បើឈឺធ្មេញមានសភាពហើមមុខ ឬ​លឹបភ្លែក ប្រញាប់ជួបគ្រូពេទ្យបន្ទាន់ ព្រោះអាចជួបទុក្ខធំ

នៅ​ពេល​លោកអ្នក​ឈឺធ្មេញ​ហើយ​មានស​ភាព​ហើមមុខ ​លឹប​ភ្នែក ឬហើម​តំបន់​ក្រោម​ឆ្អឹងថ្គាម ​ឬចង្កា ដែល​ប៉ះពាល់ និង​ពិបាក​ដល់ការ​លេប​ចំណី​អាហារ ឬទឹក​មាត់ (មានន័​យថាប៉ះ​ពាល់​ដល់​ផ្លូវដក​ដង្ហើម) សូម​ប្រញាប់​មកជួប​ទន្តបណ្ឌិត ឬគ្រូ​ពេទ្យជំនាញ​​ ព្រោះអ្នក​ជំងឺអាច​ស្លាប់​បាន ប្រសិន​បើមិន​ទទួល​ការ​ព្យាបាល​បាន​ត្រឹមត្រូវ​។

១) ​មូល​ហេតុ​ធំៗ និង​សំខាន់ៗ៖ ការ​បង្ក​រោគ​ចុងឬស​ធ្មេញ​ស្រួចស្រាវ ដោយ​សារ​ការ​ងាប់​បណ្ដូល​ធ្មេញ ឬការ​ព្យាបាល​រន្ធឬស​ធ្មេញ​មិន​បានត្រឹមត្រូវ។ ជំងឺ​រលាក​ជាលិកា​ជុំវិញ​ធ្មេញ​ដែល​បង្ក​ជាខ្ទុះ។ ការ​រលាក​សាច់​ដែល​គ្រប​ពីលើ​ធ្មេញថ្គាម​ទាល់​ខាង​ក្រោម​ដែល​ដុះ​ចេញ​មក។ ការ​ប្រើប្រាស់​ឧបករណ៍​មិនស្អាត (មិន​បាន​សំលាប់​មេរោគ​ឲ្យបាន​ត្រឹមត្រូវ)។

២)​កត្តា​បង្ក​គ្រោះ​ថ្នាក់​ដល់​អាយុ​ជីវិត៖ ​ប្រសិន​បើមិន​ព្យាបាល​ឲ្យទាន់​ពេល​វេលា​ទេ​នោះ​ មេរោគ (Bacteria) ដែល​បង្ក​ឲ្យមាន​ការករខ្ទុះ​អាច​រីករាល​ដាល​ពីតំបន់​ធ្មេញ​ទៅកាន់​តំបន់​ផ្សេងៗ​ទៀត​ដូចជា៖​ ផ្នែក​ធ្មេញ​ខាង​លើៈ នាំឲ្យ​ហើម​មុខជុំវិញ​ភ្នែក រួច​ឆ្លងចូល​ទៅតំបន់​ Cavernous Sinus ​និងអាច​ឆ្លងចូល​ទៅកាន់​ខួរ​ក្បាល។ ផ្នែក​ធ្មេញ​ខាង​ក្រោម៖​ នាំឲ្យ​ហើម​តំបន់​ក្រោម​ចង្កា និង​តំបន់​ឆ្អឹងថ្គាម​ក្រោម (ធ្វើឲ្យ​ពិបាក​លេខ​ទឹក​មាត់ និង​ស្ទះ​ផ្លូវ​ដង្ហើម) ហើយ​អាចរីក​រាលដាល​ដល់​តំបន់​ទ្រូង (Mediastinum) និង ​Infective ​Endocarditis។ មួយវិញ​ទៀត​មេរោគ​អាចចូល​ទៅក្នុង​ឈាម​ដោយ​ផ្ទាល់ (Septicemia)។

៣) ការ​ព្យាបាល៖ ការ​ព្យាបាល​អាចធ្វើ​ទៅតាម​ដំណាក់​កាល​ដូច​ខាង​ក្រោម៖ ធ្វើការ​ចោះ​បង្ហូរ​ខ្ទុះរួច​លាង​សំអាត​ឲ្យ​ត្រឹមត្រូវ។ ការ​យកខ្ទុះ​ទៅ​វិភាគ​រក​មេរោគ ​និង​ការ​ប្រើប្រាស់​ថ្នាំ​ត្រឹមត្រូវ​។ យក​មូល​ហេតុ​ដែល​បង្ករោគ​ចេញ​ ដោយ​ការ​ព្យាបាល​ធ្មេញ ឬដក​ធ្មេញ​នោះ​ចេញ​តែម្តង​។ ការ​ប្រើប្រាស់​ថ្នាំ។ ក្នុង​ករណី​ធ្ងន់ធ្ងរ​ត្រូវ​សម្រាក​ព្យាបាល​នៅមន្ទីរ​ពេទ្យ។

៤) ​អនុសាសន៍​ និង​ការ​ការពារ៖ ​សូម​ជួប​ជាមួយ​ទន្ត​បណ្ឌិត ឬ​គ្រូពេទ្យ​ជំនាញ​ពេល​លោក​អ្នក​មាន​បញ្ហា​ធ្មេញ ឬហើម​មុខ​មាត់ ជៀសវាង​ការ​ប្រើប្រាស់​ថ្នាំ​ដោយ​ខ្លួន​ឯង។ ​បញ្ហា​មាត់​ធ្មេញ​អាច​បង្ក​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត សូម​មក​ជួប​ជាមួយ​ទន្ត​បណ្ឌិត ជា​រៀង​រាល់ ​៦ខែ​ម្តង ដើម្បី​ពិនិត្យ​សុខភាព​មាត់ធ្មេញ​លោក​អ្នក៕ ប្រភព៖​មន្ទីរ​ពេទ្យ​កាល់ម៉ែត

ហាមលួចចម្លងអត្ថបទ​ពីវេបសាយ Morningfresh.news ដោយគ្មានការអនុញ្ញាត
error: ហាម​លួចចម្លង​អត្ថបទ​នេះ!