ថ្ងៃឈប់សម្រាក់ក្នុងឆ្នាំ២០២០ ត្រូវបានកាត់បន្ថយអស់ ៦ថ្ងៃ តែថ្ងៃចូលឆ្នាំខ្មែរកើនដល់៤ថ្ងៃ

យោង​តាម​អនុក្រឹត្យ​ស្តី​ពី​ប្រតិទិន​ឈប់​សម្រាក​ការងារ​របស់​មន្ត្រីរាជការ និយោជិត កម្មករ​ប្រចាំ​ឆ្នាំ​២០២០​ ចេញ​នៅ​ថ្ងៃ​ទី​០២ ខែ​សីហា ឆ្នាំ​២០១៩ បាន​សម្រេច​ថា ក្នុង​ឆ្នាំ​២០២០ ពិធី​បុណ្យ​មួយ​ចំនួន​ត្រូវ​បាន​កាត់​បន្ថយ​ថ្ងៃ​ឈប់​សម្រាក ក្នុង​នោះ​រួម​មាន ព្រះ​រាជ​ពិធី​បុណ្យ​ចម្រើន​ព្រះ​ជន្ម​ព្រះ​មហាក្សត្រ​ខ្មែរ ព្រះ​ករុណា ព្រះ​បាទ​សម្តេច ព្រះ​បរមនាថ នរោត្តម សីហមុនី ត្រូវ​បាន​កាត់​បន្ថយ​ចំនួន​២​ថ្ងៃ ពោល​ថ្ងៃ​ឈប់​សម្រាក​នៅ​សល់​តែ០១​ថ្ងៃ​ប៉ុណ្ណោះ។ ឯ​ពិធី​បុណ្យ​ជាតិ និង​អន្តរ​ជាតិ​ចំនួន ​៥​ផ្សេង​ទៀត មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ឈប់​សម្រាក​ទៀត​នោះ​ឡើយ។

ពិធី​បុណ្យ​ទាំង ​៥​នោះ រួម​មាន​៖ បុណ្យ​មាឃ​បូជា ទិវាជាតិនៃការចងចាំ (២០ឧសភា) ទិវា​កុមារ​អន្តរជាតិ (១មិថុនា) ទិវា​រំលឹក​ខួប​នៃ​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទី​ក្រុង​ប៉ារីស (២៣តុលា) និង​ទិវា​សិទ្ធិមនុស្ស​ (១០​ធ្នូ)។ ថ្ងៃ​ឈប់​សម្រាក​​មាន​ចំនួន ២៨​ថ្ងៃ​ធៀប​នឹង​ឆ្នាំ ២០១៩ ហើយ​ឆ្នាំ ២០២០ មាន​ត្រឹម ២២​ថ្ងៃ កាត់​បន្ថយ​អស់ ៦​ថ្ងៃ។ ចំពោះ​ក្រសួង​ស្ថាប័ន​មាន​ភារកិច្ច​អន្តរជាតិ​ត្រូវ​រក្សា​មន្ត្រី​ប្រចាំ​ការ​ជា​អចិន្ត្រៃយ៍​សម្រាប់​ដោះ​ស្រាយ​ការងារ។ បទប្បញ្ញត្តិ​ទាំង​ឡាយ​ណា​ដែល​ផ្ទុយ​ពី​អនុក្រឹត្យ​នេះ​ត្រូវ​ចាត់​ទុក​ជា​និរាករណ៍។ រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្តីការ​គណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រី​គ្រប់​ក្រសួង ស្ថាប័ន​អភិបាល​នៃ​គណៈ​អភិបាល រាជ​ធានី​និង​ខេត្ត ត្រូវ​អនុវត្ត​អនុក្រឹត្យ​នេះ​ចាប់​ពី​ថ្ងៃ​ចុះ​ហត្ថលេខា​នេះ​ត​ទៅ។

​គួរ​រម្លឹក​ថា ​មុន​ចេញ​ប្រតិទិន​ឈប់​សម្រាក​​ឆ្នាំ ២០២០ ​ជា​ផ្លូវ​ការ ​លោក​នាយក​រដ្ឋ​មន្ត្រី​ធ្លាប់​លើក​ឡើង​ពី​គម្រោង​នេះ​កាល​ពី​ថ្ងៃ​២៧ ​ខែមីនា ឆ្នាំ២០១៩ កន្លង​ទៅ​ដែល​បាន​អញ្ជើញ​ជាអធិបតី​បិទ​សន្និបាត​បូកសរុប​ការងារ​ឆ្នាំចាស់​ឆ្នាំ២០១៨ និង​លើក​ទិសដៅ​ការងារឆ្នាំថ្មី​ឆ្នាំ២០១៩ របស់​ក្រសួង​អប់រំ យុវជន ​និងកីឡា។

