ស្នងការខេត្តកំពង់ស្ពឺស្រាយបំភ្លឺ ការផ្អាកអធិការរងស្រុកភ្នំស្រួចថា មិនពាក់ព័ន្ធការបង្ក្រាបក្លឹបប៉ះអ្នកធំទេ

ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​កំពង់​ស្ពឺ សូម​គោរព​អនុញ្ញាត​ជម្រាប​ជូន​សាធារណៈ​ជន​ អស់​លោក​លោក​ស្រី អ្នកសារព័ត៌មាន និង​អ្នក​និយម​លេង​បណ្ដាញ​សង្គម​ទាំង​អស់​មេត្តា​ជ្រាប​ថា៖ ថ្មីៗ​នេះ​ មាន​សារព័ត៌មាន បណ្ដាញ​សង្គម​ហ្វេសប៊ុក មួយ​ចំនួន​បាន​ចុះ​ផ្សាយ​និង​លើក​យក​ករណី​លោក​អនុ​សេនីយ៍​ឯក​ អ៊ឹង ឡាយឆាយ អតីត​អធិការ​រង នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំស្រួច ទទួល​​ផ្នែក​គ្រឿង​ញៀន​ថា​បាន​បង្ក្រាប​ទីតាំង​មួយ​កន្លែង​នៅ «ក្លឹប​កម្សាន្ត​រាត្រី​ គិរីរម្យ» ស្ថិត​ក្នុង​ភូមិ​ទី១ ឃុំ​ត្រែង​ត្រយឹង ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ រួច​ត្រូវ​បាន​ថ្នាក់​លើ​ដក​តំណែង​ឲ្យ​មក​ធ្វើ​ការ​នៅ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​កំពង់​ស្ពឺ(ការិយាល័យ​បុគ្គលិក)ដើម្បី​ត្រួត​ពិនិត្យ។

ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​កំពង់​ស្ពឺ​ សូម​ធ្វើ​ការ​បញ្ជាក់​ជូន​ថា ករណី​បង្ក្រាប​គ្រឿង​ញៀន​នៅ​ក្លឹប​កម្សាន្ត​រាត្រី គិរីរម្យ ជា​របស់​លោក​ស្រី ទិត្យ ស៊ីណាត នោះ​គឺ​ជា​គោល​ការណ៍​របស់​គណៈកម្មាធិការ​លុប​បំបាត់​គ្រឿង​ញៀន​ថ្នាក់​ជាតិ ដែល​មាន​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយក​រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ ជា​ប្រធាន​ប្ដេជ្ញា​លុប​បំបាត់​ឲ្យ​អស់​នូវ​ការ​ប្រើ​ប្រាស់​គ្រឿង​ញៀន​នៅ​តាម​ក្លឹប​កម្សាន្ត​នានា​ទូទាំង​ប្រទេស ក្នុង​ឆ្នាំ​២០១៩។

ហើយ​កិច្ច​ប្រតិបត្តិ​ការ​នោះ​គឺ​ធ្វើ​ឡើង​ដោយ​មាន​ការ​ដឹក​នាំ​ពី​លោក ខៃ​ សម្ជស្ស ព្រះរាជអាជ្ញា​រង អយ្យការ​អម​សាលា​ដំបូង​ខេត្ត​កំពង់ស្ពឺ ឯក​ឧត្ដម​ សរ សុពុត្រា អភិបាល​​រង​ខេត្ដ និង​ជា​ប្រធាន​លេខាធិការដ្ឋាន​ត្រួត​ពិនិត្យ​គ្រឿង​ញៀន​ខេត្ត ព្រម​ទាំង​ចូល​រួម​ពី​លោក​ឧត្ដម​សេនីយ៍​ទោ សម សាមួន ស្នងការ​នគរបាល​ខេត្ត និង​មន្ត្រី​ជំនាញ អាជ្ញាធរ​ពាក់​ព័ន្ធ​មួយ​ចំនួន​ទៀត។

បច្ចុប្បន្ន​ទីតាំង​ក្លឹប​កម្សាន្ត​រាត្រី​គិរីរម្យ ត្រូវ​បាន​អាជ្ញាធរ​មាន​សមត្ថកិច្ច រក​ឃើញ​ថា​បាន​ផ្ដល់​ឲ្យ​មាន​ការ​ប្រព្រឹត្តិ​បទ​ល្មើស ប្រើ​ប្រាស់​គ្រឿង​ញៀន និង​បាន​ឃាត់​ខ្លួន​មនុស្ស​២​នាក់​បញ្ជូន​ទៅ​កាន់​តុលា​ការ​ដើម្បី​ចាត់​ការ​ បិត​ក្លឹប​ជា​បណ្ដោះអាសន្ន​រង់​ចាំ​មាន​ចំណាត់​ការ​នីតិវិធី​ជា​ថ្មី។ ចំពោះ​រឿង​រ៉ាវ​របស់​លោក​អនុ​សេនីយ៍ឯក​ អ៊ឹង ឡាយឆាយ គឺ​មិន​ជាប់​ពាក់​ព័ន្ធ​នឹង​ករណី​ខាង​លើ​ឡើយ ការ​ដក​មុខ​តំណែង​ដើម្បី​ត្រួត​ពិនិត្យ​នោះ​គឺ​ជា​រឿង​បុគ្គល​ផ្ទាល់​ខ្លួន ការ​បង្ក្រាប​ក្លឹប​​​កម្សាន្ត​គិរីរម្យ​មិន​មាន​ឥទ្ធិពល​អ្នក​មាន​អំណាច​ ឬ​ជា​របស់​អ្នក​ធំ​ណា​មួយ​ឡើយ។

ក្លឹប​នោះ​គឺ​ជា​កម្មសិទ្ធិ​បុគ្គល​ឯក​ជន​ឈ្មោះ​ ទិត្យ ស៊ីណាត ជា​ប្រជាពលរដ្ឋ ដូច្នេះ​សូម​អ្នក​សារព័ត៌​មាន​និង​អ្នក​និយម​លេង​បណ្ដាញ​សង្គម​ហ្វេសប៊ុក កុំ​យល់​ច្រឡំ​ករណី​លោ​ក​អនុសេនីយ៍​ឯក​ អ៊ឹង​ ឡាយឆាយ ជា​មួយ​ប្រតិបត្តិ​ការ​របស់​សមត្ថកិច្ច​ក្នុង​ការ​បង្រ្កាប​បទ​ល្មើស​គ្រឿង​ញៀន​នៅ​ក្លឹប​កម្សាន្ត​រាត្រី​ គិរីរម្យ​ អាច​ជា​រឿងរ៉ាវ​ផ្សេង​របស់​គាត់​ក្នុង​ការ​បំពេញ​ភារកិច្ច​កន្លង​មក​ក្រៅ​ពី​កិច្ច​ប្រតិបត្តិការ​ខាង​លើ​៕

ហាមលួចចម្លងអត្ថបទ​ពីវេបសាយ Morningfresh.news ដោយគ្មានការអនុញ្ញាត
error: ហាម​លួចចម្លង​អត្ថបទ​នេះ!