ប្ដីលួចមានស្រីមកសុំប្រពន្ធលែង នាងសុំឲ្យធ្វើល្អ១ខែទៀត ចុងក្រោយជួបរឿងមិននឹកស្មាន
ខ្ញុំ និងភរិយាបានរៀបការរួមរស់ជាមួយគ្នារយៈពេលជាង ១០ឆ្នាំហើយ កម្រទាស់ទែងគ្នាណាស់ ប៉ុន្តែមួយរយៈចុងក្រោយនេះ ខ្ញុំអស់អារម្មណ៍ស្រលាញ់នាងតែម្ដង។ ពេលខ្ញុំមកដល់ផ្ទះនៅយប់មួយ ប្រពន្ធខ្ញុំបានលើកបាយល្ងាចឲ្យញ៉ាំ ខ្ញុំបានកាន់ដៃនាងយ៉ាងជាប់ ព្រោះចង់និយាយរឿងមួយប្រាប់នាង។
នាងអង្គុយចុះ និងចាប់ផ្ដើមញ៉ាំបាយល្ងាចយ៉ាងស្ងៀមស្ងាត់ដូចសព្វដង។ ខ្ញុំសង្កេតឃើញកែវភ្នែកប្រពន្ធខ្ញុំពោរពេញដោយភាពឈឺចាប់ ធ្វើឲ្យខ្ញុំកាន់តែពិបាកហើបមាត់ប្រាប់នាងទៅទៀត។ ប៉ុន្តែខ្ញុំបានតាំងចិត្តថា ត្រូវតែឲ្យនាងដឹងពេលនេះនូវអ្វីខ្ញុំកំពុងគិត។ ខ្ញុំបានកាន់ដៃនាងម្ដងទៀត និងនិយាយទាំងបង្ខំថា “បងចង់លែងលះ!”
ពេលឮខ្ញុំនិយាយភ្លាម នាងហាក់មិនភ្ញាក់ផ្អើល តែបានដំអក់មួយភ្លែត រួចនាងសួរមកខ្ញុំថ្នមៗវិញថា «ហេតុអ្វីបង»? ខ្ញុំបានព្យាយាមគេចឆ្លើយសំណួរនេះមិនប្រាប់មូលហេតុ ធ្វើឲ្យនាងចាប់ផ្ដើមខឹងមួយរំពេច។ នាងបានគ្រវែងចង្កឹះចេញពីតុ និងស្រែកដាក់ខ្ញុំថា “បងមិនមែនជាមនុស្សប្រុសទេ!”
នៅយប់នោះ យើងមិនបាននិយាយរកគ្នាឡើយ។ នាងគេងសម្រក់ទឹកភ្នែកទាំងខ្សឹកខ្សួលបែរខ្នងដាក់។ ខ្ញុំដឹងក្នុងចិត្តថា នាងក៏ចង់ដឹងហេតុផលអ្វីមកជ្រៀតជ្រែកជីវិតអាពាហ៍ពិពាហ៍របស់យើងដែរ។ ប៉ុន្តែខ្ញុំពិបាកនឹងឆ្លើយប្រាប់ចម្លើយសមស្របមួយខ្លាំងណាស់ យ៉ាងណាខ្ញុំបានព្យាយាមនិយាយទៅកាន់នាងថា “បងបានប្រគល់បេះដូងឲ្យទៅនារីម្នាក់ទៀតហើយឈ្មោះ ចេន។ បងលែងស្រលាញ់អូនហើយ។ បងរស់នៅជាមួយអូននេះ បងគ្រាន់តែអាណិតអូនប៉ុណ្ណោះ”។
