ឃើញកាន់បាច់ផ្កាស្មានទិញជូន ខំឲ្យចូលផ្ទះ បែរជួបស៊យធំរហូតត្រូវកោរសក់ចេញអស់
កាលពីពេលថ្មីៗនេះ ស្ត្រីម្នាក់បានទទួលរងនូវការរលាកកម្រិតទី២ បន្ទាប់ពីមានជនមិនស្គាល់មុខម្នាក់យកកាវម្យ៉ាងដាក់ក្នុងមួក រួចពាក់លើក្បាលរបស់គាត់បណ្ដាលឲ្យរលាក រហូតត្រូវកោរសក់ទាំងអស់ចេញ ធ្វើមហាជនមានក្តីអាណិតចំពោះអ្នកស្រីជាខ្លាំង។
យោងតាមសារព័ត៌មាន Levante EMV បានឲ្យដឹងថា អ្នកស្រី Marcela Tascon នៅផ្ទះក្នុងសង្កាត់ Benaguasil នៃទីក្រុង Valencia ភាគខាងកើតនៃប្រទេសអេស្ប៉ាញ ស្រាប់តែមានជនចម្លែកម្នាក់ មកគោះទ្វារនៅម៉ោង ៩ព្រឹក ហើយបានសួរថា តើគាត់ជា Marcela Tascon មែនទេ? Tascon ដែលមានអាយុ ៣១ ឆ្នាំ មើលឃើញថា ជននោះកាន់ផ្កាមួយបាច់នៅនឹងដៃផង ដូច្នេះគាត់សម្រេចចិត្តឲ្យជននោះចូលផ្ទះ។
គាត់បាននិយាយថា៖ «រឿងរ៉ាវប្រែជាអាក្រក់ ភ្លាមនោះនៅមាត់ទ្វារផ្ទះខ្ញុំ និងនៅចំពោះមុខកូនប្រុសអាយុ ៨ឆ្នាំរបស់ខ្ញុំ បុរសនោះបានបោះផ្កានៅជើងខ្ញុំ រួចស្រែកជេរខ្ញុំប៉ុន្មានម៉ាត់ថា «កូនសំផឹង» ហើយទាញមួកពីដៃម្ខាយទៀត ពោរពេញទៅដោយកាវមកដាក់ពីលើក្បាលខ្ញុំទាំងកម្រោល។
ក្រោយធ្វើសកម្មភាពហើយ ជននោះរត់គេចខ្លួនបាត់ស្រមោល ឯកូនប្រុសរបស់ខ្ញុំ ស្រែកយ៉ាងខ្លាំងទាំងភ័យខ្លាច ហើយខ្ញុំបានប្រញាប់ទៅបន្ទប់ទឹកដើម្បីសម្អាតក្បាល ហើយប្រាប់ឱ្យកូនប្រុសទូរស័ព្ទទៅប៉ូលីស ឬមិត្តភក្តិយ៉ាងតក់ក្រហល់ជាទីបំផុត»។ Tascon ដែលមានដើមកំណើតមកពីប្រទេសកូឡុំប៊ី ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ នឹងធ្វើរោគវិនិច្ឆ័យឃើញថា មានអាការៈរលាកកម្រិតទី ២ នៅលើក្បាលរបស់គាត់ ដោយសារកម្ដៅរបស់កាវ។
អ្នកស្រីបានបន្តទៀតថា៖ «វេជ្ជបណ្ឌិតបានប្រាប់ខ្ញុំថា ការវា យប្រ ហារប្រភេទនេះ ច្រើនកើតឡើងនៅក្នុងប្រទេសកូឡុំប៊ី ដែលគេហៅថា ពពុះកាវ ដែលជាទូទៅច្រើនកើតមានលើស្ត្រីទាក់ទងប្តីគេ ឬពួកគេច្រណែនលើស្ត្រីណាម្នាក់ ឬរឿងរ៉ាវគំនុំផ្សេងទៀត»។
អ្នកស្រី Tascon ដែលជាម្ចាស់គ្លីនិកថែរក្សាសម្ផស្សមួយផងបាននិយាយថា គាត់ទទួលបានការហៅទូរស័ព្ទគួរឱ្យសង្ស័យពីស្ត្រីមិនស្គាល់ឈ្មោះម្នាក់ ទាំងមិនដឹងថា អ្នកហៅទូរស័ព្ទជាអ្នកណានោះទេ ប៉ុន្តែអ្នកស្រីសន្និដ្ឋានថា ស្ត្រីខលមកនោះមានសំឡេងជាជនជាតិកូឡុំប៊ី បានទូរស័ព្ទកាលពីមួយខែមុន ដើម្បីធ្វើការណាត់ជួបនៅឯគ្លីនិក ព្រមទាំងស្នើសុំទីតាំងគ្លីនិកផងដែរ។
ស្ត្រីខាងលើបន្តថា៖ «ពីរសប្តាហ៍ក្រោយមក ខ្ញុំបានឃើញបុរសគួរឱ្យសង្ស័យម្នាក់បានឈរនៅក្បែរហាងរបស់ខ្ញុំ កាន់ទូរស័ព្ទ ហើយខ្ញុំបានលបសួរអ្នកជិតខាងថា តើជននោះកំពុងរង់ចាំអ្វីទៅ»? តែពួកគេពុំបានដឹងដូចគ្នា។ រហូតមកដល់ថ្ងៃកើតហេតុ បុរសពាក់មួកក្រហមម្នាក់ បានបង្ហាញខ្លួននៅមាត់ទ្វារ ដោយដៃកាន់ផ្កាផង។ អ្នកស្រី Tascon បាននិយាយថា៖ គាត់សង្ស័យថាបុរសនោះ ត្រូវបានគេជួលឱ្យវា យប្រ ហារខ្លួន ប៉ុន្តែគាត់មិនបង្ហាញព័ត៌មានលម្អិតបន្ថែមទៀត អំពីការសង្ស័យនេះ ខណៈដែលការស៊ើបអង្កេតរបស់ប៉ូលីសកំពុងតែបន្ត»។
អ្នកនាំពាក្យរបស់អាជ្ញាធរអេស្បាញនៅទីក្រុង Valencia បាននិយាយថា ពួកគេកំពុងស៊ើបអង្កេតករណីនេះ ដោយបន្ថែមថា រហូតមកដល់ពេលនេះ មិនទាន់មានការចាប់ខ្លួននរណាម្នាក់នៅឡើយទេ។ ទង្វើរបស់បុរសជាជនសង្ស័យ ត្រូវបានគេចាត់ទុកថា ជាទង្វើមិនគប្បី និងអសីលធម៌មួយ៕(បកប្រែដោយ៖និស្ស័យ)