ខឹងឪពុកមិនឲ្យដើរលេងពេលយប់សម្រេចចិត្តចងកសម្លាប់ខ្លួន

នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ខែ​សីហា ឆ្នាំ២០១៩ មាន​ករណី​ចង​ក​សម្លាប់​ខ្លួន​ដោយ​ចង​ក​ខ្លួន​ឯង​នឹង​ខ្សែ​អង្រឹង​នៅ​ក្រោម​ជណ្ដើរ​ផ្ទះ​របស់​ខ្លួន បង្ក​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ជា​ខ្លាំង ដែល​មាន​ទី​តាំង​ស្ថិត​នៅ​ភូមិ​ទឹក​ល្អក់ ឃុំ​ទឹក​ហូត ស្រុក​រលាប្អៀរ ខេត្ត​កំពង់ឆ្នាំង។ បើ​តាម​ការ​ឲ្យ​ដឹង​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​មាន​ឈ្មោះ ងិន ស៊ីយ៉ា ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ រស់​នៅ​ក្នុង​ភូមិ ឃុំ​ខាង​លើ។

បើ​តាម​ការ​ឲ្យ​ដឹង​ពី​ឈ្មោះ ងិន ម៉ុន ត្រូវ​ជា​ឪពុក​បង្កើត​របស់​ជន​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា កាល​ពី​ថ្ងៃ​ទី​២៨ ខែ​សីហា ឆ្នាំ​២០១៩ រូប​គាត់​ជា​ឪពុក​បាន​ប្រៀន​ប្រដៅ​កូន​ឈ្មោះ ងិន ស៊ីយ៉ា ដែល​ជា​ជន​រង​គ្រោះ មិន​ឱ្យ​កូន​ដើរ​លេង​យប់​ព្រលប់ ព្រោះ​ខ្លាច​កូន​ដើរ​ជា​មួយ​និង​ជន​ពាល ឬ​ជួប​គ្រោះ​ថ្នាក់​ផ្សេងៗ ជា​ពិសេស​ខ្លាច​កូន​ធ្លាក់​ចូល​ក្នុង​សំណាញ់​គ្រឿង​ញៀន ដែល​ដឹក​នាំ​កូន​ឲ្យ​ចូល​ទៅ​ផ្លូវ​អាក្រក់​នោះ ដូច្នេះ​ហើយ​ក្នុង​នាម​គាត់​ជា​ឪពុក ក៏​ប្រៀន​ប្រដៅ​កូន​ដឹក​នាំ​កូន​ឲ្យ​ធ្វើ​ល្អ​ក្នុង​នាម​ជា​អាណាព្យាបាល។

ពេល​នោះ​ឈ្មោះ ងិន ស៊ីយ៉ា ក៏​បាន​ខឹង​នឹង​ឪពុក​នឹង​តប​ពាក្យ​សម្ដី​ទៅ​កាន់​ឪពុក​របស់​ខ្លួន​ដោយ​ក្នុង​ចិត្ត​គឺ​មិន​ពេញចិត្ត​ក្នុង​ការ​ប្រៀន​ប្រដៅ​របស់​ឪពុក​បង្កើត​នោះ​ឡើយ។ ប្រភព​ដដែល​បាន​បន្ត​ថា បន្ទាប់​ពី​ឈ្មោះ ងិន ម៉ុន ត្រូវ​ជា​ឪពុក​បង្កើត​របស់​ជន​រង​គ្រោះ ប្រៀន​ប្រដៅ​កូន​ប្រុស​រួច​ហើយ កូន​ប្រុស​របស់​គាត់​ត្រូវ​ជា​ជន​រង​គ្រោះ​នោះ ទៅ​ហូប​បាយ​ជា​មួយ​និង​បង​ប្អូន​នៅ​ល្ងាច​ថ្ងៃ​ដដែល​នោះ​ដូច​សព្វ​មួយ​ដង។

លុះ​ព្រឹក​ឡើង​ត្រូវ​នឹង​ថ្ងៃ​ទី​២៩ ខែ​សីហា ឆ្នាំ​២០១៩ នៅ​វេលា​ម៉ោង ៦:០០​ព្រឹក ឈ្មោះ​រាជ ដែល​ត្រូវ​ជា​ប្រជាពលរដ្ឋ​រស់​នៅ​ក្បែរ​គ្នា​នោះ គាត់​បាន​ចុះ​ពី​លើ​ផ្ទះ​ដើម្បី​បញ្ចេញ​ម៉ូតូ​រម៉ក​នៅ​ក្រោម​ផ្ទះ​របស់​គាត់ ក៏​ស្រាប់​តែ​ក្រលេកមើល​ឃើញ​ជន​រង​គ្រោះ​ឈ្មោះ ងិន ស៊ីយ៉ា ចង​ក​នឹង​ខ្សែ​អង្រឹង​នៅ​ក្រោម​ជណ្ដើរ​ផ្ទះ​របស់​ជន​រង​គ្រោះ​ផ្ទាល់។ ពេល​នោះ​គាត់​ក៏​បាន​ស្រែក​ហៅ​ឈ្មោះ ងិន ម៉ុន ដែល​ត្រូវ​ជា​ឪពុក​បង្កើត​របស់​ជន​រង​គ្រោះ​នោះ ដើម្បី​ឲ្យ​មក​មើល​កូន​គាត់។ ដោយ​ឃើញ​សភាព​បែប​នេះ​ឈ្មោះ ងិន ម៉ុន ក៏​បាន​ទាក់​ទង​ទៅ​សមត្ថកិច្ច​មូល​ដ្ឋាន​ដើម្បី​មក​ត្រួត​ពិនិត្យ​នូវ​ហេតុការណ៍​នោះ។

ក្រោយ​ទទួល​ដំណឹង សមត្ថកិច្ច​បាន​ចុះ​ទៅ​ដល់ ហើយ​បាន​ធ្វើ​កោសល្យវិច័យ​និង​ពិនិត្យ​មើល​ទៅ​លើ​សាកសព​ជន​រង​គ្រោះ ជា​មួយ​នឹង​ក្រុម​គ្រួសារ​ជន​រង​គ្រោះ បាន​បញ្ជាក់​និង​ឲ្យ​ឃើញ​ថា ជន​រង​គ្រោះ​ឈ្មោះ ងិន ស៊ីយ៉ា នោះ​ពិត​ជា​ស្លាប់​ដោយ​សារ​ធ្វើ​អត្តឃាត​ចង​ក​សម្លាប់​ខ្លួន​ឯង​ពិត​ប្រាកដ​មែន។ រួច​មក​សមត្ថកិច្ច​ក៏​បាន​ប្រគល់​សាកសព​ជូន​ក្រុម​គ្រួសារ ដើម្បី​ធ្វើ​បុណ្យ​តាម​ប្រពៃណី៕

ហាមលួចចម្លងអត្ថបទ​ពីវេបសាយ Morningfresh.news ដោយគ្មានការអនុញ្ញាត
error: ហាម​លួចចម្លង​អត្ថបទ​នេះ!