ខ្ញុំបានសរសេរក្នុងលិខិតលែងលះមួយថា នាងអាចទទួលបានផ្ទះ រថយន្តមួយគ្រឿង និងភាគហ៊ុនក្រុមហ៊ុនខ្ញុំចំនួន ៣០%។ នាងបានសម្លឹងដាក់ខ្ញុំ ហើយក៏ហែកលិខិតនោះចោលភ្លាម នាងចាប់ផ្ដើមមានអាកប្បកិរិយាចម្លែក។ ខ្ញុំមានអារម្មណ៍អាណិតនាងដែលបានចំណាយពេលវេលា ធនធាន និងថាមពលពេលនៅជាមួយខ្ញុំ ប៉ុន្តែខ្ញុំមិនអាចត្រលប់ក្រោយវិញបាន ព្រោះស្រលាញ់នាង ចេន ទៅហើយ។ ទីបំផុតនាងបានស្រែកយំខ្លាំងៗ នៅចំពោះមុខខ្ញុំ។
នៅថ្ងៃបន្ទាប់ ខ្ញុំបានត្រលប់មកពីធ្វើការយឺត ហើយខ្ញុំបានឃើញនាងសរសេរសំបុត្រមួយនៅលើតុ។ ខ្ញុំមិនបានញ៉ាំអាហារពេលយប់ ខ្ញុំក៏ដើរហួសទៅដេកយ៉ាងលឿន ព្រោះអស់កម្លាំង។ នៅពេលខ្ញុំក្រោកពីគេងវិញ នាងនៅតែសរសេរសំបុត្រនោះនៅលើតុដដែល។ខ្ញុំធ្វើមិនខ្វល់ ហើយសម្ងំដេកម្ដងទៀត។
លុះដល់ព្រឹកឡើង នាងបង្ហាញលក្ខខ័ណ្ឌនៃការលែងលះយ៉ាងលម្អិត។ នាងមិនចង់បានទ្រព្យសម្បត្តិអ្វីទាំងអស់ ប៉ុន្តែនាងត្រូវការរយៈពេល ១ខែទៀតមុនពេលលែងលះ។ នាងបានស្នើថា «មួយខែទៀត យើងទាំងពីរព្យាយាមរស់នៅដូចធម្មតា ព្រោះកូនប្រុសរបស់យើងកំពុងត្រៀមប្រលង ហើយខ្ញុំមិនចង់រំខានកូនដោយសារដំណឹងលែងលះគ្នានេះទេ»។
ខ្ញុំបានយល់ព្រម ប៉ុន្តែនាងមានអ្វីបន្ថែមមួយចំនួនទៀត នាងបានសុំឲ្យខ្ញុំរម្លឹកអនុស្សាវរីយ៍នាថ្ងៃអាពាហ៍ពិពាហ៍របស់យើង។ ខ្ញុំប្រាប់ថា ខ្ញុំបានលើកបីនាងចេញពីបន្ទប់កូនក្រមុំ។ នាងបានស្នើសុំក្នុងរយៈមួយខែចុងក្រោយនេះ នាងចង់ឲ្យខ្ញុំបីនាងចេញពីគ្រែគេងរបស់យើងទៅមាត់ទ្វារជារៀងរាល់ព្រឹក។ គ្រាន់តែស្ដាប់ឮភ្លាម ខ្ញុំគិតថានាងឆ្កួតហើយ ប៉ុន្តែយ៉ាងណាដើម្បីថ្ងៃចុងក្រោយ ខ្ញុំសុខចិត្តទទួលយកធ្វើតាមសំណើ។
ពេលទៅដល់កន្លែងធ្វើការ ខ្ញុំបានប្រាប់ ចេន ដែលជាសង្សាររបស់ខ្ញុំអំពីលក្ខខ័ណ្ឌនៃការលែងលះជាមួយប្រពន្ធខ្ញុំ នាងបានអស់សំណើច សើចឮៗ និងគិតថា មិនទំនងសោះ។ ចេន និយាយទាំងប្រមាថថា «អត់បញ្ហាទេ នាងជាប្រពន្ធចង់លេងល្បិចអីក៏លេងទៅ នាងគង់តែលែងលះដដែល»។
