ខំលាក់ថារូបកាត់តរហូតគណៈសង្ឃជឿស្លុង ឥឡូវនាងទម្លាយខ្ទេចខ្ទី ក្រោយសឹកហើយមិនទទួលខុសត្រូវ

ក្រោយ​ពី​បែកធ្លាយ​ស្នេហា​ផ្អែម​ល្អែ​ម​របស់អតីត​​សង្ឃ​​​ វ៉ា​ន​ វ​ន្នី​ ចៅអធិការ​វត្ត​ពោធិ៍​ចិន​តុង​ រាជធានី​ភ្នំពេញ​ ជាមួយ​ស្រី​ស្នេហ៍​ បាន​ធ្វើ​ឱ្យ​អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម​ចែករំលែក​យ៉ាងច្រើន​ និង​រិះគន់​យ៉ាង​ចាស់ដៃ​ ដែល​ធ្វើ​ឲ្យ​អាប់អោន​ដល់​តម្លៃ​នៃ​ព្រះពុទ្ធ​សាសនា​ ជា​សាសនា​របស់​រដ្ឋ​ ។​

កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៤​ ខែមិថុនា​ ឆ្នាំ​២០១៩​ លោក​ សេង​ សុ​មុនី​ អ្នកនាំពាក្យ​ក្រសួង​ធម្មការ​និង​សាសនា​ បាន​ប្រាប់​សារព័ត៌មាន​ថា​លោក​បាន​ទទួល​ដំណឹង​នេះ​ហើយ​ ដោយពេល​នេះ​ លោក​បាន​ចាត់​ឲ្យ​ជំនាញ​ចុះ​ស្រាវជ្រាវ​ ថា​ ពិតជា​មានរឿង​បែប​នេះ​ កើតឡើង​ឬ​យ៉ាងណា។

ស្រាប់​តែ​នៅ​ព្រឹក​ថ្ងៃទី​២៥ ខែ​មិថុនា ឆ្នាំ២០១៩ ព្រះចៅ​អធិការវត្តពោធិ៍​ចិន​តុង​ខាង​លើ​ បាន​គេច​ព្រះ​កាយ​ពីវត្តបាត់​​។ ការបាត់​ព្រះកាយ​ព្រះអង្គ បាន​កើតឡើង​ក្រោយពេល​ដែល​អាជ្ញាធរ និងមន្ដ្រីជំនាញ​បាន​បើក​ការ​ប្រជុំបន្ទាន់​មួយ ក្រោយ​មានការបែក​ធ្លាយរូបភាព​មិនប្រក្រតី នៅ​លើបណ្តាញ​សង្គម​ហ្វេសប៊ុក ពាក់ព័ន្ធ​នឹងព្រះចៅ​អធិការវត្ត​ពោធិ៍ចិនតុង និង​ស្រីស្នេហ៍។ កិច្ចប្រជុំ​នេះ​បានធ្វើ​ឡើង​ក្រោម​អធិបតីភាព ព្រះ​ធម្មបញ្ញាមុនី សែម សុភា ព្រះអនុគណ​ស្តីទីខណ្ឌ​ពោធិ៍​សែនជ័យ ដោយ​បាននិមន្ត​និង​អញ្ជើញ មន្ត្រីសង្ឃ ​និង​ភាគីពាក់ព័ន្ធ នៅសាលា​អនុគណខណ្ឌ​ពោធិ៍សែនជ័យ។

នៅក្នុង​កិច្ច​ប្រជុំ​ខាង​លើ​ អតីត​អធិការ​វត្តពោធិ៍​ចិនតុង និង​ស្រ្តីដែល​ឃើញនៅ​ក្នុងរូបថត​ជាមួយ​ព្រះអង្គ បាន​បដិសេធ​ដូច​គ្នាថា ជា​រូបកាត់​ត ​ហើយ​មន្ត្រី​សង្ឃ​ចេញ​កំណត់​ហេតុ​គាំ​ទ្រ​ថា​ជា​រូប​កាត់​ត តែ​​មជ្ឈដ្ឋានជា​ច្រើនមិន​បាន​ជឿនោះ​ឡើយ។ ក្រោយ​មានកិច្ច​ប្រជុំនេះ ស្រាប់​តែ​នៅ​ព្រឹក​បន្ទាប់​ ក៏បាត់​ព្រះកាយ​ព្រះអង្គ​តែម្តង ដូច្នេះ​ត្រូវបាន​ពុទ្ធបរិស័ទ​ដាក់ការ​សង្ស័យ​យ៉ាងច្បាស់​ថា រឿងដេក​នៅលើគ្រែជាមួយ​ស្រីស្នេហ៍នោះ គឺពិត​ជាកើត​ឡើង​មែន។​

