ជិះម៉ូតូសុំផ្លូវឲ្យរថយន្តសង្គ្រោះបន្ទាន់ដឹកអ្នកជំងឺទៅមន្ទីរពេទ្យ បែរជួបអកុសល​ស្លាប់ខ្លួនឯង

យុវជនដែលជាអ្នកស្ម័គ្រចិត្តម្នាក់ ខណៈកំពុងបើក​ម៉ូតូទៅជួយសម្រួលរថយន្ត​សង្រ្គោះបន្ទាន់ដឹកអ្នកជំងឺនោះ ស្រាប់តែទាក់ដៃចង្កូតដួលចូល​ក្រោយមហាយឡេឌ័រ ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្ដាល២A-៨៩៦៦ បណ្ដាលឱ្យដួលបោកក្បាលស្លាប់ក្រោយបញ្ជូល​ដល់មន្ទីរពេទ្យបង្អែកខណ្ឌ។

ហេតុការណ៍នេះ បានកាលវេលា​ម៉ោង៥៖០០នាទីល្ងាច ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចផ្លូវ​ជាតិលេខ១ ស្ថិតនៅភូមិទួលតាចាន់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ លោក ឯក សារ៉ន អធិការរងទទួលផែនចរាចរណ៍ខណ្ឌ បានឱ្យដឹងថា សពជនរងគ្រោះមានឈ្មោះ ចក់ ទី អាយុ ២១ឆ្នាំ មុខរបរសន្តិសុខឯកជន ស្នាក់នៅផ្ទះលេខ៣៨៨ ផ្លូវម៉ៅសេទុង សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

មិត្តភក្តិជនរងគ្រោះ បានឱ្យដឹងថា ជនរងគ្រោះបានជិះ​ម៉ូតូយ៉ាងលឿន ដើម្បីជួយសម្រួលចរាចរណ៍រថយន្ត​សង្រ្គោះមកពីខេត្ត ចូលរាជធានីភ្នំពេញ ហើយក៏ទាក់ដៃចង្កូត​ជាមួយរថយន្តសង្រ្គោះ ដួលហើយអូសចូល​រថយន្ត១​គ្រឿងទៀត ដែលបើកបញ្ច្រាស់ទិស​ដៅគ្នាចូលក្រោមរថយន្តភ្លាមៗ ក៏បានហៅរថយន្តសង្រ្គោះ​មន្ទីរពេទ្យបង្អែកខណ្ឌ មកដឹកយកទៅព្យាបាល​តែអកុសល ជនរងគ្រោះបានស្លាប់ពេល​ដល់មន្ទីរពេទ្យបង្អែក។

បើតាមមិត្តភក្តិ​ជនរងគ្រោះជាក្រុមស្ម័គ្រចិត្ត ឱ្យតែឃើញរថយន្តសង្រ្គោះមិនថា មកពីខេត្ត ឬក្នុងក្រុងទេ ក៏ទំនាក់​ទូរស័ព្ទហៅគ្នា ដើម្បីជិះម៉ូតូនៅពីមុខរថយន្តសង្រ្គោះ ដើម្បីសម្រួលចរាចរណ៍ ដោយមិនគិតពីថវិកា​នោះទេ ជាទឹកចិត្តថាបងប្អូនគេ ឬយើងដែលត្រូវប្រញាប់​ទៅសង្រ្គោះអាយុជីវិត។

នគរបាលបានបញ្ជាក់ដែរថា ជារឿយៗ ពិតជាឃើញមាន​អ្នកជិះតាមរថយន្តសង្រ្គោះមែន ហើយគោលដៅ​នគរបាលពេលខ្លះបានហៅឃាត់សួរដោយសារ​ម៉ូតូរបស់ស៊ីផ្លេ ឮខ្លាំងពេកខុសពីស៊ីផ្លេម៉ូតូ និងស្មានតែ​ក្រុមគ្រួសារ​អ្នករងគ្រោះតែពេលសួរនាំថា មិនមែនសាច់ញាតិគ្រាន់តែចង់​ជួយឱ្យរថយន្តសង្រ្គោះទៅបាន​លឿនប៉ុណ្ណោះ។

តែនគរបាលបានអប់រំញឹកញាប់ដោយសារ​នគរបាលលើកពីច្បាប់ចរាចរណ៍ថា យើងធ្វើបែបនេះខុសហើយ និងហានីភ័យគ្រោះថ្នាក់របួស ឬអាចស្លាប់ដល់ខ្លួនយើង និងអ្នកដ៏ទៃដោយសារ យើងបើកលឿនចៃដន្យ​មានម៉ូតូរថយន្ត​បើកឆ្លងកាត់មិនគ្រោះថ្នាក់ ឬចៃដន្យនៅពីមុខរថយន្តសង្រ្គោះ​យើងចាប់ហ្វ្រាំងលឿនរថយន្ត​អាចហ្វ្រាំងទាន់ដែរ ឬទេ។

ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ បានប្រគល់ទៅការិយាល័យ​នគរបាលចរាចរណ៍ផ្លូវគោក ស្នងការដ្ឋាន​នគរបាលរាជធានីភ្នំពេញ ដើម្បីយក​រថយន្ត និងម៉ូតូព្រមទាំងអ្នកបើកបរ រថយន្តហាយឡេឌ័រ បុរសឈ្មោះ នួន សុភ័ក្ត ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរបុគ្គលិក្រុមហ៊ុន​ឯកជន ស្នាក់នៅផ្ទះលេខ៤១៦ ផ្លូវជាតិលេខ១ ភូមិគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល រងចាំធ្វើការដោះ​ស្រាយជាក្រោយបន្តទៀត៕

ហាមលួចចម្លងអត្ថបទ​ពីវេបសាយ Morningfresh.news ដោយគ្មានការអនុញ្ញាត