ទៅដណ្ដឹងកូនក្រមុំ បែរគេលើកឲ្យទទេៗថែមទាំងប្រគល់មុខជំនួញលុយឡាន តែមាន​លក្ខខណ្ឌតែ១គត់

​នេះ​គឺជា​រឿងរ៉ាវ​មួយ​ដែល​គួរឲ្យ​ចាប់អារម្មណ៍​ និង​ផ្ដល់​ការ​គិតដល់​យើង​គ្រប់គ្នា ​ទើប​ចង់​យក​មក​ចែក​រំលែក​ទុក​គ្រាន់​ពិចារណា​។ ធម្មតា​ជា​ឪពុក​ជា​ម្ដាយ​គេ ខ្ញុំ​ជឿថា​អ្នកណា​ក៏​ស្រលាញ់​ និង​បារម្ភ​កូន​នោះ​ដែរ​ ជាពិសេស​កូនស្រី​ព្រោះ​គាត់​ចិញ្ចឹម​បីបាច់​តាំង​ពី​តូច​មក ទើប​ចង់​ឲ្យ​ទាំង​ពីរ​ភាគី​យល់​ចំពោះ​រឿង​នេះ ព្រោះ​គ្រួសារ​នីមួយៗ​ក៏​ត្រូវ​ចាប់ផ្ដើម​វា​ដោយ​ខ្លួនឯង ទើប​ចង់​ឲ្យ​ឪពុក​ម្ដាយ​គ្រប់រូប​បាន​យល់ដឹង​។

​ខ្ញុំ​បាន​ស្គាល់​ជាមួយ​និង​នារី​​ម្នាក់ ខ្ញុំ​ស្រលាញ់​នាង​ខ្លាំងណាស់​ហើយ​ចង់​រៀបការ​សាង​គ្រួសា​ជាមួយ​នាង​ឆាប់ៗ ហើយ​នាំ​​នាង​មក​នៅ​​ខាង​ខ្ញុំ​ទៀត​ផង​។ ថ្ងៃនេះ​ខ្ញុំ​កំពុង​ទៅ​ផ្ទះ​របស់​នាង​ដើម្បី​ស្ដីដណ្ដឹង​នាង​ពី​ឪពុក​ម្ដាយ​របស់​នាង​។ ផ្ទះ​របស់​ខ្ញុំ​មាន​ជីវភាព​សាមញ្ញ កាលពី​ប៉ុន្មាន​ឆ្នាំមុន ​ម្ដាយ​របស់​ខ្ញុំ​បាន​ខ្ចី​លុយគេ​មក​ធ្វើ​ផ្ទះ​ឲ្យ​ខ្ញុំ រហូត​មកដល់​ពេលនេះ​ខ្ញុំ​បង់​រំលស់​វា​ជិត​គ្រប់​អស់ហើយ ពេលនេះ​ខ្ញុំ​មាន​លុយ​មួយចំនួន​ដែល​ល្មម​អាច​ជា​បណ្ដា​ការ​ទៅ​ស្ដី​ដណ្ដឹង​នាង​រៀបការ​។

​ពេល​ខ្ញុំ​ទៅដល់​ផ្ទះ​របស់​នាង ឪពុក​ម្ដាយ​របស់​នាង​ឲ្យ​ខ្ញុំ​អង្គុយ​ចុះ​ហើយ​សួរ​ខ្ញុំ​ថា​ “​អ៊ំ​បាន​ឮ​កូនស្រី​អ៊ំប្រាប់​ថា​ ក្មួយ​មាន​ផ្ទះ​ជា​របស់​ខ្លួនឯង​មែន​ទេ​? តែ​ឃើញ​ថា​មិន​ទាន់​បង់​រំលស់​អស់​នោះ​ទេ ត្រូវ​ដែរ​ទេ​?”