ខ្ញុំ និងប្រពន្ធបានឈប់ប៉ះពាល់គ្នាទៀត ប៉ុន្តែពេលខ្ញុំបំពេញបំណងឲ្យនាងដោយបីទៅមុខទ្វារ នៅថ្ងៃលើកដំបូង ពួកយើងមានអារម្មណ៍ហាក់ខុសពីធម្មតាបន្តិច។ កូនប្រុសបានទះដៃពីក្រោយដោយពុំដឹងរឿង និងបានសរសើរប៉ាថា «ពូកែណាស់ៗលោកប៉ា អាចលើកបីម៉ាក់រួច»។ ពាក្យសម្ដីរបស់កូនបានធ្វើឲ្យខ្ញុំចុកចាប់មួយរំពេច។ ក្រោកបីចេញពីបន្ទប់គេងទៅកាន់បន្ទប់ទទួលភ្ញៀវ រួចទៅមាត់ទ្វារចម្ងាយតែ ១០ម៉ែត្រប៉ុណ្ណោះ។
ពេលលើកបីបណ្ដើរ នាងបានបិទភ្នែក និងនិយាយតិចៗថា កុំប្រាប់កូនយើងថា យើងលែងលះគ្នាឲ្យសោះ។ ខ្ញុំងក់ក្បាលយល់ព្រមទាំងអារម្មណ៍តូចចិត្តខ្លួនឯងបន្តិច។ ខ្ញុំបានដាក់នាងនៅខាងក្រៅទ្វារចេញចូល នាងបានរង់ចាំជិះរថយន្តក្រុងទៅធ្វើការ ហើយខ្ញុំបើករថយន្តម្នាក់ឯងទៅធ្វើការនៅការិយាល័យរបស់ខ្ញុំ។
នៅព្រឹកថ្ងៃទី ២ យើងទាំងពីរនាក់ បានបីទៅយ៉ាងស្រួល។ នាងបានផ្អែកលើទ្រូងខ្ញុំ ខ្ញុំបានស្រង់ក្លិនដ៏ក្រអូបចេញពីអាវរបស់នាង។ ខ្ញុំដឹងថា ខ្ញុំមិនបានមើលថែស្ត្រីនេះជាយូរមកហើយ។ នាងមិនមែនជាមនុស្សក្មេងទៀតទេ មុខនាងជ្រួញ សក់ចាប់ផ្ដើមប្រែជាប្រផេះ។ គិតចុះគិតឡើង ធ្វើឲ្យខ្ញុំនឹកឃើញដល់ថ្ងៃរៀបការ រហូតភ្លឹកស្ទើរមួយនាទី។
នៅថ្ងៃទី ៣ និងទី ៤ នៅពេលខ្ញុំបានលើកនាង ខ្ញុំមានអារម្មណ៍ថា ភាពស្និតស្នាលពួកយើងហាក់ត្រលប់មកវិញ ជាមួយនារីធ្លាប់នៅជាមួយគ្នាជាង ដប់ឆ្នាំនេះ។
នៅថ្ងៃទី ៥ និងទី ៦ ខ្ញុំចាប់ផ្ដើមកត់សម្គាល់ថា ភាពស្និតស្នាលរបស់យើងបានកើនឡើងម្ដងទៀត។ ខ្ញុំមិនបានប្រាប់ ចេន ពីរឿងនេះឡើយ។ ពីមួយថ្ងៃទៅមួយថ្ងៃ វាធ្វើឲ្យខ្ញុំកាន់តែចង់លើកបីប្រពន្ធខ្ញុំរយៈពេលមួយខែនេះដោយភាពរីករាយ។ ប្រហែល ការចំណាយពេលនៅក្បែរគ្នាបន្តិចៗរៀងរាល់ថ្ងៃនេះហើយ បានធ្វើឲ្យការសម្រេចចិត្តរបស់ខ្ញុំត្រូវពិចារណាឡើងវិញ។
