន​ថ្ងៃ​មក​ក្នុង​ចំណោម​បេក្ខជន​ជាង ២ម៉ឺន​នាក់ បាន​រក​ឃើញ​អ្នក​មាន​ទឹក​ដម​សំឡេង​ល្អ​ជាង​គេ ៦​នាក់ ឈាន​ទៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ។ ​

ការ​ប្រឡង​ចម្រៀង​នេះ បាន​ចាប់​ផ្ដើម​តាំង​ពី​ដើម​ខែ​វិច្ឆិកា​ ដោយ​មាន​បេក្ខជន​ដាក់​ពាក្យ​តាម​អន​ឡាញ​ចំនួន​ជាង ២ម៉ឺន​នាក់។ ដំបូង​គណៈកម្មការ បាន​វាយ​តម្លៃ​សំឡេង​តាម​រយៈ​វីដេអូ​ដែល​បេក្ខជន​ផ្ញើ​មក និង​សម្រិតសម្រាំង​យក ១០០នាក់ មក​ប្រកួត​ជម្រុះ​ផ្ទាល់​លើ​ឆាក ដើម្បី​ជ្រើសរើស ២២​នាក់ មក​កាន់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ។ បន្ទាប់​ពី​ការ​ប្រឡង​ផ្សាយ​ផ្ទាល់​តាម​ផេក​សំនៀង​ពេជ្រ NNP ២​ថ្ងៃ​រួច​មក គណៈកម្មការ​បាន​ចម្រាញ់​យក ៦​នាក់ ទៅ​ប្រកួត​នៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​ថ្ងៃ​ទី២១ ខែ​មករា ឆ្នាំ​២០២១ ខាង​មុខ​នេះ។

បេក្ខភាព​ទាំង​៦នោះ​មាន បេក្ខជន ភេត ស៊ីណាត សិលា ដារ៉ូ សៅ សុវណ្ណរ៉ា បេក្ខនារី អាន សុខកាន់ បេក្ខជន កែវ វីរៈ និង​បេក្ខជន យន ធី។ ពួក​គេ​ទាំង​៦ នឹង​កាន់​ដៃគ្នា​ទៅ​ប្រកួត​ប្រជែង​​បន្ត​ទៀត​នៅ​ក្នុង​កម្មវិធី​ផ្សាយ​ផ្ទាល់​មួយ​តាម​រយៈ​ទូរទស្សន៍​ភីអ៊ិនអ៊ិន នា​ម៉ោង ៧យប់ ថ្ងៃ​ទី ២១ ខាង​មុខ​នេះ ដោយ​ជ្រើស​រើស​ម្ចាស់​ជយលាភី​ចំនួន ៣​រូប។

បើ​តាម​ការ​ប្រកាស​បើក​កម្មវិធី​ជា​ផ្លូវ​ការ ដោយ​លោក​ស្រី ទ្រី ដាណា និង​លោក ហ៊ីង បញ្ញារិទ្ធ កាល​ពី​ដើម​ខែ​វិច្ឆិកា​បាន​ឱ្យ​ដឹង​ថា ក្រៅពីរង្វាន់ជាទឹកប្រាក់ដ៏ច្រើនសន្ធឹក​សន្ធាប់​សម្រាប់អ្នកលេខ ១ ចំនួន ៤០លានរៀល លេខ២ ២០លានរៀល និងលេខ៣ ១០លានរៀល ពួកគេក៏ទទួលបានកុងត្រា ២ ឆ្នាំ ​ជា​មួយ​ក្រុមហ៊ុន ដាណា ទ្រី ខេមបូឌា ត្រេនឌីងខូអិលធីឌី ហើយ​មានប្រាក់ប្រចាំខែទៀតផង៕

ហាមលួចចម្លងអត្ថបទ​ពីវេបសាយ Morningfresh.news ដោយគ្មានការអនុញ្ញាត
error: ហាម​លួចចម្លង​អត្ថបទ​នេះ!