​ទោះ​យ៉ាង​ណា នៅ​ថ្ងៃ​ទី ៥ សីហា​នេះ ​ស្រី​ស្នេហ៍​ខាង​លើ​ដែល​ខំ​លាក់​បាំង​រឿង​នេះ ​បែរ​ជា​ប្ដូរ​ចិត្ត ១៨០​ដឺក្រេ បង្ហាញ​ការ​ពិត​ឲ្យ​មហាជន​ជ្រាប​ច្បាស់​ដោយ​អះ​អាង​ថា ជា​រូប​ថត​ពិត ​ហើយ​ខ្លួន​មាន​ទំនាក់​ទំនង​ស្នេហា​ជា​មួយ​អតីត​ចៅ​អធិការ​ខាង​លើ រហូត​ធ្លោយ​មាន​ផ្ទៃ​ពោះ​ទៀត។ ​ការ​លាត​ត្រដាង​ឲ្យ​មហាជន​បាន​ដឹង​នេះ ​បន្ទាប់​ពី​អតីត​ចៅធិការ វ៉ាន វន្នី សឹក​រួច​រាល់​ហើយ ​បែរ​ជា​មិន​ព្រម​ទទួល​ស្គាល់​នាង និង​មិន​ទទួល​ខុស​ត្រូវ​នូវ​អ្វី​ដែល​បាន​ប្រព្រឹត្ត​ចំពោះ​រូប​នាង។

នាង​បាន​សរសេរ​នៅ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​ដោយ​ចំហរ​ឥត​លាក់​លៀម​ថា «​អូន​ជាអ្នក​ទិញ​ឲ្យ​បង បង​ថា​ស្រឡាញ់​អាវហ្នឹង​ ឆាត​ឲ្យ​អូន​ទិញ​ឲ្យ តែឥ​ឡូវម៉េច​ក៏បង​ធ្វើដាក់​អូន​ចឹង​ អូនលែង​មានន័យ​សម្រាប់​បង​ហើយ អរ​គុណ​គ្រប់យ៉ាង​សំរាប់​ការ​បោក​ប្រាស់ ​អរ​គុណព្រហ្ម​លិខិត​ដែល​ធ្វើ​បាប​ខ្ញុំ កំសត់​កំរ​ជាមួយ​គ្នាជិត​មួយឆ្នាំ​មាន​ទាំងផ្អែម​បាន​ទាំង​ជូរចត់ ​ដោះ​ស្រាយ​បញ្ហា​ជាមួយ​គ្នា ពេល​ចប់រឿង​បាន​សឹក​ បងបោះ​បង់អូន​ចោល ព្រោះ​ជឿគ្រួសា​របង អរ​គុណ​មេរៀន​ជីវិត។

ថ្ងៃនេះ​ហើយ​បាន​ដឹង​ការ​ពិត​ហើយ​ជា​ថ្ងៃដែល​ឈឺ​បំផុត​សំរាប់​ខ្ញុំ​ ពេល​បាន​ជួប​គ្រួសារ​បង​ផ្ទាល់ គ្រួសារ​បង​មិនស្វាគម៍ខ្ញុំ បង​មិន​ចេញ​មក​ជួប​ខ្ញុំ អ្នក​ស្គាល់​បង មិត្ដភ័ក្ដ​បងគេ​សុទ្ធ​តែដឹង​ថា យើង​ស្រឡាញ់​គ្នា មាន​តែបង​និង​គ្រួសារ​បងទេ​ថា មិនធ្លាប់​ស្គាល់​ខ្ញុំ ខ្ញុំ​នៅ​ចាំ​បាន​ទាំង​អស់​រឿសប្បាយ និ​ង​ជូចត់ ខួប​កំណើត​ខ្ញុំបង​ជាអ្នក​ធ្វើ​ឲ្យ​ខួប​កំណើត​បង​ខ្ញុំជាអ្នក​ធ្វើឲ្យ​បង។

ថ្ងៃ​ដែលអូន​ចេញពី​ពេទ្យវិញ ជាថ្ងៃ​អូន​ឈឺចាប់​បំផុត​ បង​ជាអ្នក​មើលថែ​ខ្ញុំ បង​ថាបង​សូមទោល​ដែល​បង​ឈឺ​ជំនួស​ខ្ញុំមិន​បាន បង​សន្យាថា​នឹង​មិនចោល​ខ្ញុំគ្រប់​ពេល ព្រោះ​យើង​ធ្លាប់កំសត់​កំរ​នឹង​គ្នា។ ​បងតែង​តែ​ប្រាប់ខ្ញុំ​ថា នឹង​សាង​គ្រួសារ​រួមគ្នា​ យើង​នឹង​មានបុត្រ​ជាមួយ​គ្នាម្ដង​ទៀត​មិនដូច​លើក​នេះ​ឡើយ។ ថ្ងៃដ៏​សែនចង់​ចាំ​បំផុត​នៅ​ពេល​មួយ​បង​បាន​អះអាង​ថា បងនឹង​មិនចោល​ខ្ញុំនៅ​មុខ​គេគ្រប់​គ្នា​ តែ​នៅថ្ងៃនេះ​បងបាន​បោះបង់​ខ្ញុំចោល​ពិត​មែន​ហើយ បង​ស្បថ​បំពាន​ខ្លួន​ឯង​ 17 / 7/ 2019 ចង់លុះ​ថ្ងៃ​ស្លាប់»៕ អត្ថបទ៖​ជាតិបុត្រ

ហាមលួចចម្លងអត្ថបទ​ពីវេបសាយ Morningfresh.news ដោយគ្មានការអនុញ្ញាត
error: ហាម​លួចចម្លង​អត្ថបទ​នេះ!