នៅព្រឹកបន្ទាប់ នាងកំពុងរើសជជុះៗសំលៀកបំពាក់ទៅធ្វើការ នាងមានអារម្មណ៍ប្លែកព្រោះខោអាវទាំងនោះធំៗជាងខ្លួន។ ខ្ញុំគិតថា ខោអាវទាំងនោះមិនរីកធំទេ តែមកពីនាងចាប់ផ្ដើមស្គមដោយសារគិតរឿងរ៉ាវច្រើនក្នុងរយៈពេលចុងក្រោយនេះ។ សកម្មភាពនាងចាប់ផ្ដើមធ្វើឲ្យខ្ញុំឈឺចាប់ក្នុងចិត្ត ភ្លាមៗនោះ ខ្ញុំបានយកដៃទៅប៉ះក្បាលរបស់នាងដោយមិនដឹងខ្លួន។
កូនប្រុសរបស់ពួកយើងបានមកដល់ល្មម និងនិយាយទាំងរីករាយថា «ប៉ា! ដល់ពេលបីម៉ាក់ចេញទៅហើយ»។ ប្រពន្ធខ្ញុំបានដើរទៅឱបកូនប្រុសយ៉ាងណែន។ ខ្ញុំបានព្យាយាមងាកមុខចេញ ព្រោះខ្លាចធ្វើឲ្យខ្ញុំកែប្រែចិត្តវិញនៅពេលនេះ។ ខ្ញុំចាប់ផ្ដើមកាន់ដៃនាង នាងបានដាក់ដៃលើ.កខ្ញុំយ៉ាងទន់ភ្លន់ បន្ទាប់មកខ្ញុំលើកនាងបីដូចកាលថ្ងៃអាពាហ៍ពិពាហ៍អីចឹង។ ទម្ងន់ខ្លួននាងកាន់តែស្រាលទៅៗ ធ្វើឲ្យខ្ញុំក្រៀមក្រំណាស់។
នៅថ្ងៃចុងក្រោយ នៅពេលខ្ញុំលើកបីនាង ខ្ញុំពិបាកនឹងដើរទៅមុខជាខ្លាំង។ ខ្ញុំកាន់នាងយ៉ាងណែនរួចនិយាយថា «បងមិនបានកត់សម្គាល់ថា ជីវិតរបស់យើងពិតជាខ្វះភាពកក់ក្ដៅ និងភាពស្និតស្នាលខ្លាំងណាស់»។ ប្រពន្ធប្រែទឹកមុខ ភ្ញាក់ផ្អើលបន្តិចពេលបានឮសម្ដីនេះ។
បន្ទាប់មកទៀត ខ្ញុំបានបើករថយន្តទៅកន្លែងធ្វើការ រួចដើរចេញពីរថយន្តយ៉ាងលឿន ដើរសំដៅទៅរកមិត្តស្រី នាង ចេន រួចប្រាប់ថា «ចេន ឲ្យបងសុំទោស! បងពិតជាមិនចង់លែងលះប្រពន្ធបងទៀតទេ»។ នាងបានងាកមកមើលខ្ញុំ ទាំងភ្ញាក់ផ្អើល រួចយកដៃស្ទាបថ្ងាសខ្ញុំ រួចសួរថា «តើបងក្ដៅខ្លួនមែនទេ? ពីមុនបងនិយាយជាមួយខ្ញុំដូចម្ដេច?» ខ្ញុំដកដៃនាងចេញពីថ្ងាសភ្លាម។
«សុំទោស ចេន បងនឹងមិនលែងប្រពន្ធទេ។ ជីវិតអាពាហ៍ពិពាហ៍របស់យើងហាក់រកាំរកូសបន្តិចពីព្រោះបង និងប្រពន្ធ មិនសូវបាននៅជាមួយគ្នា ដើរលេងលំហែជាមួយគ្នា មិនមែនពួកយើងមិនស្រលាញ់គ្នាទេ។ ឥឡូវខ្ញុំចាប់ផ្ដើមយល់ពីគុណតម្លៃ ចាប់តាំងពីខ្ញុំបីនាងដូចកាលយើងរៀបការជាមួយគ្នា ហើយខ្ញុំសម្រេចចិត្តចុងក្រោយថា នឹងរួមរស់ជាមួយប្រពន្ធម្នាក់នេះរហូតអស់មួយជីវិត»។