កាល​ណោះ​សម្តេច​មាន​គម្រោង​កាត់​បន្ថយ​ថ្ងៃ​ឈប់​សម្រាក​ខ្លះ ​និង​ចង់​បង្វិល​ថ្ងៃ​ឈប់​សម្រាក​​មាន​រយៈ​ពេល​១ថ្ងៃ​ ដោយ​ត្រូវ​ធ្វើ​ការ​ធម្មតា ​រួចយក​ថ្ងៃ​ឈប់​សម្រាក​តូច​ៗ​នេះ ​ទៅ​បូក​ជាមួយ​ថ្ងៃ​ឈប់​សម្រាក​បុណ្យ​ធំៗ​​ដូច​ជា​ ចូល​ឆ្នាំ​ថ្មី និង​ភ្ជុំបិណ្ឌ​វិញ ដើម្បី​ឲ្យ​កម្មករ​ នយោជិត ​បាន​ឈប់​សម្រាក​ច្រើន​ថ្ងៃ ​ទៅ​លេង​ស្រុក ឬ​ដើរ​លំហែរ​បាន​យូរ ហើយ​ករណី​មួយ​ទៀត​លោក​ថា កម្ពុជា​ជា​ប្រទេស​ក្រីក្រ ខណៈ​ប្រទេស​អភិវឌ្ឍ​ធំ​ៗ​មាន​ថ្ងៃ​ឈប់​តិច​ជាងកម្ពុជា​ពីរ ឬ​បី​ដង​ឯណោះ។

សម្ដេច​បាន​លើក​ឧទាហរណ៍​ដូច​ជា ប្រទេស​សិង្ហបុរី​ មាន​ថ្ងៃឈប់​សម្រាក​តែ ១១ថ្ងៃ​ប៉ុណ្ណោះ​ក្នុងមួយ​ឆ្នាំ ខណៈ​កម្ពុជា​មាន​ពី ២៨ថ្ងៃ ទៅ​៣០​ថ្ងៃ។ ជាមួយ​នឹង​ថ្ងៃ​ឈប់​ដ៏ច្រើននេះ សម្តេច ហ៊ុន សែន ក៏បាន​បង្ហាញ​ក្តីបារម្ភ​ផងដែរ​ចំពោះ​ការដកខ្លួន​របស់​អ្នកវិនិយោគ​ចេញពីកម្ពុជា​ «ដូច្នេះ សុំ​ការ​យោគយល់​អាធ្យាស្រ័យ បើមិន​អ៊ីចឹង អ្នករកស៊ី​ទាំងអស់ រត់​ចោលយើង ដោយ​សារតែម្ខាង ទារឡើងប្រាក់ខែ ម្ខាង​ទៀត​ឈប់សម្រាក​កាន់​តែ​ច្រើន»​។

យ៉ាងណា​មិញ សម្តេច​បាន​ផ្តល់​អនុសាសន៍​ណែនាំ​ដល់​កម្មករ-និយោជិត​ថា គួរ​កុំឈប់​នៅថ្ងៃបុណ្យ​ឈប់​សម្រាក​ដែលមាន​តែ​១ថ្ងៃ ពោលគឺ​ត្រូវ​សន្សំ​ទុក​ឈប់​សរុប នៅថ្ងៃ​បុណ្យធំៗ​ដូចជា បុណ្យ​ចូលឆ្នាំ​ខ្មែរ និង​បុណ្យភ្ជុំបិណ្ឌ​ជាដើម ដើម្បី​អាច​ទៅលេង​ស្រុក​កំណើត​បាន​យូរ​ថ្ងៃ ​ព្រោះ​បើ​ឈប់​សម្រាក​មួយ​ថ្ងៃ មិន​អាច​ទៅ​លេង​ស្រុក​បាន​ដដែល៕ អត្ថបទ៖និស្ស័យ

ហាមលួចចម្លងអត្ថបទ​ពីវេបសាយ Morningfresh.news ដោយគ្មានការអនុញ្ញាត
error: ហាម​លួចចម្លង​អត្ថបទ​នេះ!