បំផ្លាញណាស់! ឃាត់ខ្លួនជនបរទេសម្នាក់ ក្រោយវាបំបែកទូ ATM នៅផ្លូវព្រះស៊ីសុវត្ថិ

នៅថ្ងៃទី១៦​ ខែវិច្ឆិកា​ ឆ្នាំ២០២០ ការិយាល័យ​ព្រហ្មទណ្ឌ​កំរិតស្រាល​ បានទទួលពាក្យបណ្តឹងពីជនរងគ្រោះ ដែល​ជាប្រធានសាខាធនាគារភ្នំពេញពាណិជ្ជ​ សាខាផ្សារថ្មី ពាក់ព័ន្ធករណី បំផ្លិចបំផ្លាញទ្រព្យសម្បត្តិរបស់ធនាគារភ្នំពេញពាណិជ្ជ(ទូរ ATM) ត្រង់ចំណុចផ្លូវព្រះសុីសុវត្ថិ​ កែងផ្លូវ១១០​ សង្កាត់វត្តភ្នំ​ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ដោយមានការចង្អុលបង្ហាញពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃ១៩​ ខែវិច្ឆិកា​ ឆ្នាំ​២០២០​ កម្លាំងជំនាញការិយាល័យព្រហ្ឌកំរិតស្រាល​ ដឹកនាំដោយលោកឧ.ទោ​ ប៉ាល់​ សុធី​ អនុប្រធាន​នាយកដ្ឋានទទួលផែន​ បានធ្វើការស្រាវជ្រាវស៊ើបអង្កេត ឈានដល់ការកំណត់មុខ​ និងនាំខ្លួនជនសង្ស័យឈ្មោះ​ CHRISTOPER TERENCE BOWMAN ភេទប្រុស​ អាយុ៤៥ឆ្នាំ​ ជនជាតិ​អាមេរិក​ កាន់លិខិតឆ្លងដែនលេខ​ ៥៦៥៨៦២២១៥​ ត្រង់ចំណុច​ សណ្ឋាគារ​អាខ្វារៀស​ សង្កាត់​ចតុមុខ​ ខណ្ឌ​ដូនពេញ​ ​រាជធានី​ភ្នំពេញ​ មកកាន់នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ ដើម្បីយកមកធ្វើការសាកសួរ ។

ឆ្លងតាមការសាកសួរ ជនសង្ស័យបានសារភាពថាៈ ខ្លួនពិតជាបាន​ វាយបំផ្លិចបំផ្លាញម៉ាសុីន​ និងទ្វារ​ទូរអេធីអុឹម​ របស់ធនាគារភ្នំពេញពាណិជ្ជ​ ពិតប្រាកដមែន។ បច្ចុប្បន្ន ការិយាល័យជំនាញ បានកសាងសំណុំរឿង និងបញ្ជូនជនសង្ស័យ ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕

 

ហាមលួចចម្លងអត្ថបទ​ពីវេបសាយ Morningfresh.news ដោយគ្មានការអនុញ្ញាត