នាង ចេន ហាក់ភ្ញាក់ព្រើតដូចក្រោកពីគេង។ នាងស្រែកគំហកដាក់ខ្ញុំ រួចទាត់ទ្វារគ្រាំងៗ ទៅសម្ងំយំម្នាក់ឯង។ ខ្ញុំបានចុះមកក្រោមយ៉ាងប្រញាប់ ហើយបើករថយន្តទៅហាងមួយ ទិញផ្កាមួយបាច់សម្រាប់ប្រពន្ធខ្ញុំ។ អ្នកលក់សួរខ្ញុំថា ក្នុងកាតសម្រាប់ដាក់លើផ្កា ចង់សរសេរយ៉ាងម៉េច? ខ្ញុំប្រាប់ឲ្យដាក់ថា «បងនឹងបីអូនរៀងរាល់ព្រឹក រហូតពួកយើងអស់ជីវិត»។
នៅល្ងាចដដែលនោះ ខ្ញុំបានមកផ្ទះ កាន់បាច់ផ្កាក្នុងដៃទាំងទឹកមុខញញឹមស្ទើរបិទមាត់មិនជិត។ ខ្ញុំបានឡើងទៅជាន់លើមើលបន្ទប់គេងប្រពន្ធ ស្រាប់តែឃើញនាងគេងលើគ្រែមិនកម្រើកសោះ ខ្ញុំក៏យកដៃអង្រួនរាងកាយនាង ហើយនិយាយថា «ប្រពន្ធសម្លាញ់បងមកដល់ហើយ អូនក្រោកឡើង អូនគេងអីពេលហ្នឹង»? ឃើញសភាពស្លេកស្លាំង ខ្ញុំក៏ស្ទាបដង្ហើមទើបដឹងថា.. នាងបានស្លាប់បាត់ហើយ។ ខ្ញុំរន្ធត់ចិត្ត ខ្ញុំយំៗទាំងក្ដុកក្ដួលខ្លាំងណាស់។
ភរិយារបស់ខ្ញុំបានកើតជំងឺមហារីកជាច្រើនខែមកហើយ ខ្ញុំក៏មិនសូវបានមើលថែនាង រវល់តែឈ្លក់វង្វេងនឹង ចេន។ នាងដឹងថា ខ្លួនឯងនឹងលាចាកលោកឆាប់ៗ នាងបានព្យាយាមធ្វើយ៉ាងណាកុំឲ្យភាពបែកបាក់ចែកផ្លូវនេះ ប៉ះពាល់ដល់សតិអារម្មណ៍កូនប្រុស។ ចុងបញ្ចប់ ខ្ញុំនៅសល់តែវិប្បដិសារីគួរឲ្យឈឺចាប់បំផុតក្នុងជីវិតមួយនេះ បើពេលវេលាអាចដើរថយក្រោយបាន ខ្ញុំនឹងធ្វើរឿងល្អៗចំពោះប្រពន្ធកូនរបស់ខ្ញុំជារៀងរហូត៕
តម្លៃអប់រំរឿង៖ សេចក្ដីសុខសុភមង្គលក្នុងគ្រួសារមួយមិនមែនជាលុយ ឡាន វីឡាតែប៉ុណ្ណឹងទេ គឺភាពកក់ក្ដៅ និងភាពស្និទ្ធស្នាលផ្ដល់ឲ្យគ្នា។ របស់ដ៏មានឥទ្ធិពលលុយឡាន មិនអាចទិញសុភមង្គលបានទេ សូមចំណាយពេលវេលាខ្លះ បាននៅជាមួយប្រពន្ធកូនឲ្យបានច្រើនតាមដែលអាចធ្វើបាន។ ពេលវេលាមនុស្សស្រីចូលចិត្តជាងគេសម្រាប់គ្រួសារ គឺញ៉ាំអាហារ និងដើរលំហែរជុំគ្នា៕ (ផ្ដល់សិទ្ធិដោយ៖ Loykob.com)
ហាមលួចចម្លងអត្ថបទពីវេបសាយ Morningfresh.news ដោយគ្មានការអនុញ្ញាត