រក​ណា​បាន!ប្ដី​នៅ​ផឹកប្រពន្ធ​សុខ​ចិត្ត​ចាំ​ក្នុង​ឡាន តែ​បើ​ស្ដាប់​ការ​រៀប​រាប់​វិញ​រឹត​តែ​រំភើប

រឿង​ផឹក​ស៊ី​ជួប​ជុំ​មិត្ត​ភក្តិ ប្រពន្ធ​ភាគ​ច្រើន​មិន​សូវ​ចូល​ចិត្ត​ទេ ហើយ​តែង​មាន​រឿង​ថ្នាំង​ថ្នាក់​នឹង​គ្នា​ជា​ញឹក​ញាប់។ ប៉ុន្តែ​ពេល​នេះ ស្រាប់​តែ​មាន​នារី​ជា​ប្រពន្ធ​ម្នាក់ បាន​បង្ហោះ​រៀប​រាប់​ពី​ការ​អង្គុយ​ចាំ​ប្ដី​ក្នុង​ឡាន ពេល​ប្ដី​កំពុង​ផឹក ធ្វើ​ឱ្យ​មាន​ការ​ចែក​រំលែក​ជាង ២​ពាន់​ដង ត្រឹម​ពេល​ដ៏​ខ្លី។

នារី​ជា​ប្រពន្ធ ដែល​មាន​ឈ្មោះ​លើ​គណនី Facebook ថា Li Ta បាន​សរសេរ​រៀប​រាប់​ថា៖ «តើ​មាន​មនុស្ស​ស្រី​ប៉ុន​ន្មា​ន​អ្នក​ដែល​ពេញចិត្ត​មក​អង្គុយចាំ​ប្តី​ផឹក​ស៊ី​បែប​នេះ ?​ មនុស្ស​ប្រុស​ចូលចិត្ត​សប្បាយ ចូលចិត្ត​ជួប​ជុំ​និយាយគ្នា​លេង រឺ​ពិភាគក្សា​គ្នា​រឿង​ការងារ​វា​តែងតែ​អម​នឹង​ស្រា​បៀរ​ទើប​និយាយ​គ្នា​ចូល មាន​តែ​មនុស្ស​ប្រុស​ទេ​ទើប​យល់​… តែ​មនុស្ស​ស្រី​មួយ​ចំនួន​គឺមិន​ចូលចិត្ត​អោយ​ប្តី​ផឹក​ស៊ី​នោះ​ទេ។

សំរាប់​ខ្ញុំ​វិ​ញ មិន​ហាម​ទេ ព្រោះ​គ្រប់​ពេល​ដែល​គាត់​ផឹក​ស៊ី​ម្តងៗ​តែងតែ​យក​ខ្ញុំ​ទៅតាម​គ្រប់ពេល ហើយ​ផឹក​ស៊ី​គឺ​ដឹង​ម៉ោង​ដឹង​វេលា​គឺ​ចូល​ផ្ទះ​ហើយ។ មនុស្ស​ប្រុស​គាត់​ត្រូវការ​ពេលវេលា​ខ្លះ​សំរាប់ខ្លួន​ឯង គ្រួរ​សារ នឹង​មិត្ត​ភ​កិ្ត វា​មិន​ខុស​អី​ពី​មនុស្ស​ស្រី​ទេ​ចូលចិត្ត​ស៊ូ​ប​ភី​ង ប្រពន្ធ​ល្អ​គួរតែ​បើក​សិទ្ធ​អោយ​គាត់​ធ្វើ​អ្វី​សំរាប់ខ្លួន​ឯង​ខ្លះ​ការផឹក​ស៊ី​វា​ជា​រឿង​ធម្មតា​របស់​មនុស្ស​ប្រុស​ទៅ​ហើយ។

សំខាន់​អោយតែ​គាត់​ស្រឡាញ់​យើង គោរ​ព​យើង ស្មោះត្រង់​នឹង​យើង ផ្តល់​តំ​លៃ​អោយ​យើង មិន​ធ្វើអោយ​យើង​ទឹកភ្នែក​ទៅ​បាន​ហើយ ត្រូវ​ចាំ​ខ្សែ​ចងរិត​តែ​ទឹង​វា​ងាយ​នឹង​ដាច់ មនុស្ស​ពី​នាក់​ស្រឡាញ់គ្នា​ត្រូវ​ចេះ​គោរព​គ្នា​ទៅ​វិ​ញ​ទៅ​មក​ទើប​មាន​ក្តី​សុខ​…»។

