បុរសឥណ្ឌូនេស៊ីដើរថយក្រោយ៨០០គីឡូ ដើម្បីជួបប្រធានាធិបតីក្នុងគោលបំណង​​មិននឹកស្មានមួយ(មានវីដេអូ)

បុរស​ជនជាតិ​ឥណ្ឌូនេស៊ី​ម្នាក់​ កំពុង​ធ្វើ​ឲ្យ​សារព័ត៌មាន​ដាក់​ចំណង​ជើង​ចុះ​ផ្សាយស្ទើរ​​ជុំ​វិញ​ពិភពលោក​ ដោយ​សារ​តែ​​​ការ​ដើរ​ថយ​ក្រោយ​ដ៏​វែង​ឆ្ងាយ ដើម្បី​​ប្រាប់​​សំណើរ​មួយ​ទៅ​កាន់​​ប្រធានាធិបតី​របស់​ខ្លួន។ បុរស​រូប​នេះ​អាយុ ៤៣​ឆ្នាំ មាន​ឈ្មោះ Medi Bastoni កំពុង​ដើរ​ថយ​ក្រោយ​នូវ​​ចម្ងាយ​ផ្លូវ​ប្រហែល ៨០០ គីឡូម៉ែត្រ​ពី​ភូមិ​របស់​គាត់ នៅ​ប៉ែក​ខាង​កើត​នៃ​ខេត្ត Java ដើម្បី​ទៅ​កាន់​រដ្ឋធានី​ហ្សាកាតា ដើម្បី​ជួប​ប្រធានាធិបតី។

លោក Bastoni បាន​ចាក​ចេញ​ពី​ផ្ទះ​នៅ​ភូមិ​ Dono នៅ​ប៉ែក​ខាង​លិច​នៃ​ខេត្ត​ Java កាល​ពី​ថ្ងៃ​ទី​១៨ ខែ​កក្កដា ឆ្នាំ​២០១៩​កន្លង​ទៅ ហើយ​បាន​សម្រេច​ទៅ​ដល់​វិមាន​ប្រធានាធិបតី​ក្នុង​ទីក្រុង​ហ្សាកាតា​ដើម្បី​ឲ្យ​ទាន់​ពេល ដើម្បី​អបអរ​សាទរ​ទិវា​ឯករាជ្យ ៧៤​ឆ្នាំ​របស់​ប្រទេស​ឥណ្ឌូនេស៊ី​នៅ​ថ្ងៃ​ទី ​១៧ ខែ​សីហា ខាង​មុខ​ រួម​ជា​មួយ​ប្រធានាធិបតី Joko Widodo។

គោល​ដៅ​សំខាន់​នៃ​ការ​ខិត​ខំ​ប្រឹង​ប្រែង​តែ​មួយ​គត់​របស់​គាត់ គឺ​សុំ​ឱ្យ​ប្រធានាធិបតី​ឥណ្ឌូនេស៊ី​ផ្ដល់​គ្រាប់​ពូជ​ដើម​ឈើ​ជានិមិត្តរូប ដើម្បី​យក​ទៅ​ដាំ​នៅ​ក្នុង​ព្រៃ​​លើ​ភ្នំ Wills ជិត​ភូមិ​របស់​គាត់ ដើម្បី​បង្កើន​ការ​យល់​ដឹង​អំពី​ការ​អភិរក្ស​ព្រៃ​ទឹក​ភ្លៀង។ លោក​អះអាង​ថា ​សកម្មជន​កំពុង​ធ្វើសកម្មភាព​ដើម្បី​ការពារ​បរិស្ថាន​រួច​ហើយ ប៉ុន្តែ​កាយ​វិការ​ជា​និមិត្ត​រូប​របស់​ប្រធានាធិបតី​នឹង​ជំរុញ​កិច្ច​ខិតខំ​ប្រឹង​ប្រែង​របស់​ពួក​គេ​ឱ្យ​កាន់​តែ​ខ្លាំង​ថែម​ទៀត។ ហើយ​គោល​បំណង​​ត្រូវ​ដើរ​ថយ​ក្រោយ​៨០០​គីឡូម៉ែត្រ​ គឺ​គ្រាន់​តែ​ចង់​ជួប​ថ្នាក់​ដឹង​នាំ​ឥណ្ឌូនេស៊ី​តែ​ប៉ុណ្ណោះ។

លោក Medi Bastoni មាន​គំរោង​ដើរ​ចម្ងាយ ​៣០​គីឡូ​ម៉ែត្រ​ក្នុង​មួយ​ថ្ងៃ ហើយ​លោក​កំពុង​ពាក់​ឧបករណ៍​ធ្វើ​ពី​ដែក​ជា​មួយ​កញ្ចក់​ដែល​អាច​ឲ្យ​គាត់​មើល​ឃើញ​ពី​អ្វី​នៅ​ខាង​ក្រោយ ហើយ​អាច​ឲ្យ​គាត់​ទៅ​ទី​កន្លែង​ណា​ដែល​គាត់​ចង់​ទៅ។ គាត់​ស្ពាយ​របស់របរ​មាន​ទម្ងន់ ​៨​គីឡូក្រាម​នៅ​ខាង​ក្រោយ​ខ្នង​របស់​គាត់​ មាន​តំលៃ​ត្រឹម​ ២១$​ប៉ុណ្ណោះ ហើយ​គាត់​នឹង​ពឹង​ផ្អែក​លើ​សេចក្តី​សប្បុរស​ជន​តាម​ផ្លូវ​​​ផ្ដល់​ជា​ម្ហូប​ អាហារ ​ទឹកខ្លះ ដើម្បី​ទៅ​ដល់​គោល​ដៅ​របស់​គាត់។

បុរស​អ្នក​ដើរ​ថយ​ក្រោយ​បាន​បន្ថែម​ថា ​ក្នុង​ដំណើរ​ដ៏​វែង​ឆ្ងាយ​នេះ​លោក​សម្រាក​នៅ​តាម​វិហារ​អ៊ិស្លាម ស្ថានីយ​ប៉ូលិស និង​ប៉ុស្តិ៍​សន្តិសុខ។ លោក​មាន​គំរោង​សុំ​អាហារ​អ្នក​លក់​ដែល​មាន​ចិត្ត​ល្អ​តាម​ចិញ្ចើម​ថ្នល់។ ថ្លែង​ទៅ​កាន់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឥណ្ឌូនេស៊ី លោក Medi Bastoni បាន​ពន្យល់​ថា ដំណើរ​ចម្ងាយ ៨០០ គីឡូ​ម៉ែត្រ ដើម្បី​ទៅ​ជួប​ប្រធានាធិបតី​ប្រទេស​ឥណ្ឌូនេស៊ី​គឺ​ជា​មធ្យោបាយ​និមិត្ត​រូប​នៃ​ការ​ក្រឡេក​មើល​ទៅ​ក្រោយ ​និង​ចង​ចាំ​ពី​វីរបុរស ដែល​បាន​តស៊ូ​ដើម្បី​ប្រជាជាតិ​កោះ​នេះ ក៏​ដូច​ជា​ការ​ផ្តល់​កិត្តិយស​ដល់​មាតុ​ភូមិ​របស់​គាត់ផងដែរ៕(ប្រែ​សម្រួល៖និស្ស័យ Morning Fresh)


ហាមលួចចម្លងអត្ថបទ​ពីវេបសាយ Morningfresh.news ដោយគ្មានការអនុញ្ញាត
error: ហាម​លួចចម្លង​អត្ថបទ​នេះ!