​ក្នុង​ចិត្ត​ខ្ញុំ​ក៏​នៅតែ​មិន​យល់ថា ឪពុក​របស់​នាង​កំពុង​តែ​ចង់​បាន​ន័យថា​ម៉េច​? បន្ទាប់​មក​ឪពុក​នាង​និយាយ​បន្ដទៀតថា “តែ​ក្មួយ​មិនបាច់​បារម្ភ​ទេ ផ្ទះ​មួយ​ខ្នង​នោះ ក្មួយ​មិន​ចាំបាច់​យក​មក​ជា​បណ្ដា​ការ​នោះទេ អ៊ំ​មិនបាន​ត្រូវការ​អ្វី​ឡើយ លុយកាក់​អ៊ំ​ក៏​មិន​ចង់បាន​ដែរ ព្រោះ​គ្រួសារ​របស់​យើង​មាន​គ្រប់​យ៉ាង​អស់​ទៅ​ហើយ អ៊ំ​អាច​ប្រគល់​ផ្ទះ​មួយ​ខ្នង​ទៀត​ឲ្យ​ក្មួយ​ក៏​បាន​ដែរ​”។

​ខ្ញុំ​មាន​អារម្មណ៍​ប្លែក​ក្នុង​ចិត្ត​យ៉ាងខ្លាំង ដែល​ឪពុក​របស់​នាង​ចង់​​ប្រគល់​ផ្ទះ​ឲ្យ តែ​ហេតុ​អ្វី​ទើប​ព្រម​ឲ្យ​ទទេៗ​នោះ​? ឬ​គាត់​ចង់ឲ្យ​ខ្ញុំ​រើ​ផ្ទះ​មក​នៅ​ខាង​ស្រី តែ​មើលទៅ​ដូចជា​មិន​សម​ទាល់តែសោះ វា​នឹង​ក្លាយ​ទៅជា​​ថា​ខ្ញុំ​មក​តោង​គ្រួសារ​របស់​នាង​ទេ​ដឹង​?? តែ​នៅក្នុង​ចិត្ត​ក៏​លួច​សប្បាយចិត្ត​ បើសិន​បែប​នោះ​ពិតមែន​ក៏​ល្អ ព្រោះ​ខ្ញុំ​នឹង​មិន​លំបាក​ទៀត​ទេ ប្រញាប់​បង់​រំលស់​ផ្ទះ​ឲ្យ​អស់ ថែមទាំង​មាន​លុយ​សល់​ទៅធ្វើ​អ្វី​ផ្សេង​បាន​ទៀត​។

​ខ្ញុំ​ងើបឈ​រហើយ​ឆ្លើយ​ត្រឡប់​ទៅ​ថា ​ដូចជា​មិន​សម​ទេ អ៊ំ!! ចុះ​ឪពុកម្ដាយ​ខ្ញុំ​នោះ អ្នក​ទាំង​ពីរ​យក​ពួក​គាត់​ទៅ​ទុក​នៅ​ឯណា​? មិន​អាច​ទៅរួច​ទេ​ដែល​ខ្ញុំ​អាច​បាន​ត្រឹមតែ​នាំ​នាង​ត្រឡប់​មក​ផ្ទះ​លោក​ទាំង​ពីរ​នៅ​រាល់​ថ្ងៃ​បុណ្យ​ទាន ខ្ញុំ​ក៏​មាន​ផ្ទះ​របស់​ខ្ញុំ​ដែរ​ទេ។ ​ឪពុក​របស់​នាង​ឆ្លើយ​ត្រឡប់​ទៅ​វិញ​ថា “​សាក​យក​ទៅ​គិត​មើល​ឲ្យ​ល្អ​សិន​ទៅ ខ្ញុំ​មាន​តែ​លក្ខខណ្ឌ​មួយ​ប៉ុណ្ណោះ ​ក្រៅពី​នោះ​ក្មួយ​ចង់បាន​អ្វី​មិន​ថា​ជា​ផ្ទះ ឡាន មុខ​ជំនួញ ខ្ញុំ​អាច​ឲ្យ​ក្មួយ​គ្រប់យ៉ាង សុំ​ត្រឹមតែ​ក្មួយ​នាំ​កូនស្រី​របស់​អ៊ំ​មក​នៅ​ក្បែរ​អ៊ំ​ ព្រោះ​មិន​ចង់​ឲ្យ​កូនស្រី​អ៊ំ​ចាក​ឆ្ងាយ​ពី​អ៊ំទេ​”។