តាម​ពិត​ទៅ រឿង​ផឹក​ស៊ី​ជួប​ជុំ​គ្នា​សប្បាយ​របស់​មនុស្ស​ប្រុស មនុស្ស​ស្រី​មិន​សូវ​ចូល​ចិត្ត​នោះ​ទេ។ ប៉ុន្តែ​ពេល​ខ្លះ មនុស្ស​ប្រុស​ក៏​ត្រូវ​ការ​ពេល​វេលា​ផ្ទាល់​ខ្លួន ដើម្បី​ជួប​ជុំ​មិត្ត​ភក្តិ ព្រោះ​ការ​រាប់​អាន​មនុស្ស​ប្រុស​យ៉ាង​ជិត​ស្និទ្ធ ភាគ​ច្រើន​កើត​ចេញ​ពី​ការ​ផឹក​ស៊ី​នេះ​ឯង។ បើ​អ្នក​ធ្វើ​ការ​ទៀត រឹត​តែ​ត្រូវ​បង្ខំ​ចិត្ត​ក្លាយ​ជា​មនុស្ស​ផឹក​នឹង​គេ ទើប​អាច​មាន​ខ្សែ​បណ្ដាញ និង​ដឹង​រឿង​ច្រើន​ពី​ការងារ​ជុំ​វិញ​ខ្លួន។

ការ​លើក​ឡើង​បែប​នេះ មិន​មែន​លើក​ទឹក​ចិត្ត​ឱ្យ​មាន​ការ​ផឹក​ស៊ី​នោះ​ទេ ប៉ុន្តែ​ការ​ជួប​ជុំ​គ្នា​ម្ដង​ម្កាល​ជា​រឿង​ផ្សេង។ ពេល​មាន​កម្មវិធី បុណ្យ​ទាន ឬ​ជប់​លៀង ដែល​តម្រូវ​ឱ្យ​ចូល​រួម គួរ​តែ​បើក​ចិត្ត​ទូលាយ​ឱ្យ​បុរស ព្រោះ​ខ្លួន​ឯង​ពេល​ខ្លះ ក៏​ត្រូវ​មាន​កម្មវិធី​ជួប​ជុំ​មិត្ត​ភក្តិ ឬ​ដើរ​ហាង​ដូច​គ្នា។ បុរស​ដែល​ល្អ​ត្រឹម​ត្រូវ គឺ​តែង​ផឹក​ជួប​ជុំ​គ្នា​នៅ​ផ្ទះ​បែប​នេះ មិន​មែន​ទៅ KTV ស្រែក​ច្រៀង​សប្បាយ​ឱប​ស្រី​ផ្សេង​ឡើយ។

បុរស​ក៏​ដូច​គ្នា មិន​គួរ​ផឹក​ស៊ី​ជួប​ជុំ មាន​កម្មវិធី​ច្រើន​ពេក​ឡើយ ព្រោះ​នារី​ជា​ប្រពន្ធ​តែង​បារម្ភ​ជាប់​ជានិច្ច នៅ​ពេល​ដែល​ប្ដី​មិន​នៅ​ផ្ទះ​ពេល​យប់​ព្រលប់។ ការ​ផឹក​ស៊ី បើ​អាច​ធ្វើ​ឡើង​នៅ​ផ្ទះ​ដូរ​វេន​គ្នា ជា​រឿង​ល្អ​បំផុត​ហើយ ព្រោះ​ប្រពន្ធ​អាច​ចូល​រួម​បាន​ដែរ។ បើ​ចេះ​យល់​គ្នា​ទៅ​វិញ​ទៅ​មក​បែប​នេះ ជា​រឿង​ល្អ និង​មាន​សុភមង្គល​បំផុត។ នៅ​ម្នាក់​ឯង សប្បាយ​តាម​បែប​ម្នាក់​ឯង ប៉ុន្តែ​ពេល​មាន​ប្រពន្ធ​ហើយ គួរ​សប្បាយ​តាម​បែប​គ្រួសារ កុំ​គិត​តែ​ខ្លួន​ឯង​ទៀត៕ អត្ថបទ៖ ជិន ស៊ីវត្ថា

ហាមលួចចម្លងអត្ថបទ​ពីវេបសាយ Morningfresh.news ដោយគ្មានការអនុញ្ញាត
error: ហាម​លួចចម្លង​អត្ថបទ​នេះ!