ទាញទូរស័ព្ទមើលផែនទីបែរត្រូវចោរឆក់បាត់ ប្តឹងប៉ូលិសឲ្យជិះតាមទីតាំងនោះស្រាប់តែចាប់បាន៦នាក់ថែមទៀត
ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចតាមចាប់បាន ដល់បន្ទប់ជួល បន្ទាប់ពីធ្វើសកម្មភាពឆក់ទូរស័ព្ទពីនារី២នាក់ និងឈានទៅឃាត់ជនសង្ស័យ៦នាក់ទៀត កាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃព្រហស្បតិ៍ ទី៥ ខែកញ្ញា ឆ្នាំ២០១៩ ត្រង់ចំណុចខាងក្រោយតារាងបាល់ ស្ថិតក្នុងភូមិថ្មគោល សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យម្នាក់ក្នុងចំណោម៧នាក់ ជាអ្នកឆក់ផ្ទាល់ មានឈ្មោះ សាន់ ប៊ី ភេទប្រុស អាយុ២២ឆ្នាំ មានស្រុកកំណើត ខេត្តព្រៃវែង ជិះម៉ូតូធ្វើសកម្មភាព ម៉ាកXR ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1CM-4957 ព្រមទាំងជនសង្ស័យចំនួន៦នាក់បន្ថែមទៀត មិនទាន់ស្គាល់ឈ្មោះនោះទេ។
យោងតាមសម្ដីនារីរងគ្រោះបានប្រាប់ឲ្យដឹងថា ដំបូងឡើយរូបគាត់ទាំងពីរនាក់ បានជិះម៉ូតូចេញពីផ្សារជូរីផ្លាហ្សា ក្នុងគោលបំណងទៅចោមចៅ តាមបណ្ដោយមហាវិថីសហព័ន្ធរុស្សី ដោយកំពុងមើលទូរស័ព្ទដែលដាក់ឡូខេសិនមើលផ្លូវ ខណៈមកដល់ចំណុចកើតហេតុក៏លេចមុខជនសង្ស័យ ជិះម៉ូតូមកធ្វើសកម្មភាពឆក់ទូរស័ព្ទដៃបានសម្រេច ហើយបើករត់យ៉ាងលឿនទៅបាត់។
ប្រភពបន្តថា ភ្លាមៗនារីរងគ្រោះក៏បានប្រាប់សមត្ថកិច្ច ឲ្យតាមដានឡូខេសិន រហូតទៅដល់បន្ទប់ជួល របស់ជនសង្ស័យ ក៏ឃើញជនសង្ស័យកំពុងអង្គុយផឹកស៊ី សរុបចំនួន៧នាក់ ក្នុងនោះមានស្រីម្នាក់។ ពេលនោះសមត្ថកិច្ច ក៏បានឆែកឆេរបន្ទប់ជួល ឃើញកាបូបរបស់ជនរងគ្រោះ ដែលជនសង្ស័យឆក់កន្លងមកជាច្រើនកាបូប។
គួរបញ្ជាក់ផងដែរថា ក្នុងហេតុការណ៍ដែលចុះបង្ក្រាបជនសង្ស័យនេះក៏មានវត្តមាន លោកអធិការ យឹម សារ៉ាន់ ចុះមកបញ្ជាផ្ទាល់ នឹងឲ្យមន្ត្រីឃាត់ជនសង្ស័យចំនួន៧នាក់ យកទៅសួរនាំចាត់ការតាមនីតិវិធីច្បាប់៕