សមត្ថកិច្ចបញ្ជាក់មូលហេតុនាំឲ្យឪពុកមាវាយក្មួយដល់មានស្នាមពេញខ្លួនហើយត្រូវឃាត់ខ្លួន

ក្រុមការងារព័ត៌មានប្រិតកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្ត សូមធ្វើការបំភ្លឺជូនសារធារណៈជន ជុំវិញករណីហិង្សាក្នុងគ្រួសារ។ ករណីនេះជនបង្កជាឪពុកមា ត្រូវបាននគរបាលឃាត់ខ្លួន ចំណែកក្មេងប្រុសរងគ្រោះ ដែលជាក្មួយ មានអាយុ៣ឆ្នាំ កំពុងត្រូវបានព្យាបាល។

អំពីរឿងហេតុ មានដូចខាងក្រោម៖ នៅថ្ងៃអង្គារ២កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនិងថ្ងៃទី១៧ ខែកញ្ញា​ ឆ្នាំ២០២០ វេលាម៉ោង១៨និង៣០នាទី មានករណីហិង្សាក្នុងគ្រួសារ (ឪពុកមាវាយក្មួយ)មួយកើតឡើង នៅភូមិកសាង ឃុំចង្ក្រង់ ស្រុកចិត្របុរី ខេត្តក្រចេះ។

ជនរងគ្រោះឈ្មោះ ខៃ ម៉េងហ៊ាង អាយុ​៣ឆ្នាំ​(ក្នុងបន្ទុក) មានឪពុកឈ្មោះយ៉យ សុខខៃ អាយុ២៨ឆ្នាំ និងម្ដាយឈ្មោះអុំ ចាន់បូរី អាយុ៣១ឆ្នាំ ជាកសិករ។ ជនសង្ស័យឈ្មោះរិន ហ៊ាន ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរកសិករ។ អ្នកទាំងពីររស់នៅភូមិ ឃុំ កើតហេតុជាមួយគ្នា ។

តាមរបាយការណ៍ពីសមត្ថកិច្ចបានឲ្យដឹងថា ដើមឡើយឪពុកម្ដាយរបស់កុមារាឈ្មោះខៃ ម៉េងហ៊ាង លែងលះគ្នាតាំងពីឆ្នាំ២០១៨ ហើយក៏បានចេញទៅរកការងារធ្វើនៅឯខេត្តផ្សេងៗគ្នា ចំណែកឈ្មោះរិន ហ៊ា ត្រូវជាឪពុកមា ក៏បានយកកុមារា (ម៉េងហ៊ាង) មកចិញ្ចឹមនៅក្នុងបន្ទុករបស់ខ្លួន។

នៅថ្ងៃកើតហេតុខាងលើ កុមារាឈ្មោះម៉េង ហ៊ាង វាយំពុំដឹងមូលហេតុ នោមដាក់ចានបាយ និងចានសម្ល ឈ្មោះរិន ហ៊ា លួងលោមពុំស្ដាប់ ក៏យកស្មាសម្រាប់ហាលខោ អាវ វាយចំនួនពីរស្មាខោអាវ បណ្ដាលឲ្យមានស្នាមជាំលើខ្លួនប្រាណ។ ក្រោយទទួលបានព័ត៌មាន កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកចិត្របុរី និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចង្ក្រង់ ចុះដល់កន្លែងកើតហេតុ ធ្វើការស្រាវជ្រាវ និងនាំខ្លួនជនសង្ស័យមកប៉ុស្តិ៍រដ្ឋបាល កសាងសំណុំរឿងតាមនីតិវិធី៕

ហាមលួចចម្លងអត្ថបទ​ពីវេបសាយ Morningfresh.news ដោយគ្មានការអនុញ្ញាត