​ខ្ញុំ​គិត​មិន​ចេញ មិនដឹងថា​ត្រូវ​ធ្វើ​យ៉ាងណា​ល្អ ខ្ញុំ​យល់​ហេតុផល​ដែល​ឪពុក​នាង​ធ្វើ​បែប​នេះ ព្រោះ​ពួក​គាត់​ទាំង​ស្រលាញ់ ​ទាំង​បារម្ភ មិន​ចង់​ឲ្យ​កូនស្រី​ទៅ​នៅឯណា​ឆ្ងាយ តែ​ពេល​ខ្លះ​លក្ខខណ្ឌ​របស់​ពួកគាត់​ធ្វើឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា ​បិទ​សិទ្ធិ​របស់​ខ្ញុំ​ខ្លាំង​ពេក​ដែរ​។ ពួកគាត់​ឲ្យ​អាទិភាព​ចំពោះ​គ្រួសារ​របស់​ពួក​គាត់​តែ​ប៉ុណ្ណោះ រហូត​គាត់​មើលរំលង​គ្រួសារ​របស់​ខ្ញុំ ហើយ​អាត្មានិយម​រហូត​ មិន​នឹក​ដល់​ឪពុក​ម្ដាយ​របស់​ខ្ញុំ​ថា​ពួកគាត់​នឹង​គិត​យ៉ាង​ណា ប្រសិនបើ​ខ្ញុំ​ឲ្យ​អាទិភាព​ចំពោះ​ឪពុក​ម្ដាយ​ខ្ញុំ​តិចជាង​មុន គ្មាន​ពេល​ត្រឡប់​ទៅ​លេង ឬ​ក៏​មិន​បាន​ទៅ​ចូល​រួម​កម្មវិធី​ផ្សេង​ៗ​ជាមួយ​ពួកគាត់ តើ​ពួកគាត់​នឹង​គិត​យ៉ាងណា​។

​ខ្ញុំ​មិន​ដឹង​ថា​សម្រេចចិត្ត​ត្រូវ​ ឬ​ខុស​នោះ​ទេ មិន​ថា​ខ្ញុំ​ស្រលាញ់​ និង​ចង់​រៀបការ​ជាមួយ​នាង​ខ្លាំង​ប៉ុនណា​ មិន​ថា​ឪពុក​របស់​នាង​ផ្ដល់​គ្រប់​យ៉ាង​ឲ្យ​ខ្ញុំ​ទាំង​លុយកាក់ ​ផ្ទះសម្បែង​ និង​រថយន្ដ តែ​ប្រសិន​ជា​ឲ្យ​ខ្ញុំ​ប្ដូរ​តួនាទី​ជា​កូន​ល្អ ឲ្យ​ខ្ញុំ​កាត់បន្ថយ​អាទិភាព​ឃ្លាត​ឆ្ងាយ​ចំពោះ​គ្រួសារ​ខ្លួនឯង​ខុស​ទំនៀម​ទម្លាប់​អ្នក​ស្រុក​អ្នក​ភូមិ ​ហើយ​ឲ្យអាទិភាព​ទៅ​គ្រួសារ​ពួក​គាត់​ច្រើនជាង ខ្ញុំ​ប្រហែល​ជា​ធ្វើ​មិន​បាន​នោះទេ​។ មិន​ថា​យ៉ាងណា ​ចុងក្រោយ​ខ្ញុំ​ក៏​ត្រូវ​រើស​ឪពុកម្ដាយ​ខ្ញុំ​ស្រាប់​ហើយ៕ ចុះ​មិត្ត​អ្នក​អាន បើ​ស្ថិត​ក្នុង​កាលៈទេសបែប​នេះ ​ជ្រើស​នៅ​ជាមួយ​ឪពុក​ម្ដាយ​បង្កើត ឬ​ខាង​ឪពុក​ម្ដាយ​ក្មេក? (ប្រែ​សម្រួល៖​ណុច Morningfresh)

ហាមលួចចម្លងអត្ថបទ​ពីវេបសាយ Morningfresh.news ដោយគ្មានការអនុញ្ញាត
error: ហាម​លួចចម្លង​អត្ថបទ​នេះ!