បាត់ខ្លួនកុមារ ៣នាក់មួយយប់គ្មានអ្នកដឹង ព្រឹកឡើងទើបប្រទះឃើញកប់​ភក់ ​គួរឲ្យភ្ញាក់ផ្អើល

កុមារា​តូច​ៗ ​៣នាក់​ត្រូវ​បាន​បង​ប្អូន​សាច់​ញាតិ​ជួយ​សង្គ្រោះ​ទាន់​ពេល​​វេលា​នៅ​ព្រឹក​ថ្ងៃ​ទី ២៨ កក្កដា​នេះ​ដោយ​រូប​រាង​កាយ​ប្រឡាក់​ដោយ​ភក់​ពេញ​ខ្លួន​ ពេញ​មុខ​មើល​សឹង​មិន​ស្គាល់ ​បន្ទាប់​ពី​កប់​ក្នុង​ភក់​ទៅ​ណា​មិន​រួច​អស់​រយៈ​ពេល​ជា​ច្រើន​ម៉ោង ​មិន​មាន​អ្នក​ណា​ម្នាក់​បាន​ដឹង។ ​កុមារ​រងគ្រោះ​ទាំង​នេះ​អត់​បាយ​អត់​ទឹក​​ជា​យូរ​ ​ប៉ុន្តែ​មិន​បាន​គំរាម​កំហែង​ដល់​អាយុ​ជីវិត​ទេ។

តាម​សេចក្តី​រាយ​ការណ៍ពី​ពលរដ្ឋ​មក​ថា ក្មេង​ប្រុស​តូចៗ​៣នាក់​ជាបង​ប្អូន​ជីដូន​មួយ​នឹង​គ្នា រស់​នៅ​ឃុំទំនប់​រលក ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ ​បានបាត់​ខ្លួន​ចេញពីផ្ទះ ​តាំងពីម៉ោង​៥កន្លះ​ល្ងាច​ថ្ងៃ២៧ កក្កដា ២០១៩​ ក្នុង​នោះ​ខាង​សាច់​ញាតិ​ក៏​ដូចជា អ្នកភូមិ​បានដើរ​ស្វែង​រកពេញ​មួយ​យប់។

រហូត​ដល់ព្រឹក​ថ្ងៃ២៨ កក្កដា ២០១៩ នេះ​ទើប​ក្រុម​គ្រួសារ​សាច់​ញាតិ​បាន​ស្វែង​រក​ឃើញ កប់ក្នុង​ល្បាប់ភក់​នៅ​រណ្តៅដី​មួយ​កន្លែង​ជិតវត្ត​ពោធិមាន​ជយ័ ក្នុងឃុំ​កំពេញ ស្រុក​ស្ទឹងហាវ និងថា​ជា​សំណាង​បំផុត​ដែល​ក្មេង​ទាំង៣ នាក់នេះ​នៅមាន​ជីវិត ដោយគ្រាន់​តែអាការៈក្មេង​ប្រុស​តូចៗទាំង ៣នាក់​ហត់​ហេវ ហើយ​បច្ចុប្បន្ន​សាច់ញាតិ​បាន​នាំ​ទៅរក​ការ​សង្គ្រោះ​បន្ត​ហើយ។

ករណី​ក្មេង​តូចៗដែល​បាត់ខ្លួន​ពីផ្ទះ និងរក​ឃើញ​ក្មេងកប់​ក្នុងភក់​បែបនេះ ​លោកវរសេនីយ៍​ទោ​រស់ កី ​អធិការ​នគរបាល​ស្រុក​ស្ទឹងហាវ​ អោយ​​អ្នក​សារព័ត៌មាន​ដឹង​ថា ដំបូង​ក្មេងៗ​ទាំង៣​នាក់នេះ​រត់តាម​ឡាន​ដង្ហែរ​សពទៅ​កាន់​វត្ត​ពោធិមានជយ័ ដើម្បី​រើស​លុយដែល​គេបាច​តាម​ឡាន​ដង្ហែរ​សព​ និង​ថា​ក្រោយ​មក​ក្មេង​ៗទាំង ​៣នាក់​បាន​នាំគ្នា​ទៅ​លេងភក់​ក្នុង​រណ្តៅ​កាយដី​មួយក​ន្លែង​នៅជិត​វត្ត​ពោធិមានជយ័ ​បណ្តាល​អោយ​ជាប់​នៅក្នុង​ល្បាប់​ភក់នោះ និងថា​ដោយសារ​តែពេល​យប់មិន​មានមនុស្ស​ចាស់​នៅជិត​ឬក៍ឃើញ ទើប​ធ្វើអោយ​ក្មេងៗ ទាំង៣​នាក់ជាប់​នៅក្នុង​ល្បាប់​ភក់នេះ​ពេញមួយយប់ ទម្រាំដល់​សាច់ញាតិ​រកឃើញ៕

ហាមលួចចម្លងអត្ថបទ​ពីវេបសាយ Morningfresh.news ដោយគ្មានការអនុញ្ញាត
error: ហាម​លួចចម្លង​អត្ថបទ​នេះ!