ខ្ចីម៉ូតូបងថ្លៃមួយភ្លែត បាត់៣ថ្ងៃត្រូវម្ចាស់រកឃើញខណៈកំពុងជិះចូលទៅ​បញ្ចាំ

បុរស​ម្នាក់​ត្រូវ​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់ឃាត់ខ្លួន ​កាលពី​រសៀល​ថ្ងៃ​ទី​១៥ វិច្ឆិកា នៅ​លើ​ផ្លូវ​មួយ​កន្លែង នៅ​ក្នុងភូមិ​រំចេក​៤ សង្កាត់​រតនៈ ក្រុង​បាត់ដំបង ពេល​ជន​នេះ​កំពុង​ជិះ​ម៉ូតូ​ដែល​ខ្ចី​ពី​បងថ្លៃ ស្វែងរក​កន្លែង​បញ្ចាំ​។​

នាយ​រង​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់ លោក វ៉ា​ន់ តា​រ៉ា ដែល​បាន​ឃាត់ខ្លួន​ជន សង្ស័យ​បាន​និយាយ​ថា ការ​ឃាត់ខ្លួន​ជន​នេះ ដោយ​យោង​លើ​បណ្ដឹង​ជន​រង​គ្រោះ​ដែល​ជា​បងថ្លៃ ឈ្មោះ រឿ​ម ដេ​ត ហៅ ចាំង ប្រុស​អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ​អូរ​មុនី​១ ឃុំ​អន្លង់​វិល ស្រុក​សង្កែ​ ។ លោក វ៉ា​ន់ តា​រ៉ា បាន​ប្រាប់​ថា ជនសង្ស័យ​រូប​នេះ​ឈ្មោះ ឃុ​ត យូ​សុះ ហៅ តែ​ន អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​, ឃុំ​ជាមួយ​គ្នា ហើយ​ក៏​ត្រូវជា​ប្អូនថ្លៃ​ម្ចាស់​ម៉ូតូ​ដែរ​។

នៅ​ក្នុង​បណ្ដឹង លោក សឿ​ម ដេ​ត ហៅ ចាំង ដែល​ជា​ម្ចាស់​ម៉ូតូ​បាន​និយាយ​ថា ឈ្មោះ ឃុ​ត យូ​ស ហៅ តែ​ន បាន​ខ្ចី​ម៉ូតូ​របស់​ខ្លួន​កាលពី​ថ្ងៃ​ទី​១០ វិច្ឆិកា ដោយ​ប្រាប់​ថា ខ្ចី​ជិះ​មួយ​ភ្លេ​ត តែ​ក្រោយ​ជិះ​ចេញ​ទៅ​បាត់​ដំណឹង​រហូត ​។

ដោយសារ​មិនឃើញ​ត្រឡប់​មក​វិញ ទើប​នៅ​ព្រឹក​ថ្ងៃ​ទី​១៣ វិច្ឆិកា ខ្លួន​ក៏​ទៅ​ដាក់​បណ្ដឹង​នៅ​អធិការ​នគរបាល​ស្រុក​សង្កែ លុះ​នៅ​រសៀល​ថ្ងៃ​ដដែល ក៏​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ប្អូនថ្លៃ ពេល​បំរុង​យក​ម៉ូតូ​ខ្លួន​ទៅ​បញ្ចាំ​។ ម៉ូតូ​នោះ​ម៉ាក​ហុងដា​ឌ្រី​ម​ស៊េរី​ឆ្នាំ​២០១៩ ពាក់​ស្លាក​លេខ​បាត់ដំបង 1AE-1499​។​ បើ​តាម​ព័ត៌មាន​បឋម​ពី​សមត្ថកិច្ច​បាន​ប្រាប់​ថា ជនសង្ស័យ​បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​ខ្ចី​ម៉ូតូ​បងថ្លៃ​មែន ហើយ​មាន​ចេតនា​បប្រុងយក​ទៅ​បញ្ចាំ តែ​ត្រូវ​សមត្ថកិច្ច​ចាប់​ជាប់​ពេល​កំពុង​ស្វែងរក​ទីតាំង​បញ្ចាំ​។

តាម​ប្រភព​ដទៃ​ទៀត​បាន​និយាយ​ថា ជន​នេះ​ជា​មនុស្ស​ញៀន​ល្បែង ជា​ពិសេស​ញៀន​នឹង​ល្បែង​អ៊ីនធឺណិត ​ព្រោះ​គេ​តែង​ឃើញ​ជន​នេះ ​ចេញ​ទីតាំង​ល្បែង​អ៊ីនធឺណិត​​នៅ​ក្នុង​ក្រុង​បាត់ដំបង​ជា​ប្រចាំ ហើយ​អាច​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​ទៀត​ផង​។ ប៉ុន្តែ​យ៉ាងណា​ក៏​ដោយ បើ​តាម​លោក វ៉ា​ន់ តា​រ៉ា បាន​ប្រាប់​ថា ក្រោយ​ពី​ឃាត់ខ្លួន លោក​បាន​ប្រគល់​ជនសង្ស័យ​និង​ម៉ូតូ​ទៅ​ឲ្យ​កម្លាំង​ជំនាញ​នៅ​អធិការ​ស្រុក​សង្កែ ដើម្បី​សាក​សួរ ព្រោះ​ព្រឹត្តិ​ហេតុ​បាន​កើតឡើង​នៅ​ក្នុងស្រុក​នេះ៕

ហាមលួចចម្លងអត្ថបទ​ពីវេបសាយ Morningfresh.news ដោយគ្មានការអនុញ្ញាត